ទីបំផុត មហាសេដ្ឋីពិភពលោកដែលគេស្គាល់ថាជា CEO នៃក្រុមហ៊ុនឡានដ៏ល្បីឈ្មោះ Tesla និងក្រុមហ៊ុនអវកាស SpaceX លោក Elon Musk ទិញយកបណ្ដាញសង្គម Twitter បានទាំងស្រុងហើយក្នុងតម្លៃសរុបរហូតដល់ ៤៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Twitter កាលពីម្សិលមិញ (ថ្ងៃទី២៥ មេសា) បានប្រកាសថា ក្រុមហ៊ុនអនុញ្ញាតឱ្យលោក Elon Musk ទិញយកបណ្ដាញសង្គម Twitter ទាំងមូល ដែលក្នុងមួយហ៊ុនមានតម្លៃ ៥៤,២០ដុល្លារ និងតម្លៃសរុបប្រមាណ ៤៤ពាន់លានដុល្លារ បន្ទាប់ពីមានភាពចម្រូងចម្រាសគ្នាអស់ជាច្រើនសប្ដាហ៍កន្លងមក។
លោក Elon Musk នឹងធ្វើឱ្យក្រុមហ៊ុន Twitter ក្លាយជាក្រុមហ៊ុនកាន់កាប់ដោយឯកជនវិញ និងមិនមានការជួញដូរភាគហ៊ុននៅលើទីផ្សារភាគហ៊ុនទៀតឡើយ។ ម្យ៉ាងទៀត លោក Elon Musk ក៏ចង់ឱ្យបណ្ដាញសង្គម Twitter ក្លាយជាកន្លែងបញ្ចេញមតិដោយសេរីបែបប្រជាធិបតេយ្យច្រើនជាងមុនផងដែរ។ លើសពីនេះ លោកនឹងបង្កើតមុខងារថ្មីៗ និងប្រែក្លាយ Twitter ទៅជាវេទិកាកូដចំហ (Open Source) ក្នុងន័យបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់ ហើយក៏នឹងដកចេញនូវ bot របស់ Twitter ជាច្រើនទៀត។
ទាក់ទងនឹងការប្រែក្លាយ Twitter ជាកន្លែងបញ្ចេញមតិដោយសេរីនេះ ក្រុមអ្នកការពារសិទ្ធិមនុស្សបង្ហាញក្ដីបារម្ភថា ការបញ្ចេញមតិដែលមាននិន្នាការស្អប់ខ្ពើម និងរើសអើង អាចនឹងមានការកើនឡើងនៅលើបណ្ដាញសង្គមមួយនេះ។ ពួកគេអះអាងថា លោក Elon Musk មាននិន្នាការនិយាយដោយសេរី ហើយធ្លាប់រិះគន់ចំពោះគោលការណ៍របស់ក្រុមហ៊ុន Twitter ដោយថាមានលក្ខណៈរឹតត្បិតសេរីភាពបញ្ចេញមតិរបស់អ្នកប្រើប្រាស់។
បណ្ដាញសង្គម Twitter មានអ្នកប្រើប្រាស់ជិត ៤០០លានគណនី និងប្រហែល ២០០លាននាក់ប្រើប្រាស់ជារៀងរាល់ថ្ងៃ ជាពិសេសអ្នកនយោបាយល្បីៗ និងមហាសេដ្ឋីនៅអឺរ៉ុប និងអាមេរិក ភាគច្រើនប្រើប្រាស់បណ្ដាញសង្គម Twitter មួយនេះសម្រាប់គណនីផ្លូវការរបស់ពួកគេ៕