Site icon Tech Khmer

TikTok លួច​ប្រមូល MAC Address ពី​អ្នក​ប្រើ Android ជិត​២​ឆ្នាំ

កម្មវិធី​ទូរស័ព្ទ TikTok

កម្មវិធី​ទូរស័ព្ទ TikTok

កម្មវិធី TikTok ដែល​ជា​កម្មវិធី​កំពុង​ល្បី​របស់​ប្រទេស​ចិន លួច​ប្រមូល​យក​ទិន្នន័យ MAC Address របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អស់​រយៈពេល ១៨​ខែ​ដែល​រំលោភ​បំពាន​ទៅ​លើ​គោលការណ៍។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Wall Street Journal នៅ​ថ្ងៃ​អង្គារ។

អាសយដ្ឋាន MAC ឬ MAC Address គឺជា​អាសយដ្ឋាន​ដែល​មិន​ជាន់​លេខ​គ្នា​សម្រាប់​សម្គាល់​ឧបករណ៍​អេឡិចត្រូនិក​នីមួយៗ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ភ្ជាប់​ទៅ​កាន់​បណ្ដាញ ឬ​អ៊ីនធឺណិត។ MAC address ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង hardware នៅ​ពេល​រោងចក្រ​បង្កើត​ឧបករណ៍​អេឡិចត្រូនិក។

គិត​ត្រឹម​ឆ្នាំ​២០១៥ ទាំង Apple Store និង Google Play Store ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ទាញ​យក​អាសយដ្ឋាន MAC ឡើយ ដោយសារ​វា​ខុស​នឹង​គោលការណ៍ ប៉ុន្តែ​កម្មវិធី TikTok នៅតែ​អាច​ទាញ​យក​អាសយដ្ឋាន MAC តាមរយៈ​ចន្លោះ​ប្រហោង​របស់​ប្រព័ន្ធ​ប្រតិបត្តិការ។

The Wall Street Journal ដកស្រង់​ពី​ការ​សិក្សា​មួយ​បង្ហាញ​ថា កម្មវិធី​ប្រមាណ 350 apps នៅ​លើ Google Play Store បាន​ប្រើប្រាស់​ចន្លោះ​ប្រហោង​នេះ​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

ទោះជាយ៉ាងណា កម្មវិធី TikTok បាន​បញ្ចប់​ការ​ទាញ​យក​អាសយដ្ឋាន MAC នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ជា​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​មួយ​ដែល The Wall Street Journal ចាត់ទុក​ថា​ដោយសារ​សម្ពាធ​នយោបាយ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington)។

តំណាង TikTok បញ្ជាក់​ថា​កម្មវិធី​នេះ​លែង​ទាញ​យក​អាសយដ្ឋាន MAC address ទៀត​ហើយ។ តំណាង​បន្ត​ថា «យើង​តែងតែ​ធ្វើ​បច្ចុប្បន្នភាព app របស់​យើង​ដើម្បី​តាមដាន​បញ្ហា​សន្តិសុខ​របស់​កម្មវិធី ហើយ​កំណែ​បច្ចុប្បន្ន​របស់ TikTok មិន​ទាញ​យក​អាសយដ្ឋាន MAC address ទៀត​ទេ។ យើង​តែងតែ​លើកទឹកចិត្ត​អ្នក​ប្រើប្រាស់​ទាញ​យក (download) កម្មវិធី TikTok ជំនាន់​ថ្មី​បំផុត»។

យ៉ាងណាមិញ កម្មវិធី TikTok កំពុង​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​ប្រទេស​ធំៗ​មួយចំនួន ដូចជា​ប្រទេស​ឥណ្ឌា និង​សហរដ្ឋ​អាមេរិក ជាដើម។

បច្ចុប្បន្ន ក្រុមហ៊ុន​របស់ TikTok កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Microsoft ទាក់ទង​នឹង​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក បន្ទាប់ពី​សេតវិមាន​ចេញ​បទបញ្ជា​ប្រតិបត្តិ​មួយ​កាត់ផ្ដាច់​រាល់​ប្រតិបត្តិការ​របស់​អាមេរិក​ជាមួយ​ក្រុមហ៊ុន​របស់ TikTok ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​ការ​ចរចា​នឹង​ប្រើ​រយៈពេល​ប៉ុន្មាន​នោះ​ទេ៕

Comments

Exit mobile version