Apple បានបញ្ឈប់វិស្វករម្នាក់ពីការងារ ដោយសារអនុញ្ញាតឲ្យកូនស្រីរបស់គាត់បង្ហាញទូរស័ព្ទ iPhone X មួយគ្រឿងនៅលើបណ្ដាញសង្គមយូធូប (YouTube) ដែលទូរស័ព្ទនេះមិនទាន់ចេញលក់នៅលើទីផ្សារនៅឡើយ។ នេះបើតាមការចុះផ្សាយរបស់ Business Insider។
កាលពីសប្ដាហ៍មុន គណនី YouTube ឈ្មោះ Brooke Amelia Peterson បានបង្ហោះវីដេអូមួយដែលបង្ហាញពីទូរស័ព្ទ iPhone X របស់ឪពុករបស់នាង នៅក្នុងហាងកាហ្វេរបស់ក្រុមហ៊ុន Apple និងបានបង្ហាញមុខងារមួយចំនួនរបស់ទូរស័ព្ទ iPhone X ទៀតផង។ វីដេអូនេះត្រូវបានចាត់ថ្នាក់នៅក្នុងវីដេអូដែលពេញនិយម ប៉ុន្តែក៏ត្រូវបានដកចេញពី YouTube វិញដែរ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសប្ដាហ៍នេះ Peterson បានពន្យល់នៅក្នុងវីដេអូថ្មីមួយទៀតថា វីដេអូដែលនាងបានបង្ហោះកាលពីសប្ដាហ៍មុននោះ ត្រូវបានដកចេញវិញតាមការស្នើសុំពីក្រុមហ៊ុន Apple ហើយឪពុករបស់នាងឈ្មោះ Ken Bauer ជាវិស្វករនៅក្រុមហ៊ុន Apple ត្រូវបានបញ្ឈប់ពីការងារ។
នាង Peterson និយាយនៅក្នុងវីដេអូថា “ក្រុមហ៊ុន Apple អនុញ្ញាតឲ្យគាត់ឈប់ (ឪពុកនាង)“។ នាងបន្តថា “នៅថ្ងៃចុងក្រោយ នៅពេលដែលអ្នកធ្វើការឲ្យ Apple វាមិនសំខាន់ថាអ្នកជាមនុស្សល្អកម្រិតណានោះទេ ប្រសិនបើអ្នកបំពានច្បាប់ ពួកគេមិនអត់ឱនឲ្យទេ“។