គន្លឹះ ៥​ចំណុច​គួរ​ដឹង ពេល​ប្រើ Public WiFi ឲ្យ​មាន​សុវត្ថិភាព

តើ​អ្នក​ចាំបាច់​ត្រូវ​តែ​ភ្ជាប់ Public WiFi ដើម្បី​ប្រើ​មែន​ទេ? ប្រសិន​បើ​អ្នក​ជៀស​មិន​រួច​ពី​ការ​ប្រើប្រាស់ Public WiFi/Free WiFi មែន​នោះ ការ​ស្វែងយល់​ពី​ហានិភ័យ​នៃ​ការ​ប្រើ​អ៊ីនធឺណិត​មិន​គិត​ថ្លៃ អាច​ជួយ​ការពារ​អ្នក​មិន​ឲ្យ​ក្លាយ​ជា​ជន​រងគ្រោះ​បាន។

7032
Public WiFi/Free WiFi
Public WiFi/Free WiFi

ប្រាកដ​ណាស់! នៅ​ពេល​ណា​មួយ​នោះ លោក​អ្នក​នឹង​ភ្ជាប់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​របស់​​អ្នក​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណិត​ដែល​មិន​មាន​សុវត្ថិភាព ឬ​អ៊ីនធឺណិត​មិន​គិត​ថ្លៃ ឬ​អ៊ីនធឺណិត​សេធារណៈ (Public WiFi) ដោយសារ​តែ​ភាព​ចាំបាច់​ណា​មួយ​ជាក់​ជា​មិន​ខាន។ ប្រសិន​បើ​ដូច្នេះ​មែន ការ​ស្វែងយល់​អំីពី​ហានិភ័យ​នៃ​ការ​ប្រើប្រាស់ Public WiFi អាច​ការពារ​អ្នក​មិន​ឲ្យ​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​បាន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ការ​គំរាមកំហែង​មួយ​ក្នុង​ចំណោម​ការ​គំរាមកំហែង​ធំៗ​ដទៃ​ទៀត​នៃ​ការ​ប្រើ Free WiFi គឺ​ក្រុម Hackers អាច​នឹងលួច​យក​ព័ត៌មាន​សំខាន់ៗ​របស់​អ្នក ដោយ​ពួក​គេ​គ្រាន់​តែ​​ជ្រៀត​ចូល​នៅ​ចំណុច​កណ្ដាល​នៃ​ការ​សន្ទនា​របស់​អ្នក​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ដែល​មិន​មាន​សុវត្ថិភាព​នោះ​តែ​ប៉ុណ្ណោះ។ ក្រុម Hackers ក៏​អាច​ចូល​យក​ព័ត៌មាន​ដែល​អ្នក​ផ្ញើ​ចេញ ដូចជា​ព័ត៌មាន​សារ​អ៊ីមែល លេខ​ទូរស័ព្ទ ព័ត៌មាន​កាត​ឥណទាន ទិន្នន័យ​អាជីវកម្ម និង​ទិន្នន័យ​មួយ​ចំនួន​ទៀត​ដែល​អ្នក​មាន។

តើ​អ្នក​ចាំបាច់​ត្រូវ​តែ​ភ្ជាប់ Public WiFi មែន​ទេ? ប្រសិន​បើ​អ្នក​ជៀស​មិន​រួច​ពី​ការ​ប្រើប្រាស់ Public WiFi/Free WiFi ទេ Tech Khmer សូម​ផ្ដល់​អនុសាសន៍​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​អនឡាញ​របស់​លោក​អ្នក​ដូច​ខាង​ក្រោម៖

  1. កុំ​បញ្ចូល​ព័ត៌មាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​របស់​អ្នក​នៅ​ពេល​ប្រើ Public WiFi

    ក្នុង​ករណី​ចាំបាច់​ដែល​អ្នក​ត្រូវ​តែ​ប្រើ​សេវា​អ៊ីនធឺណិត​តាម​រយៈ Public WiFi/Free WiFi សូម​ជៀសវាង​ប្រើប្រាស់ ឬ​បញ្ចូល​ព័ត៌មាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក ដូចជា​ព័ត៌មាន​គណនី​ធនាគារ ព័ត៌មាន​អំពី​អត្តសញ្ញាណ គណនី​អ៊ីមែល ឬ​អាសយដ្ឋាន​របស់​អ្នក ជាដើម។ សូម​លោក​អ្នក​ចងចាំ​ថា គណនី​អនឡាញ​មួយ​ចំនួន ទាមទារ​ឲ្យ​លោក​អ្នក​បញ្ចូល​ព័ត៌មាន​ដូចជា​លេខ​ទូរស័ព្ទ Username/Password នៅ​ពេល​អ្នក log in ដូច្នេះ​សូម​កុំ​ទាន់​ប្រើ​វា​នៅ​លើ​បណ្ដាញ​ដែល​មិន​មាន​សុវត្ថិភាព។ លោក​អ្នក​គ្រាន់​តែ​ប្រើ Public WiFi ដើម្បី​មើល​វែបសាយ​ធម្មតា ឬ​វែបសាយ​កម្សាន្ត​ជាដើម​បាន​ហើយ។

  2. ប្រើ​បណ្ដាញ​ឯកជន​និម្មិត (VPN = Virtual Private Networks)

    បណ្ដាញ​ឯកជន​និម្មិត (VPN) អាច​ឲ្យ​លោក​អ្នក​បង្កើត​បណ្ដាញ​មួយ​ដ៏​មាន​សុវត្ថិភាព​ទៅ​កាន់​បណ្ដាញ​មួយ​ទៀត​នៅ​លើ​ពិភព​អ៊ីនធឺណិត។ លោក​អ្នក​អាច​ប្រើ VPN ដើម្បី​ចូល​ទៅ​កាន់​វែបសាយ​ដែល​ត្រូវ​បាន​ហាមឃាត់ (block) ហើយ​លោក​អ្នក​ក៏​អាច​លាក់​អត្តសញ្ញាណ​នៃ​សកម្មភាព​របស់​លោក​អ្នក​ពី​ការ​ឃ្លាំ​មើល​របស់​ជន​ណា​ម្នាក់​នៅ​លើ Public WiFi និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត។ VPN ជា​ជម្រើស​ដ៏​ល្អ​នៅ​ពេល​អ្នក​ប្រើ Public WiFi networks ទោះ​បី​អ្នក​ត្រូវ​ចំណាយ​ថវិកា​ខ្លះ​ក្នុង​ការ​ទិញ​សេវា VPN នេះ​ក៏ដោយ ប៉ុន្តែ​វា​បាន​ផ្ដល់​សន្តិសុខ​ជូន​អ្នក​ឲ្យ​ជៀស​ផុត​ពី​ហានិភ័យ​ផ្សេងៗ។

    ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​​បាន​បំពាក់ VPN ឲ្យ​បុគ្គលិក​របស់​ពួក​គេ​ប្រើប្រាស់ នៅ​ពេល​បុគ្គលិក​ទាំងនោះ​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ខាង​ក្រៅ​ក្រុមហ៊ុន ឬ​ក៏​កំពុង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ជាដើម ពីព្រោះ​ទិន្នន័យ​របស់​ក្រុមហ៊ុន​មាន​សារសំខាន់​ណាស់ មិន​អាច​បែកធ្លាយ​ទៅ​កាន់​គូ​ប្រកួតប្រជែង ឬ​ក្រុម Hackers បាន​ឡើយ។

  3. ប្រើ SSL ពេល​ភ្ជាប់​បណ្ដាញ

    ករណី​ដែល​អ្នក​មិន​មាន VPN ប្រើប្រាស់ អ្នក​ក៏​នៅ​អាច​បន្ថែម​ស្រទាប់​ការពារ​មួយ​ទៀត​បាន​ដែរ ដើម្បី encrypt connection របស់​លោក​អ្នក។ នេះ​មាន​ន័យ​ថា នៅ​ពេល​អ្នក​បើក​អ៊ីនធឺណិត ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ដំណើរការ​ជម្រើស Always Use HTTPS នៅ​លើ​វែបសាយ​ដែល​អ្នក​ចូល​ទៅ​មើល​ញឹកញាប់ និង​រួម​ទាំង​វែបសាយ​ដែល​ទាមទារ​ឲ្យ​អ្នក​បញ្ចូល​ព័ត៌មាន​បញ្ជាក់​អត្តសញ្ញាណ​ផង​ដែរ។ ជាទូទៅ វែបសាយ​ភាគច្រើន​ដែល​ទាមទារ​ឲ្យ​បញ្ចូល​អត្តសញ្ញាណ គឺ​មាន​ជម្រើស HTTPS នេះ​ស្រាប់

  4. ទិញ​គម្រោង​ទិន្នន័យ​គ្មាន​ដែន​កំណត់​សម្រាប់​ទូរស័ព្ទ (unlimited data plan)

    បើ​សិន​អ្នក​ត្រូវ​ការ​ប្រើ​អ៊ីនធឺណិត​ស្ទើរ​តែ​គ្រប់​ពេល​នោះ សូម​ពិចារណា​ទិញ​គម្រោង​ទិន្នន័យ​អ៊ីនធឺណិត​គ្មាន​ដែន​កំណត់ ឬ​គម្រោង​ណា​មួយ​ដែល​អ្នក​គិត​ថា​គ្រប់គ្រាន់​ពី​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​របស់​អ្នក ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់ Public WiFi ដែល​គ្មាន​សុវត្ថិភាព។ លើស​ពី​នេះ អ្នក​ក៏​អាច​ប្រើ​ទូរស័ព្ទ​ឆ្លាតវៃ​របស់​អ្នក ដើម្បី​បង្កើត​អ៊ីនធឺណិត​ផ្ទាល់​ខ្លួន (hotspot) ដើម្បី​ភ្ជាប់​ទៅ​កាន់​កុំព្យូទ័រ​របស់​អ្នក​បាន​ផង​ដែរ។

  5. បិទ​ការ​ចែក​រំលែក (Turn off sharing)

    នៅ​ពេល​អ្នក​ភ្ជាប់​ឧបករណ៍​របស់​អ្នក​ទៅ​កាន់​អ៊ីនធឺណិត​តាម​​ហាង​កាហ្វេ នៅ​តាម​ផ្លូវ ឬ​នៅ​ព្រលាន​យន្តហោះ អ្នក​ត្រូវ​បិទ​ការ​ចែក​រំលែក​ឯកសារ​នៅ​លើ​ឧបករណ៍​របស់​អ្នក (Turn off File Sharing)

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។