នាយកប្រតិបត្តិក្រុមហ៊ុនភាគហ៊ុននៅម៉ាឡេស៊ី លោក Nazrin Hassan ស្លាប់នៅអាយុ ៤៥ឆ្នាំ ដោយសារទូរស័ព្ទផ្ទុះនៅក្នុងបន្ទប់គេងរបស់គាត់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។
សារព័ត៌មានដដែលនេះឲ្យដឹងទៀតថា ក្រុមហ៊ុនម៉ាឡេស៊ីឈ្មោះ Cradle Fund Sdn Bhd បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ ថា របាយការណ៍ក្រោយការធ្វើកោសល្យវិច័យសាកសពសន្និដ្ឋានថា មូលហេតុនៃការស្លាប់របស់នាយកប្រតិបត្តិរូបនេះកាលពីថ្ងៃព្រហស្បតិ៍ បណ្ដាលមកពីការផ្ទុះទូរស័ព្ទដែលកំពុងសាកថ្មនៅជាប់នឹងខ្លួនលោក។
មន្ត្រីប្រតិបត្តិរបស់ក្រុមហ៊ុន Cradle លោក Razif Aziz បាននិយាយថា ក្រុមហ៊ុនបានបាត់បង់មនុស្សដែលមានទេពកោសល្យ និងមានគំនិតច្នៃប្រឌិតខ្ពស់ម្នាក់ ហើយពិភពលោកបានបាត់បង់មនុស្សម្នាក់ដ៏អស្ចារ្យ។ លោកបន្តថា ពួកយើងដែលមានសំណាងបានស្គាល់ និងធ្វើការជាមួយលោក Nazrin បានបាត់បង់មិត្តជាទីស្រឡាញ់ និងអ្នកណែនាំដែលបំផុសគំនិតម្នាក់។
អានអត្ថបទផ្សេងទៀត៖
- គន្លឹះ ៦ចំណុច ការពារទូរស័ព្ទរបស់អ្នកឲ្យកាន់តែមានសុវត្ថិភាព
- របៀបឆែកមើលថាតើមាន hacker លួច hack ចូលគណនីហ្វេសប៊ុករបស់យើងអត់
- របៀបបង្ហាញអេក្រង់ Android Phone ទៅលើអេក្រង់កុំព្យូទ័រដោយមិនប្រើខ្សែ HDMI
លោក Nazrin Hassan មានកូន ៤នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដដែលនេះ។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងរដ្ឋម៉ាឡាកា (Malacca) នៃប្រទេសម៉ាឡេស៊ី បុរសជនជាតិម៉ាឡេស៊ី ម្នាក់ឈ្មោះ Rosli Othman អាយុ ៣៥ឆ្នាំ បានស្លាប់ដោយសារឆក់ខ្សែភ្លើងពេលដែលគាត់កំពុងសាកថ្មទូរស័ព្ទ។ កាលនោះ ប៉ូលិសឲ្យដឹងថា Rosli Othman ត្រូវបានគេជឿថាបានឆក់ខ្សែភ្លើង ខណៈគាត់កំពុងដោតឆ្នាំងសាកទូរស័ព្ទរបស់គាត់ទៅក្នុងហ្វ្រីភ្លើងនៅផ្ទះមិត្តភ័ក្ដិរបស់គាត់ នៅឯទីក្រុងយ៉ាស៊ីន (Jasin)៕
Source: Channel News Asia
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕