Site icon Tech Khmer

គណនី​អ្នក​ប្រើ Zoom រាប់​ម៉ឺន​ត្រូវ​បាន​ដាក់​លក់​លើ Dark Web

គណនី​អ្នក​ប្រើប្រាស់​កម្មវិធី Zoom ប្រមាណ ៥៣​ម៉ឺន​គណនី (៥៣០ ០០០) ត្រូវ​បាន​ដាក់​លក់​លើ Dark Web។

គណនី​អ្នក​ប្រើប្រាស់​កម្មវិធី Zoom ប្រមាណ ៥៣​ម៉ឺន​គណនី (៥៣០ ០០០) ត្រូវ​បាន​ដាក់​លក់​លើ Dark Web។

គណនី​អ្នក​ប្រើប្រាស់​កម្មវិធី Zoom ប្រមាណ ៥៣​ម៉ឺន​គណនី (៥៣០ ០០០) រួម​មាន​ទាំង​ពាក្យ​សម្ងាត់ (password) និង​អ៊ីមែល (email address) ត្រូវ​បាន​គេ​ដាក់​លក់​នៅ​លើ​វេបសាយ Dark Web នៅ​ពេល​ថ្មីៗ​នេះ។

ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត (cybersecurity) ឈ្មោះ Cyble បាន​ទិញ​ទិន្នន័យ​នៃ​គណនី​អ្នក​ប្រើប្រាស់​កម្មវិធី Zoom នេះ​ពី Dark Web ដើម្បី​ជូន​ដំណឹង​អំពី​ការ​លេច​ធ្លាយ​ទិន្នន័យ​ទៅ​ដល់​អតិថិជន។ ទិន្នន័យ​គណនី​អ្នក​ប្រើប្រាស់​កម្មវិធី Zoom នៅ​លើ Dark Web នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា​ចាប់ផ្ដើម​ឃើញ​នៅ​ដើម​ខែ​មេសា។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​វេបសាយ BleepingComputer

BleepingComputer ឱ្យ​ដឹង​បន្ត​ថា ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​កម្មវិធី Zoom ត្រូវ​បាន​ហេគឃឺ (Hackers) លួច​យក​តាម​រយៈ​តិចនិក credential stuffing។ ហេគឃឺ​ប្រើប្រាស់​គណនី​ដែល​បាន​បែកធ្លាយ​កាល​ពី​លើក​មុន ដើម្បី​ព្យាយាម​ចូល​ប្រើប្រាស់​កម្មវិធី Zoom។ នៅ​ពេល​ហេគឃឺ Login បាន​ជោគជ័យ គឺ​គណនី​នឹង​ត្រូវ​កត់ត្រា​ចូល​ទៅ​ក្នុង​បញ្ជី​ដើម្បី​លក់​ទៅ​ឱ្យ​ហេគឃឺ​ផ្សេងៗ​ទៀត។

គណនី​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ឱ្យ​យក​ដោយ​មិន​គិត​ថ្លៃ​នៅ​លើ Dark Web ខណៈ​គណនី​ផ្សេង​ទៀត​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​តិច​ជាង​មួយ​កាក់​ក្នុង​មួយ​គណនី។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Zoom ប្រាប់​កាសែត FOX Business តាម​រយៈ​អ៊ីមែល​ថា «ជាទូទៅ ការ​វាយប្រហារ​ប្រភេទ​នេះ​មិន​ប៉ះពាល់​ដល់​អតិថិជន​ដ៏​ច្រើន​របស់​យើង​ដែល​ប្រើ​ប្រព័ន្ធ​ចូល​តែ​មួយ (single sign-on) របស់​ពួក​គេ​ទេ។» អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា «យើង​បន្ត​ស៊ើបអង្កេត បិទ​ដំណើរការ​គណនី​ដែល​ត្រូវ​បាន​ជ្រៀត​ចូល ស្នើសុំ​អ្នក​ប្រើប្រាស់​ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់​ឱ្យ​កាន់​តែ​រឹងមាំ និង​កំពុង​សម្លឹង​មើល​ការ​អនុវត្ត​ដំណោះស្រាយ​បច្ចេកវិទ្យា​បន្ថែម​ទៀត ដើម្បី​ជំរុញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង។»

កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រុមហ៊ុន Zoom ត្រូវ​បាន​គេ​ប្ដឹង​រួម​ជាមួយ​នឹង​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) និង LinkedIn ដោយសារ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កត់ត្រា​ការ​ហៅ​របស់​អ្នក​ប្រើប្រាស់​ដើម្បី​ទទួល​បាន​ព័ត៌មាន​ផ្ទាល់​ខ្លួន។ លើស​ពី​នេះ ក្រុមហ៊ុន Zoom ក៏​ត្រូវ​បាន​ម្ចាស់​ភាគហ៊ុន​ម្នាក់​ប្ដឹង​កាល​ពី​សប្ដាហ៍​មុន​ដែរ៕

Comments

Exit mobile version