ថ្មីៗនេះ ហ្វេសប៊ុកបានដាក់ឱ្យប្រើប្រាស់មុខងារមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដាក់កំហិតលើការមើលឃើញនូវផុសរបស់ពួកគេនៅលើ Timeline របស់ខ្លួនសម្រាប់តែមិត្តភ័ក្ដិនៅក្នុងបញ្ជីមិត្តភ័ក្ដិតែប៉ុណ្ណោះ។
មុខងារនេះមានឈ្មោះថា Lock Profile ដែលជាវិធីមួយក្នុងចំណោមវិធីផ្សេងទៀតដែលអ្នកប្រើប្រាស់ហ្វេសប៊ុក អាចកំណត់មិនឱ្យសាធារណជនលើហ្វេសប៊ុកមើលឃើញអំពីអ្វីដែលអ្នកបានផុសនៅលើគណនីរបស់អ្នកឡើយ ដូចជារូបភាព វីដេអូ និងផុសផ្សេងៗទៀត។ លើសពីនេះ វាក៏នឹងប្ដូរនូវការកំណត់លើរូបភាព វីដេអូ ឬផុសដែលអ្នកបានផុសពីមុនៗជាសាធារណៈ (Public) មកជាមិត្តភ័ក្ដិ (Friends) វិញ ហើយមុខងារ Review and tag review នឹងត្រូវបើកដំណើរការដោយស្វ័យប្រវត្តិ ព្រមទាំងបង្ហាញព័ត៌មានតិចតួចប៉ុណ្ណោះទាក់ទងនឹងគណនីរបស់អ្នកសម្រាប់មនុស្សទូទៅមើលឃើញនៅលើហ្វេសប៊ុក។
ទោះជាយ៉ាងណា មុខងារនេះគឺមិនទាន់ដាក់ឱ្យប្រើប្រាស់សម្រាប់គ្រប់គណនីហ្វេសប៊ុកទាំងអស់នៅឡើយទេ។ ប្រសិនបើអ្នកមិនទាន់ឃើញមុខងារនេះនៅលើគណនីរបស់អ្នកទេ នោះមានន័យថា គណនីរបស់អ្នកមិនទាន់ទទួលបានមុខងារនេះសម្រាប់ប្រើប្រាស់នៅឡើយទេ គឺត្រូវរង់ចាំមួយរយៈទៀតសិន។
ខាងក្រោមនេះ ជាវិធីចូលទៅកាន់មុខងារ Lock Profile ដើម្បីបើកដំណើរការមុខងារនេះនៅលើទូរសព្ទស្មាតហ្វូន Android៖
ជំហានទី១៖ បើកដំណើរការកម្មវិធីហ្វេសប៊ុក App លើទូរសព្ទ Android និង ចុចលើរូបប្រូហ្វាល់ (Profile) របស់អ្នក (សូមមើលរូបភាព)
ជំហានទី២៖ ចុចលើសញ្ញាចុចបី (សូមមើលរូបភាព)
ជំហានទី៣៖ ចុចលើពាក្យ Lock Profile
ជំហានទី៤៖ ចុចប៊ូតុង Lock your profile
ជំហានទី៥៖ ចុច OK ជាការស្រេច