រដ្ឋាភិបាលឥណ្ឌា ប្រកាសហាមឃាត់កម្មវិធីបណ្ដាញសង្គមដ៏ល្បីឈ្មោះ TikTok រួមទាំងកម្មវិធីទូរស័ព្ទចំនួន ៥៨ផ្សេងទៀតរបស់ប្រទេសចិន មិនឱ្យដំណើរការនៅក្នុងប្រទេសរបស់ខ្លួន។
សារព័ត៌មាន ZDNet ចុះផ្សាយនៅចុងខែមិថុនា ឱ្យដឹងថា ការប្រកាសហាមឃាត់នេះបន្ទាប់ពីកងកម្លាំងយោធាឥណ្ឌាប៉ះទង្គិចជាមួយកងទ័ពប្រទេសចិន ក្នុងតំបន់ឡាដាក (Ladakh) ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅនេះ។ យ៉ាងហោចណាស់យោធាឥណ្ឌា ២០នាក់បានបាត់បង់ជីវិត និងរបួសជាង ៧៥នាក់នៅក្នុងការប៉ះទង្គិចគ្នានោះ។
រដ្ឋាភិបាលញូវដេលី (New Delhi) និយាយថាកម្មវិធីស្មាតហ្វូនចំនួន ៥៩កម្មវិធី (apps) ត្រូវបានគេប្រើប្រាស់ដើម្បីប្រមូលយកទិន្នន័យរបស់ប្រជាជនឥណ្ឌា និងត្រូវបានបញ្ជូនទៅកាន់ម៉ាស៊ីនមេ (servers) នៅប្រទេសចិន។ មន្ត្រីរដ្ឋាភិបាលឥណ្ឌា ជឿជាក់ថាទិន្នន័យទាំងនោះត្រូវបានគេធ្វើការវិភាគ និងប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់នៅឥណ្ឌា ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងការការពារជាតិនៃប្រទេសឥណ្ឌា។
រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសឥណ្ឌា ដែលជាអ្នកចេញបទបញ្ជានេះនិយាយថា មជ្ឈមណ្ឌលសម្របសម្រួលឧក្រិដ្ឋកម្មអ៊ីនធឺណិតឥណ្ឌា (Indian Cyber Crime Coordination Center) នៃក្រសួងការពារសន្តិសុខផ្ទៃក្នុង (Ministry of Home Affairs) ណែនាំយ៉ាងតឹងរ៉ឹងឱ្យពួកគេហាមឃាត់កម្មវិធីស្មាតហ្វូនរបស់ប្រទេសចិនចំនួន ៥៩កម្មវិធី។ បន្ថែមលើនេះ ក្រសួងក៏បានឱ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់អំពីកុំព្យូទ័រនៃប្រទេសឥណ្ឌា (CERT-IN) ក៏បានទទួលបណ្ដឹងពីអ្នកប្រើប្រាស់អំពីឯកជនភាព និងសន្តិសុខដែលពាក់ព័ន្ធនឹងកម្មវិធីទាំងអស់នោះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ZDNet និយាយបន្តក្នុងអត្ថបទរបស់ខ្លួនថា បច្ចុប្បន្នគេមិនទាន់ដឹងច្បាស់នៅឡើយទេថា រដ្ឋាភិបាលឥណ្ឌានឹងចាត់វិធានការហាមឃាត់នេះដោយរបៀបណានៅឡើយក្នុងកម្រិតបច្ចេកទេស ពីព្រោះកម្មវិធីទូរស័ព្ទទាំងនោះនៅតែមានវត្តមាននៅលើ app stores ហើយវាក៏នៅដំណើរការធម្មតានៅក្នុងប្រទេសឥណ្ឌានៅឡើយ។ គេមិនទាន់ដឹងច្បាស់ថា រដ្ឋាភិបាលឥណ្ឌា នឹងស្នើសុំ app stores លុបកម្មវិធីទាំងនោះចេញពីប្រទេសឥណ្ឌា ឬក៏ប្រើប្រាស់ក្រុមហ៊ុនអ៊ីនធឺណិតក្នុងស្រុក (ISP) ដើម្បីរាំងខ្ទប់ (block) កម្មវិធីទាំងនោះ។
កម្មវិធីរបស់ប្រទេសចិន បង្ហាញខាងក្រោមនេះ គឺជាកម្មវិធីដែលរដ្ឋាភិបាលឥណ្ឌា ហាមឃាត់៖
- TikTok
- Shareit
- Kwai
- UC Browser
- Baidu map
- Shein
- Clash of Kings
- DU battery saver
- Helo
- Likee
- YouCam makeup
- Mi Community
- CM Browers
- Virus Cleaner
- APUS Browser
- ROMWE
- Club Factory
- Newsdog
- Beutry Plus
- UC News
- QQ Mail
- Xender
- QQ Music
- QQ Newsfeed
- Bigo Live
- SelfieCity
- Mail Master
- Parallel Space
- Mi Video Call – Xiaomi
- WeSync
- ES File Explorer
- Viva Video – QU Video Inc
- Meitu
- Vigo Video
- New Video Status
- DU Recorder
- Vault- Hide
- Cache Cleaner DU App studio
- DU Cleaner
- DU Browser
- Hago Play With New Friends
- Cam Scanner
- Clean Master – Cheetah Mobile
- Wonder Camera
- Photo Wonder
- QQ Player
- We Meet
- Sweet Selfie
- Baidu Translate
- Vmate
- QQ International
- QQ Security Center
- QQ Launcher
- U Video
- V fly Status Video
- Mobile Legends
- DU Privacy