នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជូនដំណឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យមានការប្រុងប្រយ័ត្នចំពោះការបោកប្រាស់ថ្មីមួយដែលបន្លំខ្លួនជាក្រុមហ៊ុន Meta (Facebook) ដោយផ្ញើសារ និងតម្រូវឱ្យយើងចុចលើតំណភ្ជាប់ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់យើង និងឈានដល់ការគ្រប់គ្រងទំព័រហ្វេសប៊ុករបស់យើងបានទាំងស្រុង។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នេះ នៅក្នុងទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះសារ រួមជាមួយរូបភាពនៃសារបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដោយបញ្ជាក់ថា នេះគឺជាទម្រង់បោកប្រាស់ដែលបន្លំខ្លួនជា META ឬជា Facebook ដើម្បីឱ្យយើងចុចតំណភ្ជាប់ ហើយលួចយកនូវព័ត៌មានរបស់យើង។
នាយកដ្ឋានក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម សូមកុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ ដែលតម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ។
ទោះយ៉ាងណា នៅក្នុងសាររបស់ក្រុមឧក្រិដ្ឋជនដែលត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាផ្សព្វផ្សាយនៅថ្ងៃនេះ គឺរៀបរាប់ថា ទំព័រហ្វេសប៊ុករបស់យើងនឹងត្រូវផ្អាក ដោយសារទំព័រហ្វេសប៊ុករបស់យើងបានបំពានលើគោលការណ៍ស្តង់ដាររបស់សហគមន៍ហ្វេសប៊ុក ដែលមានមនុស្សជាច្រើនបានរាយការណ៍ ហើយក្នុងសារដដែលនោះ ក្រុមជនខិលខូចតម្រូវឱ្យយើងចុចលើតំណភ្ជាប់បោកប្រាស់ (Phishing link) ដើម្បីបញ្ជាក់ពីការតវ៉ារបស់យើងក្នុងរយៈពេល ២៤ម៉ោង បើមិនដូច្នោះទេ គេនឹងលុបទំព័រហ្វេសប៊ុករបស់យើងចេញពីប្រព័ន្ធរបស់គេ។
ចូរចងចាំថា ក្រុមហ៊ុនហ្វេសប៊ុក ឬ Meta មិនដែលផ្ញើសារទៅកាន់ Messenger របស់យើងទាក់ទងនឹងការបំពានគោលការណ៍សហគមន៍ ឬតម្រូវឱ្យចុចលើតំណភ្ជាប់នោះទេ។
ដើម្បីដឹងថាអ្នកបំពាននឹងគោលការណ៍របស់ហ្វេសប៊ុកដែរឬអត់ នោះអ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ៖
- បើកដំណើរការ Facebook App ឬចូលតាម Browser ណាមួយ
- ចុចលើរូបប្រូហ្វាល់
- ចុចលើពាក្យ Help & Support
- រួចជ្រើសយក Support Inbox
- ចុចលើ Your Alerts ដើម្បីឆែកមើលការជូនដំណឹងផ្សេងៗពីក្រុមហ៊ុនហ្វេសប៊ុក៕