ក្រុមហ៊ុន Adobe ប្រកាសឱ្យអតិថិជនរបស់ខ្លួនធ្វើបច្ចុប្បន្នភាពកម្មវិធីចំនួនពីរដែលមានចំណុចខ្សោយចំនួន ៣៦ចំណុចក្នុងខែឧសភា ឆ្នាំ២០២០។
ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១៦ចំណុចក្នុងចំណោមចំណុចខ្សោយសរុបចំនួន ៣៦ចំណុចនៅក្នុងផលិតផលរបស់ក្រុមហ៊ុន Adobe អាចអនុញ្ញាតឱ្យក្រុមវាយប្រហារដំណើរការកូដពីចម្ងាយបាន។
ផលិតផលដែលរងផលប៉ះពាល់រួមមាន៖
- Adobe DNG Software Development Kit (SDK)
- Adobe Acrobat and Reader
ដូច្នេះ ការធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីបំផុត (Latest Version) នឹងជួយអ្នកជៀសផុតពីការវាយប្រហារពីក្រុមហេគឃឺ (hackers) ពីព្រោះកំណែថ្មីនឹងជួសជុលលើចំណុចខ្សោយ ឬបិទចន្លោះប្រហោងដែលមាននៅក្នុងកម្មវិធីរបស់អ្នក។
ដើម្បីអាប់ដេតកម្មវិធីនេះ សូមអនុវត្តដូចខាងក្រោម៖
- បើកដំណើរការកម្មវិធី Adobe Acrobat and Reader
- ចុចលើ Help
- ជ្រើសរើសយក Update និងរង់ចាំរហូតវាដំណើរការចប់។
ចូរចំណាំថា៖ ប្រសិនបើអ្នកប្រើប្រាស់កម្មវិធីដោយមិនមានអាជ្ញាប័ណ្ណ (cracked) នោះអ្នកមិនគួរអាប់ដេតកម្មវិធីទេ ពីព្រោះកំណែរបស់កម្មវិធីនឹងទៅជួសជុលកម្មវិធី រួចវានឹងទាមទារឱ្យអ្នកបញ្ចូល License Key ដើម្បីអាចបន្តប្រើប្រាស់កម្មវិធីដោយពេញលេញបាន ប៉ុន្តែការប្រើប្រាស់កម្មវិធី cracked អាចមានហានិភ័យខ្ពស់ដល់ម៉ាស៊ីនរបស់អ្នក៕