
Twitter បានដាក់បម្រាមមិនអនុញ្ញាតឲ្យក្រុមហ៊ុនសារព័ត៌មានពីររបស់ប្រទេសរុស្ស៊ី ផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្ដាញសង្គម Twitter តទៅទៀតទេ។ ការដាក់បម្រាមនេះ បន្ទាប់ពី Twitter បានរកឃើញថា ក្រុមហ៊ុនសារព័ត៌មានទាំងពីរនេះបានដើរតួជំនួសរដ្ឋាភិបាលរុស្ស៊ី ដើម្បីព្យាយាមរំខានដល់ការបោះឆ្នោតរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៦។
សេចក្ដីប្រកាសព័ត៌មានរបស់ Twitter ឲ្យដឹងថា បម្រាមនេះគឺមានសុពលភាពភ្លាមៗបន្ទាប់ពី Twitter ចេញសេចក្ដីប្រកាសកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។
ក្រុមហ៊ុនសារព័ត៌មានពីរដែលត្រូវបាន Twitter ហាមផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គមរបស់ខ្លួននោះរួមមាន ទូរទស្សន៍ Russia Today (RT) និងសារព័ត៌មាន Sputnik។
សេចក្ដីប្រកាសព័ត៌មានរបស់ Twitter បន្តថា ការសម្រេចចិត្តនេះ គឺផ្អែកលើការងារដែលបានធ្វើអំឡុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ឆ្នាំ២០១៦ និងផ្អែកលើការសន្និដ្ឋានរបស់សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក (U.S. Intelligence Community) ដែលរកឃើញថា RT និង Sputnik បានព្យាយាមរំខានដល់ការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ជំនួសឲ្យរដ្ឋាភិបាលរុស្ស៊ី។
Twitter ក៏បានសម្រេចចិត្តយកប្រាក់បានពីការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យទូរទស្សន៍ RT បរិច្ចាគទៅឲ្យក្នុងការស្រាវជ្រាវនៃការប្រើប្រាស់ Twitter ផងដែរ៕