ការបោកប្រាស់លើអនឡាញក្នុងថ្ងៃបុណ្យធំៗ តែងតែកើតមានឡើងនៅគ្រប់កន្លែងទាំងអស់ មិនថានៅប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសក្រីក្រនោះទេ។ ការបោកបញ្ឆោតទាំងនោះ អាចជាការផ្ញើសារទៅកាន់អ៊ីមែលរបស់អ្នក ឬគេហទំព័រទិញទំនិញអនឡាញ ឬគេហទំព័រកក់សំបុត្ររថយន្ត ឬយន្តហោះ ជាដើម។
ទោះបីជាមានការបោកប្រាស់លើអនឡាញមែន អ្នកនៅតែអាចការពារខ្លួនរបស់អ្នកដោយការអនុវត្តនូវអនាម័យឌីជីថលល្អ និងធ្វើតាមគន្លឹះសាមញ្ញៗមួយចំនួនខាងក្រោមនេះ៖
- តាមដានព័ត៌មាន៖ ការដឹង ឬទទួលបាននូវព័ត៌មាននៃករណីបោកប្រាស់នៅលើអនឡាញជាប្រចាំ ព្រមជាមួយនឹងវិធីបង្ការ នោះវាជារឿងល្អបំផុតដែលគ្រប់គ្រាន់ដើម្បីបញ្ឈប់ជនខិលខូចមិនឱ្យបោកប្រាស់អ្នកបាន។ អ្នកអាចតាមដាន (follows) ទំព័របណ្ដាញសង្គមណាមួយដែលតែងប្រាប់ដំណឹងអំពីការបោកបញ្ឆោតនានា។
- ផ្ទៀងផ្ទាត់មុនពេលទិញ៖ សូមត្រួតពិនិត្យឱ្យបានពីរដងយ៉ាងតិចចំពោះគេហទំព័រណាមួយ មុននឹងអ្នកសម្រេចបញ្ចូលព័ត៌មានការទូទាត់ប្រាក់របស់អ្នកទៅក្នុងគេហទំព័រមួយនោះ។
- ជៀសវាងប្រើ Wi-Fi សាធារណៈ៖ Wi-Fi សាធារណៈមិនមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការទិញទំនិញអនឡាញ ឬការប្រើប្រាស់គណនីធនាគារនោះទេ។ បិទ Wi-Fi របស់អ្នក មុនថ្ងៃទិញទំនិញធំៗ ដើម្បីកាត់បន្ថយហានិភ័យនៃការវាយប្រហារដោយមនុស្សនៅកណ្ដាល និងការបោកប្រាស់ផ្សេងទៀត។
- ឧបករណ៍សុវត្ថិភាព៖ រាល់ពេលដែលអ្នកទិញទំនិញលើអនឡាញ សូមប្រើប្រាស់ឧបករណ៍ (ទូរសព្ទ ឬកុំព្យូទ័រ) ដែលមានប្រព័ន្ធប្រតិបត្តិការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ (Updated OS) និងបានធ្វើបច្ចុប្បន្នភាពកម្មវិធីលើឧបករណ៍ ដើម្បីកាត់បន្ថយហានិភ័យនៃពួកហេគឃ័រ (hackers) និងជនបោកប្រាស់ (scammers) មិនឱ្យពួកគេអាចអាក់សេស ឬចូលប្រើទិន្នន័យឯកជនរបស់អ្នកបាន។ អ្នកត្រូវជៀសវាងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដែល cracked ពីព្រោះវាមានផ្ទុកនូវកូដព្យាបាទ (Malware)។
- ប្រើកាតឥណទានសិប្បនិម្មិត៖ ការបង់ប្រាក់សម្រាប់ទិញទំនិញអនឡាញដោយការប្រើកាតឥណទានសិប្បនិម្មិត គឺវៃឆ្លាត ព្រោះវាកាត់បន្ថយហានិភ័យនៃការបោកប្រាស់ដ៏ល្អបំផុត ហើយវាមិនបានភ្ជាប់ទៅកាន់គណនីធនាគាររបស់អ្នកដោយផ្ទាល់នោះទេ។
- ទិញទំនិញពីគេហទំព័រដែលទុកចិត្ត៖ ប្រសិនបើវាមើលទៅហាក់ដូចជាល្អពេក នោះវាអាចជាការបោកប្រាស់ហើយ។ សូមទិញទំនិញពីគេហទំព័រដែលអ្នកស្គាល់ និងជឿទុកចិត្តតែប៉ុណ្ណោះ។
- ប្រើកម្មវិធីកម្ចាត់មេរោគ៖ កម្មវិធីកម្ចាត់មេរោគដែលមានបន្ថែមសុវត្ថិភាពលើអ៊ីនធឺណិត (Internet Security) អាចជួយឱ្យអ្នកអាចប្រើអ៊ីនធឺណិតដោយសុវត្ថិភាព និងការពារអ្នកពីកូដព្យាបាទផ្សេងៗ (malware) និងការលួចអត្តសញ្ញាណរបស់អ្នកផងដែរ។
- ប្រើ VPN ពេលទិញទំនិញអនឡាញ៖ បណ្ដាញឯកជននិម្មិត (វីភីអិន VPN, Virtual Private Network) ជួយការពារចរាចរណ៍អ៊ីនធឺណិតរបស់អ្នកមិនឱ្យជនខិលខូចលួចទិន្នន័យ ឬស្កាត់យកព័ត៌មានកាតឥណទាន (credit card) ឬព័ត៌មានសំខាន់ៗផ្សេងទៀតរបស់អ្នក ដោយរាល់ការបញ្ជូនព័ត៌មានតាមរយៈបណ្ដាញឯកជននិម្មិតនេះ ត្រូវបានធ្វើកូដនីយកម្មពីម៉ាស៊ីនរបស់អ្នកទៅកាន់ម៉ាស៊ីនមេក្រុមហ៊ុនផ្ដល់សេវាកម្ម VPN នេះ៕