បន្ទាប់ពីប្រឡងជាប់បាក់ឌុប ឬហៅថាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្អូនៗសិស្សានុសិស្សមួយចំនួនមានគម្រោងរួចជាស្រេចដើម្បីបន្តការសិក្សារបស់ខ្លួនរយៈពេល ៤ឆ្នាំទៀតនៅសាកលវិទ្យាល័យ ទៅតាមចំណង់ចំណូលចិត្ត ឬជំនាញដែលខ្លួនពេញចិត្ត។
មិនមែនគ្រប់គ្នាសុទ្ធតែទទួលបានព័ត៌មានសិក្សាគ្រប់ជ្រុងជ្រោយនោះទេ គឺមានអ្នកខ្លះក៏មិនប្រាកដក្នុងការសម្រេចចិត្តថានឹងបន្តមុខជំនាញអ្វីឲ្យពិតប្រាកដនៅឡើយដែរ ឬហៅម្យ៉ាងទៀតថា រៀនតាមគ្នា។
ដោយមើលឃើញពីបញ្ហានេះ Tech Khmer សូមលើកយកកម្មវិធីណែនាំ (Majors Recommender App) ឬផ្ដល់អនុសាសន៍ដល់ប្អូនៗក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញនៅសាកលវិទ្យាល័យទៅតាមភាពខ្លាំងរៀងៗខ្លួន។
កម្មវិធីនេះបង្កើតឡើងដោយនិស្សិតថ្នាក់អនុបណ្ឌិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញវិស្វកម្មកុំព្យូទ័រ គឺលោក សៅ ជ័យសិទ្ធិ (Sao Cheyseth) ហើយក្នុងកំណែដំបូងរបស់កម្មវិធីនេះ គឺដំណើរការតែលើប្រព័ន្ធប្រតិបត្តិការអែនឌ្រោយ (Android) តែប៉ុណ្ណោះ។
លក្ខណៈពិសេសរបស់កម្មវិធីអ្នកផ្ដល់អនុសាសន៍ក្នុងការជ្រើសរើសជំនាញសិក្សា រួមមាន៖
- មានផ្សព្វផ្សាយអំពីអាហារូបករណ៍នៅតាមសាកលវិទ្យាល័យក្នុងស្រុក និងនៅបរទេស
- មានបញ្ជីសាកលវិទ្យាល័យទាំងអស់នៅក្នុងស្រុក ដែលប្អូនៗអាចចូលទៅមើលព័ត៌មានលម្អិតពីសាកលវិទ្យាល័យនៅលើគេហទំព័រ (website) ក៏ដូចជាទំព័រហ្វេសប៊ុក (facebook) របស់សាកលវិទ្យាល័យទាំងនោះ និងលេខទូរស័ព្ទទំនាក់ទំនងផងដែរ។
- មុខជំនាញសិក្សានៅសាកលវិទ្យាល័យដែលបង្ហាញពីរយៈពេល ចំណេះដឹងទទួលបានក្រោយពីបញ្ចប់ការសិក្សា និងបង្ហាញពីអង្គភាព ឬក្រុមហ៊ុនដែលប្អូនៗអាចបំពេញការងារបាន។
- និងលក្ខណៈពិសេសរបស់កម្មវិធីនេះ គឺផ្ដល់អនុសាសន៍ឲ្យប្អូនៗរៀនមុខជំនាញទៅតាមមុខវិជ្ជាដែលប្អូនៗពូកែនៅថ្នាក់ទី១២។
ដើម្បីឲ្យកាន់តែច្បាស់ សូមទាញយកកម្មវិធីអ្នកផ្ដល់អនុសាសន៍ (Majors Recommender App) ដែលដំណើរការលើទូរស័ព្ទប្រើ Android និងអនុវត្តតាមជំហានខាងក្រោម៖
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញាត៕