ផ្កាយរណបរ៉ាដាឈ្មោះ LOTUSat-1 របស់វៀតណាម សម្រាប់តាមដានអាកាសធាតុដំបូងបង្អស់ នឹងត្រូវបាញ់បង្ហោះនៅដើមឆ្នាំ២០២៥ ក្រោយពីគេរំពឹងថាការបង្កើតផ្កាយរណបនេះនឹងត្រូវបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៤ នេះ។
យោងតាមសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឲ្យដឹងថា ផ្កាយរណបរ៉ាដាតាមដានអាកាសធាតុដំបូងបង្អស់របស់វៀតណាម នេះ មានសមត្ថភាពផ្ដល់ការព្រមានជាមុនអំពីគ្រោះមហន្តរាយធម្មជាតិ និងជួយកាត់បន្ថយការខូចខាតបណ្ដាលមកពីគ្រោះធម្មជាតិបានរហូតដល់ ១០%។
អគ្គនាយករងនៃមជ្ឈមណ្ឌលអវកាសជាតិវៀតណាម លោក ឡេ ស៊ួន ហុយ (Le Huan Huy) លើកឡើងនៅក្នុងសារព័ត៌មានវៀតណាម VnExpress ថា ការបង្កើតផ្កាយរណបរ៉ាដា LOTUSat-1 គឺទទួលបានជំនួយពីវិស្វករជប៉ុន និងបានចាប់ផ្ដើមផលិតនៅខែកញ្ញា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលស្ថិតក្នុងឧទ្យាន Hoa Lac Hi-tech នៃទីក្រុងហាណូយ ប្រទេសវៀតណាម។
លោកបន្តថា ផ្កាយរណបនេះអាចថតរូបបានគ្រប់លក្ខខណ្ឌអាកាសធាតុ ពពក អ័ព្ទ ឬពន្លឺតិចក៏ដោយ ដោយសារវាប្រើឧបករណ៍ចាប់សញ្ញាប្រើរលកវិទ្យុដើម្បីអង្កេតមើលផែនដី និងដំណើរការដោយឯករាជ្យពីប្រភពពន្លឺដែលអាចដំណើរការបាន ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍។
លោក ហុយ (Huy) បញ្ជាក់ថា ការបង្កើតផ្កាយរណបរ៉ាដា LOTUSat-1 នេះគឺជាផ្នែកមួយនៃគម្រោងរបស់មជ្ឈមណ្ឌលអវកាសជាតិវៀតណាម ដើម្បីការពារគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។
ផ្កាយរណបរ៉ាដា LOTUSat-1 មានទម្ងន់ ៦០០គីឡូក្រាម ប្រើបច្ចេកវិទ្យារ៉ាដាចុងក្រោយបង្អស់ និងមានគុណសម្បត្តិជាច្រើនដូចជា កំណត់រូបភាពចាប់ពីទំហំ ១ម៉ែត្រនៅលើផែនដី និងសមត្ថភាពអាចអង្កេតទាំងថ្ងៃ ទាំងយប់ ហើយផ្ដល់នូវព័ត៌មានសុក្រិតដើម្បីឆ្លើយតបនឹងការកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ និងតាមដានបរិស្ថាន។
ផ្កាយរណបនេះជាផ្កាយរណបទី៤ របស់វៀតណាម បន្ទាប់ពីផ្កាយរណបខ្នាតតូចចំនួន៣ ដូចជា ផ្កាយរណបឈ្មោះ PicoDragon សម្រាប់អង្កេតផែនដី ផ្កាយរណបឈ្មោះ Nano Dragon និង MicroDragon សម្រាប់អង្កេតដែនសមុទ្រ ត្រូវបានបាញ់បង្ហោះក្នុងឆ្នាំ២០១៣ ២០១៩ និងឆ្នាំ២០២១ ចូលគន្លងគោចរពីប្រទេសជប៉ុន ដោយមានកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (VAST) ជាមួយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA)៕