នៅពេលថ្មីៗនេះ អង្គការ ឡូខឺឡាយហ្សេសិន លែប (Localization Lab) ផ្សព្វផ្សាយអត្ថបទជាភាសាខ្មែរ ណែនាំអ្នកប្រើប្រាស់អ៊ីនធឺណិតពីរបៀបការពារខ្លួននៅលើបណ្ដាញសង្គម (Protecting Yourself on Social Networks)។
Localization Lab គឺជាសហគមន៍សកលមួយមានអ្នកចូលរួមគាំទ្រជាង ៦០០០នាក់ក្នុងការបកប្រែ និងធ្វើមូលដ្ឋានីយកម្មឧបករណ៍សេរីភាពអ៊ីនធឺណិត (Internet Freedom Tools) ដែលជាបច្ចេកវិទ្យាទាក់ទងនឹងការប្រើប្រាស់អ៊ីនធឺណិត សន្តិសុខលើអ៊ីនធឺណិត អក្ខរកម្មឌីជីថល និងភាពអនាមិកនៅលើអនឡាញ ដើម្បីធានាថាមនុស្សជុំវិញពិភពលោកមានមធ្យោបាយសុវត្ថិភាពក្នុងការទទួលបានព័ត៌មាននៅលើអ៊ីនធឺណិត។
បើតាមវេបសាយរបស់ Localization Lab ឱ្យដឹងថា អត្ថបទនេះបកប្រែចេញពីអត្ថបទដើមជាភាសាអង់គ្លេសរបស់អង្គការ Electronic Frontier Foundation (EFF) ក្នុងផ្នែកការពារខ្លួនពីការឃ្លាំមើល (SURVEILLANCE SELF-DEFENSE)។ អត្ថបទណែនាំនេះមានចំណុចសំខាន់ៗចំនួនប្រាំមួយ។
Tech Khmer សូមដកស្រង់ខ្លឹមសារទាំងស្រុងមកបង្ហាញប្រិយមិត្តដូចខាងក្រោមនេះ
បណ្ដាញសង្គម គឺជាគេហទំព័រដែលមានប្រជាប្រិយភាពបំផុតនៅក្នុងចំណោមគេហទំព័រទាំងឡាយនៅលើអ៊ីនធឺណិត។ ហ្វេសប៊ុក មានអ្នកប្រើប្រាស់ជាង ១ប៊ីលាននាក់ ហើយអ៊ីនស្ដាក្រាម និងថ្វីតធឺ មានអ្នកប្រើប្រាស់រាប់រយលាននាក់។ ដំបូងឡើយ បណ្ដាញសង្គមត្រូវបានគេបង្កើតឡើងក្នុងគំនិតនៃការចែករំលែកអត្ថបទ រូបថត និងព័ត៌មានផ្ទាល់ខ្លួន។ ឥឡូវនេះ ពួកវាក៏បានក្លាយទៅជាវេទិកាសម្រាប់ការរៀបចំ និងការនិយាយ។ សកម្មភាពណាមួយនៃសកម្មភាពទាំងនេះ អាចពឹងផ្អែកលើឯកជនភាព និងឈ្មោះតំណាង។
ដូច្នេះ សំណួរខាងក្រោមនេះ គឺមានសារសំខាន់ណាស់ដើម្បីពិចារណានៅពេលប្រើប្រាស់បណ្ដាញសង្គម៖ តើខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយនឹងគេហទំព័រទាំងនោះដោយរបៀបម៉េច ខណៈដែលកំពុងការពារខ្លួន? មូលដ្ឋានឯកជនភាពរបស់ខ្ញុំ? អត្តសញ្ញាណរបស់ខ្ញុំ? បញ្ជីទំនាក់ទំនង និងសមាគមរបស់ខ្ញុំ? តើព័ត៌មានអ្វីដែលខ្ញុំចង់រក្សាជាឯកជន ហើយតើខ្ញុំចង់រក្សាជាលក្ខណៈឯកជនពីអ្នកណាខ្លះ?
អាស្រ័យទៅលើកាលៈទេសៈរបស់អ្នក អ្នកប្រហែលជាត្រូវការការពារខ្លួនឯងប្រឆាំងនឹងបណ្ដាញសង្គមផ្ទាល់ ឬក៏ត្រូវការការពារពីអ្នកប្រើប្រាស់ផ្សេងទៀតនៃគេហទំព័រ ឬក៏ត្រូវការពារទាំងពីរ។
គន្លឹះក្នុងការចងចាំនៅពេលបង្កើតគណនី
- តើអ្នកចង់ប្រើឈ្មោះពិតរបស់អ្នកឬទេ? បណ្ដាញសង្គមមួយចំនួនហៅថា «គោលការណ៍ឈ្មោះពិត» ប៉ុន្តែគោលការណ៍ទាំងនេះបានក្លាយជារឿងមិនល្អ។ ប្រសិនបើអ្នកមិនចង់ប្រើឈ្មោះពិតរបស់អ្នកទេនៅពេលចុះឈ្មោះប្រើប្រាស់បណ្ដាញសង្គមណាមួយនោះ សូមកុំដាក់។
- នៅពេលអ្នកចុះឈ្មោះ សូមកុំផ្ដល់ព័ត៌មានច្រើនជាងអ្វីដែលចាំបាច់។ ប្រសិនបើអ្នកបារម្ភអំពីការលាក់អត្តសញ្ញាណរបស់អ្នក សូមប្រើអាសយដ្ឋានអ៊ីមែលដាច់ដោយឡែកមួយទៀត និងជៀសវាងផ្ដល់លេខទូរស័ព្ទរបស់អ្នក។ ព័ត៌មានទាំងពីរនេះ អាចកំណត់អត្តសញ្ញាណរបស់អ្នកជាលក្ខណៈបុគ្គល និងអាចភ្ជាប់គណនីផ្សេងទៀតជាមួយគ្នា។
- សូមប្រុងប្រយ័ត្ននៅពេលជ្រើសរើសរូបថតអវតារ ឬរូបភាពអវតារ។ បន្ថែមលើទិន្នន័យចម្បងដែលអាចរួមមានពេលវេលា និងទីកន្លែងរូបថតត្រូវបានថត ដូច្នេះហើយរូបភាពនោះឯងអាចផ្ដល់នូវព័ត៌មានមួយចំនួនទៀត។ មុនពេលអ្នកជ្រើសយករូបភាពណាមួយ សូមសួរថា៖ តើវាត្រូវបានថតនៅខាងក្រៅផ្ទះ ឬក៏កន្លែងធ្វើការ? តើអាសយដ្ឋាន ឬសញ្ញាសម្គាល់ផ្លូវណាខ្លះដែលអាចមើលឃើញ?
- ត្រូវដឹងថា អាសយដ្ឋាន IP របស់អ្នក អាចត្រូវបានកត់ត្រានៅពេលចុះឈ្មោះ។
- ជ្រើសរើសពាក្យសម្ងាត់ខ្លាំង ហើយប្រសិនបើអាច បើកដំណើរការការផ្ទៀងផ្ទាត់ពីរកត្តា។
- ប្រយ័ត្នប្រយែងចំពោះសំណួរស្រោចស្រង់ពាក្យសម្ងាត់ ដូចជា «តើអ្នកកើតនៅទីក្រុងណា?» ឬ «តើសត្វចិញ្ចឹមរបស់អ្នកឈ្មោះអី?» ពីព្រោះចម្លើយរបស់ពួកគេ អាចត្រូវបានយកចេញពីព័ត៌មាននៃបណ្ដាញសង្គមរបស់អ្នក។ អ្នកប្រហែលជាចង់ជ្រើសរើសចម្លើយស្រោចស្រង់ពាក្យសម្ងាត់ដែលមិនពិត។ វិធីដ៏ល្អមួយដើម្បីចងចាំចម្លើយចំពោះសំណួរស្រោចស្រង់ពាក្យសម្ងាត់ ប្រសិនបើអ្នកជ្រើសរើសយកចម្លើយមិនពិតសម្រាប់បន្ថែមការការពារនោះ គឺត្រូវកត់ត្រាចម្លើយដែលអ្នកបានជ្រើសរើសនៅក្នុងកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់។
ត្រួតពិនិត្យគោលការណ៍ឯកជនភាពនៃបណ្ដាញសង្គម
ព័ត៌មានដែលរក្សាទុកដោយភាគីទីបី គឺស្ថិតនៅក្រោមគោលការណ៍របស់ពួកគេ ហើយអាចត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្ម ឬចែករំលែកជាមួយក្រុមហ៊ុនដទៃទៀត ដូចជាក្រុមហ៊ុនទីផ្សារជាដើម។ ខណៈដែលអ្នកអានគោលការណ៍ឯកជនភាពជាភារកិច្ចស្ទើរតែមិនអាចទៅរួចមួយនោះ អ្នកប្រហែលជាចង់អានផ្នែកដែលពិពណ៌នាអំពីរបៀបទិន្នន័យរបស់អ្នកត្រូវបានគេប្រើប្រាស់នៅពេលវាត្រូវបានគេចែករំលែកជាមួយភាគីផ្សេងទៀត និងពីរបៀបភាគីនោះឆ្លើយតបទៅនឹងការស្នើសុំឱ្យអនុវត្តច្បាប់។
បណ្ដាញសង្គម ជាធម្មតាគឺរកប្រាក់ចំណេញសម្រាប់អាជីវកម្ម ហើយជារឿយៗ វាប្រមូលព័ត៌មានរសើបលើសពីអ្វីដែលអ្នកបានផ្ដល់ឱ្យ ដូចជាកន្លែងដែលអ្នកនៅ ចំណាប់អារម្មណ៍របស់អ្នក និងការផ្សាយពាណិជ្ជកម្មដែលអ្នកប្រតិកម្មទៅនឹងអ្វីដែលអ្នកបានទស្សនាគេហទំព័រទាំងនោះ (ឧទាហរណ៍៖ តាមរយៈប៊ូតុង «ចូលចិត្ត»)។ ពិចារណាទប់ស្កាត់ឃូគឃីរបស់ភាគីទីបី និងប្រើផ្នែកបន្ថែមសម្រាប់បង្ខាំងការតាមដានរបស់កម្មវិធីរុករក ដើម្បីធានាថាព័ត៌មានមិនត្រូវបានបញ្ជូនទៅកាន់ភាគីទីបី។
ប្ដូរការកំណត់ឯកជនភាពរបស់អ្នក
ជាពិសេស ប្ដូរការកំណត់លំនាំដើម។ ឧទាហរណ៍ តើអ្នកចង់ចែករំលែកប្រកាសរបស់អ្នកជាសាធារណៈ ឬជាមួយតែក្រុមមនុស្សជាក់លាក់ណាមួយ? តើពួកគេអាចស្វែងរកអ្នកឃើញដោយប្រើប្រាស់អាសយដ្ឋានអ៊ីមែល ឬក៏លេខទូរស័ព្ទ? តើអ្នកចង់ឱ្យទីតាំងរបស់អ្នកត្រូវចែករំលែកដោយស្វ័យប្រវត្តិឬទេ?
ទោះបីជារាល់វេទិកានៃបណ្ដាញសង្គមមានការកំណត់តែមួយគត់ក៏ដោយ ក៏អ្នកអាចស្វែងរកគំរូកំណត់មួយចំនួនទៀតបានដែរ។
- ការកំណត់ ឯកជនភាព មានទំនោរឆ្លើយនឹងសំណួរថា៖ «តើនរណាអាចមើលឃើញអ្វីខ្លះ?» នៅទីនេះ អ្នកប្រហែលនឹងរកឃើញការកំណត់ទាក់ទងទៅនឹងលំនាំដើមនៃទស្សនិកជន («សាធារណៈ» «មិត្តភ័ក្ដិរបស់មិត្តភ័ក្ដិរបស់អ្នក» «ទាល់តែមិត្តភ័ក្ដិ» ជាដើម) ទីតាំង រូបថត ព័ត៌មានទំនាក់ទំនង ដាក់ស្លាកមិត្តភ័ក្ដិ ហើយប្រសិនបើ/របៀបដែលមនុស្សអាចស្វែងរកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងការស្វែងរក។
- ការកំណត់សន្តិសុខ (នៅពេលខ្លះហៅថា «សុវត្ថិភាព») ប្រហែលនឹងអាចមានច្រើនដើម្បីកំណត់ក្នុងការរាំងខ្ទប់/បិទគណនីផ្សេងទៀត ហើយបើអ្នកចង់ទទួលបានការជូនដំណឹង ប្រសិនបើមានការប៉ុនប៉ងដោយគ្មានការអនុញ្ញាតដើម្បីប្រើប្រាស់គណនីរបស់អ្នក។ នៅពេលខ្លះ អ្នកនឹងឃើញការកំណត់ពីការចូលប្រើ ដូចជាការផ្ទៀងផ្ទាត់ពីរកត្តា និងបម្រុងទុកអ៊ីមែល/លេខទូរសព្ទនៅក្នុងផ្នែកនេះ។ ពេលខ្លះទៀត ការកំណត់ការចូលប្រើនេះ នឹងស្ថិតនៅក្នុងផ្នែកនៃការកំណត់គណនី ឬការកំណត់ការចូលប្រើជាមួយនឹងជម្រើសដើម្បីផ្លាស់ប្ដូរពាក្យសម្ងាត់របស់អ្នក។
ទាញយកអត្ថប្រយោជន៍នៃ «ការត្រួតពិនិត្យ» សន្តិសុខ និងឯកជនភាព។ ហ្វេសប៊ុក ហ្គូហ្គល និងគេហទំព័រសំខាន់ៗផ្សេងទៀត ផ្ដល់នូវមុខងារ «ការត្រួតពិនិត្យសន្តិសុខ»។ គោលការណ៍ណែនាំនេះ នាំផ្លូវអ្នកតាមរយៈការកំណត់ឯកជនភាពទូទៅ និងសន្តិសុខជាលក្ខណៈភាសាសាមញ្ញ និងវាជាមុខងារដ៏ល្អសម្រាប់អ្នកប្រើប្រាស់។
ចុងក្រោយ សូមចងចាំថា ការកំណត់ឯកជនភាព គឺអាចមានការផ្លាស់ប្ដូរ។ នៅពេលខ្លះ ការកំណត់ឯកជនភាពទាំងនេះមានលក្ខណៈកាន់តែរឹងមាំ និងមានច្រើនផ្នែក ហើយជួនកាលមិនអ៊ីចឹងទេ។ សូមយកចិត្តទុកដាក់ចំពោះការផ្លាស់ប្ដូរទាំងនេះឱ្យដិតដល់ ដើម្បីពិនិត្យមើលថា តើព័ត៌មានឯកជនណាមួយដែលនឹងត្រូវគេចែករំលែក ឬប្រសិនបើការកំណត់បន្ថែមណាមួយអនុញ្ញាតឱ្យអ្នកគ្រប់គ្រងលើឯកជនភាពរបស់អ្នក។
រក្សាព័ត៌មានផ្ទាល់ខ្លួនដាច់ដោយឡែកពីគ្នា
សម្រាប់ពួកយើងភាគច្រើន វាមានសារសំខាន់ដើម្បីរក្សាអត្តសញ្ញាណគណនីដាច់ដោយឡែកពីគ្នា។ វិធីនេះអាចអនុវត្តចំពោះគេហទំព័រណាត់ជួប គេហទំព័រព័ត៌មានផ្ទាល់ខ្លួនអាជីព គណនីអនាមិក និងគណនីនៅក្នុងសហគមន៍ផ្សេងៗ។
លេខទូរសព្ទ និងរូបថត គឺជាព័ត៌មានពីរប្រភេទដែលត្រូវមើលជាប់ជានិច្ច។ ជាពិសេស រូបថតអាចបន្លំភ្ជាប់គណនីដែលអ្នកចង់រក្សាឱ្យនៅដាច់ដោយឡែកពីគ្នា។ នេះជាបញ្ហាទូទៅដែលគួរឱ្យភ្ញាក់ផ្អើលជាមួយនឹងគេហទំព័រណាត់ជួប និងគេហទំព័រព័ត៌មានផ្ទាល់ខ្លួនអាជីព។ ប្រសិនបើអ្នកចង់រក្សាភាពអនាមិករបស់អ្នក ឬរក្សាអត្តសញ្ញាណគណនីជាក់លាក់ឱ្យនៅដាច់ដោយឡែកពីគ្នា សូមប្រើរូបថត ឬរូបភាពដែលអ្នកមិនធ្លាប់ប្រើប្រាស់នៅកន្លែងផ្សេងនៅលើអ៊ីនធឺណិត។ ដើម្បីពិនិត្យមើលវា អ្នកអាចប្រើមុខងារស្វែងរករូបភាពបញ្ច្រាសរបស់ហ្គូហ្គល ។
អថេរចាំបាច់ផ្សេងទៀតដើម្បីមើលរួមមាន ឈ្មោះរបស់អ្នក (សូម្បីតែឈ្មោះហៅក្រៅ) និងអ៊ីមែលរបស់អ្នក។ ប្រសិនបើអ្នករកឃើញថាព័ត៌មានមួយក្នុងចំណោមព័ត៌មានទាំងនេះស្ថិតនៅកន្លែងដែលអ្នកមិនបានរំពឹងទុក សូមកុំភ័យខ្លាច ឬភ័យស្លន់ស្លោ។ ផ្ទុយទៅវិញ គិតនៅក្នុងជំហានរបស់កូនក្មេង៖ ជំនួសឱ្យការព្យាយាមលុបព័ត៌មានទាំងអស់អំពីអ្នកចេញពីអ៊ីនធឺណិតទាំងស្រុង អ្នកគ្រាន់តែផ្ដោតទៅលើព័ត៌មានជាក់លាក់ ដូចជា តើពួកវានៅកន្លែងណា ហើយតើអ្នកអាចធ្វើអ្វីបានចំពោះពួកវា។
ផ្ស៊ាំខ្លួនអ្នកទៅនឹងការកំណត់ក្រុមនៅក្នុងហ្វេសប៊ុក
ក្រុមនៅក្នុងហ្វេសប៊ុក គឺជាកន្លែងកំពុងមានការកើនឡើងសម្រាប់សកម្មភាពសង្គម ការតស៊ូមតិ និងសកម្មភាពរសើបផ្សេងទៀត ហើយការកំណត់ក្រុម អាចមានការយល់ច្រឡំ។ ស្វែងយល់បន្ថែមអំពីការកំណត់ក្រុម ហើយប្រសិនបើអ្នកចាប់អារម្មណ៍ចង់រៀនបន្ថែមអំពីការកំណត់ក្រុម សូមធ្វើការជាមួយពួកវាដើម្បីរក្សាក្រុមរបស់អ្នកនៅក្នុងហ្វេសប៊ុកជាលក្ខណៈឯកជន និងមានសុវត្ថិភាព។
ឯកជនភាពគឺជាក្រុមកីឡា
កុំគ្រាន់តែផ្លាស់ប្ដូរការកំណត់ និងឥរិយាបថនៃបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់អ្នក សូមនិយាយជាមួយមិត្តភ័ក្ដិរបស់អ្នកអំពីទិន្នន័យរសើបបំផុតដែលអ្នកបង្ហាញអំពីគ្នាទៅវិញទៅមកនៅលើបណ្ដាញអ៊ីនធឺណិត។ សូម្បីតែអ្នកមិនមានគណនីបណ្ដាញសង្គម ឬសូម្បីតែអ្នកដកស្លាកខ្លួនឯងចេញពីប្រកាសក៏ដោយ ក៏មិត្តភ័ក្ដិរបស់អ្នកនៅតែអាចកំណត់អត្តសញ្ញាណរបស់អ្នក រាយការណ៍ពីទីតាំងរបស់អ្នក និងធ្វើឱ្យទំនាក់ទំនងរបស់ពួកគេជាមួយអ្នកក្លាយជាសាធារណៈ។ ការការពារឯកជនភាព មិនមែនមានន័យត្រឹមតែថែរក្សាខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងថែរក្សាមិត្តភ័ក្ដិរបស់យើងទៀតផង។
ដើម្បីចូលទៅអានអត្ថបទនេះនៅលើវេបសាយ Localization Lab សូមចុចត្រង់នេះ!