នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ណែនាំដល់ពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម និងចូលចិត្តទិញទំនិញតាមរយៈអនឡាញទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះអំពើឆបោកប្រាក់។
ដោយមើលឃើញការលក់ផលិតផល និងទិញទំនិញអនឡាញកំពុងពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី១៦ ខែសីហា ចេញផ្សាយសេចក្ដីជូនដំណឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋាន អំពាវនាវដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការទិញទំនិញដោយបារម្ភខ្លាចពួកគាត់ចាញ់បោកជនខិលខូចដែលឆ្លៀតឱកាសបោកប្រាស់យកប្រាក់។
នាយកដ្ឋានដដែលបញ្ជាក់ថា ជនខិលខូចទាំងនោះតែងតែមានល្បិចកលថ្មីៗជាបន្តបន្ទាប់ក្នុងការឆ្លៀតឱកាសឆបោកជនរងគ្រោះដែលជាអ្នកចូលចិត្តទិញទំនិញអនឡាញ។
ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យារបស់ក្រសួងមហាផ្ទៃ បង្ហាញនូវល្បិចកលឆបោកប្រាក់ដោយការលក់ទំនិញអនឡាញប្រើប្រាស់បច្ចេកទេសដូចខាងក្រោម៖
- ជនខិលខូចធ្វើការបង្ហោះលក់ផលិតផលក្នុងទំព័រហ្វេសប៊ុកផេក ឬបង្ហោះក្នុងគេហទំព័រទិញលក់
- ធ្វើការផ្សព្វផ្សាយផលិតផលតួយ៉ាងប្រើប្រាស់ Facebook Ads ជាមួយនឹងអត្ថបទ ឬវីដេអូទាក់ទាញលើផលិតផលរបស់ខ្លួន (ឧទាហរណ៍៖ គុណភាពខ្ពស់ តម្លៃថោក ពុំមានលក់ក្នុងទីផ្សារ។ល។)
- ពុំបានផ្តល់នូវលេខទូរស័ព្ទទំនាក់ទំនង ពោលគឺអាចទាក់ទងតាមរយៈសារបណ្តាញសង្គមតែប៉ុណ្ណោះ
- ណែនាំអតិថិជនធ្វើការទូទាត់ប្រាក់មុននឹងទទួលទំនិញ ដែលធាតុពិតពុំមានការបញ្ជូនទំនិញបន្ទាប់ពីជនខិលខូចទទួលបានប្រាក់ពីជនរងគ្រោះ។
ទាក់ទងនឹងការឆបោកខាងលើ អាជ្ញាធរមានសមត្ថកិច្ចបានបង្ក្រាបជាច្រើនករណីនាពេលកន្លងមក ប៉ុន្តែមានជនខិលខូចមួយចំនួនបានបន្តប្រព្រឹត្តអំពើល្មើសនេះជាបន្តបន្ទាប់។ ដូច្នេះនាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាមានការប្រុងប្រយ័ត្ន ពោលមិនត្រូវទូទាត់ប្រាក់មុនពេលទទួលបានទំនិញ ពិសេសការទូទាត់ប្រាក់ជាមួយការទិញផលិតផលអនឡាញពីអ្នកលក់ដែលអ្នកពុំបានស្គាល់ ឬពុំអាចទុកចិត្តបាន៕