ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ដែលជាក្រុមហ៊ុនផ្ដល់សេវាបណ្ដាញទំនាក់ទំនងសង្គមដ៏ធំនៅលើពិភពលោក នៅពេលថ្មីៗនេះបានប្រកាសពីការផ្លាស់ប្ដូរគោលការណ៍ថ្មីក្នុងការកំណត់សន្តិសុខសុវត្ថិភាពនៃមុខងារសុវត្ថិភាពពីរជាន់ (Two-factor authentication) លើគណនីហ្វេសប៊ុកឲ្យមានភាពងាយស្រួលជាងមុន។
គោលការណ៍ថ្មីនេះ គឺក្រុមហ៊ុនហ្វេសប៊ុកលែងតម្រូវឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកប្រើលេខទូរស័ព្ទដើម្បីកំណត់សុវត្ថិភាពពីរជាន់ទៀតហើយ ហើយលោកអ្នកអាចប្រើកម្មវិធីផ្សេង (authentication app) ដើម្បីបង្កើតលេខកូដជំនួសវិញ។
ការផ្លាស់ប្ដូរគោលការណ៍ថ្មីដោយមិនចាំបាច់ប្រើលេខទូរស័ព្ទដើម្បីកំណត់សុវត្ថិភាពគណនីហ្វេសប៊ុកពីរជាន់នេះ ពីព្រោះអ្នកប្រើប្រាស់មួយចំនួនបានស្នើសុំឲ្យឈប់ប្រើលេខទូរស័ព្ទដើម្បីទទួលសារលេខកូដតាមរយៈការផ្ញើសារចូលលេខទូរស័ព្ទ ដោយសារមានបញ្ហាមួយចំនួននៅពេលទទួលសារលេខកូដនោះ។
ចំពោះកម្មវិធីបង្កើតលេខកូដ (authentication app) ភ្ជាប់ជាមួយគណនីហ្វេសប៊ុក លោកអ្នកអាចប្រើកម្មវិធី Authy Authentication App កម្មវិធី Google Authenticator ឬកម្មវិធី Duo Mobile ក៏បាន។
អានអត្ថបទ៖
- ចាក់សោ facebook ថែមមួយជាន់ទៀតមិនឲ្យ hacker លួចបាន
- Authy App កម្មវិធីបង្កើនសុវត្ថិភាពគណនីលើអនឡាញ
- របៀបឆែកមើលថាតើមានគេលួចចូលមើលគណនីហ្វេសប៊ុករបស់អ្នកឬអត់
Two-factor authentication ឬអាចហៅជាភាសាខ្មែរថា ចាក់សោពីរជាន់ឬសុវត្ថិភាពពីរជាន់ គឺជាមុខងារសុវត្ថិភាពដ៏ល្អមួយរបស់ហ្វេសប៊ុក ដើម្បីឲ្យអ្នកប្រើប្រាស់ការពារគណនីរបស់ខ្លួនបន្ថែមមួយជាន់ទៀត បន្ទាប់ពីបានដាក់លេខកូដសម្ងាត់ខ្លាំងរួចហើយ (strong password)។

ដូច្នេះ ចាប់ពីពេលនេះតទៅ នៅពេលលោកអ្នកកំណត់ two-factor authentication នៅលើគណនីហ្វេសប៊ុករបស់លោកអ្នក នោះហ្វេសប៊ុកនឹងផ្ដល់ជម្រើសពីរជូនលោកអ្នក គឺជម្រើសប្រើលេខទូរស័ព្ទដើម្បីទទួលសារលេខកូដតាមរយៈសារទូរស័ព្ទ ឬក៏ប្រើ authentication app ដើម្បីបង្កើតលេខកូដ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕