ក្រុមហ៊ុន Microsoft ប្រកាសអំពីការបញ្ចប់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 10 នៅរយៈពេល ៤ឆ្នាំខាងមុខទៀត។
ថ្ងៃចុងក្រោយនៃការគាំទ្រផ្នែកបច្ចេកទេសរបស់ប្រព័ន្ធប្រតិបត្តិការ Windows 10 នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ហើយប្រព័ន្ធប្រតិបត្តិការជំនាន់ជាមួយគ្នានេះរួមមាន Windows 10 Home, Windows 10 Pro, Windows 10 Pro Education និង Windows 10 Pro for Workstation។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន Microsoft ក៏បានបញ្ចប់ការគាំទ្រផ្នែកបច្ចេកទេសដូចគ្នានេះចំពោះប្រព័ន្ធប្រតិបត្តិការ Windows 7 ដែរ។
ការបញ្ចប់ការគាំទ្រផ្នែកបច្ចេកទេសមានន័យថា អ្នកប្រើប្រាស់ទាំងអស់នឹងលែងទទួលបានការធ្វើបច្ចុប្បន្នភាព (អាប់ដេត) ប្រព័ន្ធសុវត្ថិភាព (security updates) នៅលើប្រព័ន្ធប្រតិបត្តិការ Windows របស់អ្នកទៀតហើយ ដែលទាមទារឱ្យអ្នកទិញនូវប្រព័ន្ធប្រតិបត្តិការថ្មីមកដំឡើងលើម៉ាស៊ីនរបស់អ្នកជំនួសវិញ។
ទោះជាយ៉ាងណា ក្រុមហ៊ុននេះទើបតែបញ្ចេញនូវជំនាន់ចុងក្រោយនៃប្រព័ន្ធប្រតិបត្តិការ Windows 10 កាលពីខែឧសភា កន្លងទៅនេះប៉ុណ្ណោះ ដែលមានឈ្មោះថា Windows 10 May 2021 ឬហៅកាត់ថា 21H1។ លើសពីនេះទៀត ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft នឹងបង្ហាញជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ Windows នៅក្នុងព្រឹត្តិការណ៍និម្មិតនៅសប្ដាហ៍បន្ទាប់ គឺថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ៕