ក្រុមហ៊ុន Apple ដាក់ឱ្យដំណើរការនូវកម្មវិធី iCloud ជំនាន់ថ្មីនៅលើហាងរបស់ក្រុមហ៊ុន Microsoft (Microsoft Store) សម្រាប់ឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ វីនដូ១០ (Windows 10) ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការទទួលបានអត្ថប្រយោជន៍ពីគណនី iCloud របស់ពួកគេនៅលើ Windows 10។
នៅក្នុងប្លក់ (blog) របស់ក្រុមហ៊ុន Microsoft ចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឱ្យដឹងថា កម្មវិធី iCloud ថ្មីនេះនឹងអនុញ្ញាតឱ្យអតិថិជនរបស់ក្រុមហ៊ុន Apple ផ្ទុក និងអាក់សេស (access) ទៅកាន់ទិន្នន័យរបស់ពួកគេទាំងនៅលើឧបករណ៍របស់ Microsoft និងឧបករណ៍របស់ Apple។
អ្នកប្រើប្រាស់នឹងងាយស្រួលក្នុងការអាក់សេសទៅកាន់រូបថត វីដេអូ អ៊ីមែល ប្រតិទិន ឯកសារ និងទិន្នន័យសំខាន់ៗដទៃទៀតពីគណនី iCloud និងនៅលើកុំព្យូទ័រប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 ក្នុងពេលជាមួយគ្នា។ iCloud គឺជាកន្លែងសម្រាប់ភ្ជាប់ទៅកាន់ iCloud Drive, iCloud Photos, Mail, Contacts, Calendar, Reminders, Safari Bookmarks និងផ្សេងៗទៀត។
កម្មវិធីថ្មីរបស់ iCloud នៅលើ Windows app និង iCloud Drive នៅលើកុំព្យូទ័រប្រើប្រាស់ Windows 10 នឹងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដូចជា៖
- ប្រើប្រាស់ទិន្នន័យពីក្នុង iCloud Drive នៅលើ File Explorer របស់ Windows ដោយមិនចាំបាច់អស់ទំហំផ្ទុកទិន្នន័យនៅលើកុំព្យូទ័រ
- កំណត់ឯកសារ និងថាសផ្ទុកឯកសារ (files and folders) ដែលអ្នកត្រូវការដើម្បីរក្សានៅលើកុំព្យូទ័រ
- រក្សាឯកសារទាំងអស់របស់អ្នកនៅលើ iCloud Drive ដោយសុវត្ថិភាព និងអាចចូលប្រើប្រាស់ឯកសារទាំងនោះពីឧបករណ៍ iOS, Mac និងនៅលើវេបសាយ iCloud.com
- ងាយស្រួលចែករំលែកឯកសារពី File Explorer នៅលើ Windows 10 ហើយនៅពេលដែលមានការកែតម្រូវលើឯកសារណាមួយ នឹងត្រូវ synced ទៅគ្រប់ឧបករណ៍ទាំងអស់របស់អ្នក។
ក្រុមហ៊ុនទាំងពីរនេះបញ្ជាក់ថា ចាប់ពីថ្ងៃផ្សាយនេះទៅ អ្នកអាចទាញយកកម្មវិធី iCloud សម្រាប់ Windows បានហើយនៅក្នុង Microsoft Store ក្នុងទម្រង់ជា App។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕