នៅសប្ដាហ៍ក្រោយនេះ វេទិកាអន្តរជាតិមួយនឹងត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញដែលមានឈ្មោះថា «វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា–អន្តរជាតិ»។
តាមរយៈការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក វេទិការដ្ឋភិបាលឌីជីថល ឲ្យដឹងថា វេទិកានេះនឹងប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ H-L) ចាប់ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ ហើយប្រិយមិត្តដែលចូលចិត្តខាងបច្ចេកវិទ្យា ឬចង់ឈ្វេងយល់បន្ថែមអំពីបច្ចេកវិទ្យា គឺអាចចូលរួមបានដោយសេរី។
អ្វីទៅជាវេទិការដ្ឋាភិបាលឌីជីថល?
វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum ហៅកាត់ថា DGF) គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ នេះបើតាមទំព័រហ្វេសប៊ុក វេទិការដ្ឋាភិបាលឌីជីល។
វេទិការដ្ឋាភិបាលឌីជីថល ឬ DGF គឺជាសកម្មភាពអាទិភាពមួយក្នុងចំណោមសកម្មភាពចំនួន ៨៣ ដែលរៀបចំឡើងដើម្បីបង្ហាញពីសមិទ្ធផលការកសាងរដ្ឋាភិបាលឌីជីថល និងបង្កើតឱកាសជំរុញទំនាក់ទំនងវិស័យសាធារណៈ ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ សម្រាប់ការវិនិយោគ ការផ្តល់សេវា និងដំណោះស្រាយបច្ចេកទេស ការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តសម្រាប់ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។
តើអ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍អ្វី?
- ឈ្វេងយល់អំពីរដ្ឋាភិបាលឌីជីថល និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថល
- ទទួលបានបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងការសាកល្បងផ្ទាល់នូវឧបករណ៍បច្ចេកវិទ្យាឌីជីថល
- បង្កើតអនុស្សាវរីយ៍ជាមួយការថតរូប ៣៦០ ដឺក្រេ
- ទស្សនាស្តង់ពិព័រណ៍ផលិតផល និងសេវាកម្មឌីជីថលថ្មីៗរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីៗទាំងជាតិ និងអន្តរជាតិ
- ទទួលបានព័ត៌មាន និងឱកាសល្អៗជាច្រើនទៀត។
គោលបំណងនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល
- រំលេចនូវសមិទ្ធផល និងភាពជោគជ័យរបស់រដ្ឋាភិបាលឌីជីថលកម្រិតជាតិ និងអន្តរជាតិ
- ប្រកាសនូវផែនការសកម្មភាពសម្រាប់កសាងគ្រឹះនៃរដ្ឋាភិបាលឌីជីថល
- ទទួលស្គាល់ជ័យលាភីកម្មវិធីប្រកួតប្រជែងពានរង្វាន់រដ្ឋាភិបាលឌីជីថល
- បង្កើតភាពជាដៃគូជាមួយភាគីពាក់ព័ន្ធក្នុងស្រុក និងអន្តរជាតិ
- ផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង និងបញ្ហាប្រឈម និងការអនុវត្តនៅក្នុងរដ្ឋាភិបាលឌីជីថល
- បង្កើតវេទិការួមមួយសម្រាប់ក្រសួង ស្ថាប័ន អង្គការ អ្នកជំនាញ និងក្រុមហ៊ុនក្នុងការផ្តល់សេវាកម្ម និងផលិតផលសម្រាប់រដ្ឋាភិបាលឌីជីថល៕