Public Wifi និង Digital Connectivity for School ដែលលោកអ្នកអាចប្រើអ៊ីនធឺណិតដោយឥតគិតថ្លៃ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈហើយនៅទីតាំងចំនួន ៥កន្លែងនៅកម្ពុជា។
ការដាក់ឲ្យប្រើសេវាអ៊ីនធឺណិតដោយឥតគិតថ្លៃនៅកម្ពុជា នៅពេលនេះ គឺជាជំនួយឥតសំណងរបស់សាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) នៃសាធារណរដ្ឋកូរ៉េ ដែលផ្ដល់ឲ្យទូរគមនាគមន៍កម្ពុជា (TC) ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស គ្រូបង្រៀន ភ្ញៀវជាតិ និងអន្តរជាតិប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹងទូទៅ ឬកម្សាន្ត ជាដើម។
សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ (Public Wifi) នេះ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក Nakyoung Oh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងលោក Hyeonmo Ku ប្រធានក្រុមហ៊ុនសាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) នាបរិវេណសួនច្បារនាគបាញ់ទឹក។
តើ Public Wifi ទាំង ៥កន្លែងនេះមាននៅកន្លែងណាខ្លះ?
លោកអ្នកដែលស្ថិតនៅក្នុងតំបន់ទាំងប្រាំដែលមានសេវា Public Wifi និង Digital Connectivity for School គឺអាចប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនបានដោយមិនត្រូវបានគិតថ្លៃឡើយ។ ទីតាំងទាំងនេះរួមមាន៖
- សួនច្បារសម្ដេចតេជោ ហ៊ុន សែន
- សួនច្បារមុខព្រះបរមរាជវាំង
- វិទ្យាល័យ ហ៊ុន សែន កំពង់លែង ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
- វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
- វិទ្យាល័យ ហ៊ុន សែន អ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ដើម្បីភ្ជាប់សេវា Wifi ដោយឥតគិតថ្លៃនេះ លោកអ្នកគ្រាន់ស្វែងរកឈ្មោះ Wifi ដែលមានឈ្មោះថា TC-Free Wifi បន្ទាប់មកចុចភ្ជាប់ជាការស្រេច ព្រោះ Wifi នេះមិនមានប្រើ Password ទេ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕