ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីចុងខែកក្កដា ជូនដំណឹងដល់ពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (facebook) និងអ្នកប្រកបអាជីវកម្មអនឡាញ ឱ្យប្រុងប្រយ័ត្នលើករណីក្រុមចោរបច្ចេកវិទ្យាដែលគេហៅថា ហេគឃ័រ (hackers) លួចយកគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានទាក់ទងនឹងគណនីធនាគារ។
សេចក្ដីជូនដំណឹងចុះផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យដឹងថា ក្នុងពេលថ្មីៗនេះ ក្រុមចោរបច្ចេកវិទ្យា (hackers) ប្រើល្បិចលួចយកគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារ តាមរយៈការបោកបញ្ឆោត និងបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះ និងរូបភាពដែលមើលទៅហាក់ដូចជាសារចេញពីក្រុមហ៊ុនហ្វេសប៊ុក។ ក្រសួងបញ្ជាក់ទៀតថា ក្រុមចោរបច្ចេកវិទ្យាទាំងនោះមានគោលបំណងបោកបញ្ឆោតអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកប្រកបអាជីវកម្មអនឡាញ។
ទោះជាយ៉ាងណា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញអំពីឧបាយកលបោកបញ្ឆោតរបស់ក្រុមចោរបច្ចេកវិទ្យា និងវិធានការបង្ការដូចខាងក្រោម៖
ឧបាយកលបោកបញ្ឆោត
ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់ទំព័រហ្វេសប៊ុកថា “ទំព័រហ្វេសប៊ុករបស់អ្នកប្រព្រឹត្តខុសទៅនឹងគោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុក ពាក់ព័ន្ធនឹងការរំលោភបំពានផ្សេងៗ។ ដើម្បីពិនិត្យបញ្ហាសុវត្ថិភាព និងបញ្ជាក់អត្តសញ្ញាណ ម្ចាស់ទំព័រត្រូវចុចតំណភ្ជាប់ និងធ្វើតាមការណែនាំ បើមិនដូច្នេះទេ ក្រុមហ៊ុនហ្វេសប៊ុកនឹងបិទទំព័រហ្វេសប៊ុកនោះចោលតែម្តង”។ នៅពេលម្ចាស់ទំព័រហ្វេសប៊ុកចុចលើតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់របស់គណនីហ្វេសប៊ុក ឬ/និងព័ត៌មានគណនីធនាគារ ជាដើម។ បន្ទាប់មក ចោរព័ត៌មានវិទ្យាលួចយកគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក ព្រមទាំងអាចប្រើប្រាស់ព័ត៌មានគណនីធនាគារដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មនានានៅលើហ្វេសប៊ុក ឬក៏អាចឈានទៅចំណាយទិញទំនិញផ្សេងៗទៀត។
វិធានការបង្ការ
- ប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្លំដោយប្រាប់ថា “ទំព័រហ្វេសប៊ុករបស់អ្នកខុសទៅនឹងគោលការណ៍នានារបស់ក្រុមហ៊ុនហ្វេសប៊ុក” ដែលតម្រូវឱ្យមានការចុចទៅលើតំណភ្ជាប់ (Link) ដើម្បីបំពេញព័ត៌មាន ព្រោះក្រុមហ៊ុនហ្វេសប៊ុកមិនទាមទារការបញ្ជាក់ដោយបំពេញព័ត៌មានដូចរៀបរាប់ខាងលើទេ
- ត្រួតពិនិត្យវែបសាយ ទំព័រហ្វេសប៊ុក ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់ មុននឹងចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ
- គួរប្រើប្រាស់មុខងារកាតសិប្បនិម្មិត (Virtual Credit/Debit Card) និងកំណត់ទំហំសាច់ប្រាក់សម្រាប់ការចាយវាយមិនលើសបរិមាណសមស្របណាមួយ
- ពិនិត្យមើលការជូនដំណឹងអំពីការធ្វើប្រតិបត្តិការចំណាយអនឡាញឱ្យបានទៀងទាត់ ប្រសិនបើមានការចំណាយខុសប្រក្រតីណាមួយ អ្នកត្រូវទាក់ទងទៅធនាគារជាបន្ទាន់ ដើម្បីស្វែងរកជំនួយ និងដំណោះស្រាយ។
ក្នុងករណីអ្នកចង់ឈ្វេងយល់បន្ថែមអំពីព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាទាំងនេះ អ្នកអាចចូលទៅកាន់គេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖
- អាសយដ្ឋាន www.camcert.gov.kh
ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈ៖
- អ៊ីមែល
- ទូរស័ព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨៕