ទូរស័ព្ទវៃឆ្លាត ឬហៅថា ស្មាតហ្វូន (Smartphone) ថេបប្លេត (Tablets) ក៏ដូចជាកុំព្យូទ័រ (Computer) ដែរ អ្នកត្រូវការពារវាឲ្យមានសុវត្ថិភាព ពីព្រោះអត្តសញ្ញាណ ទិន្នន័យធនាគារ ទិន្នន័យអាជីវកម្ម និងទិន្នន័យសំខាន់ៗផ្សេងទៀតរបស់អ្នក គឺត្រូវបានផ្ទុកនៅលើឧបករណ៍ទាំងនេះដើម្បីងាយស្រួលយកប្រើប្រាស់។
សព្វថ្ងៃ និន្នាការនៃការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ឬថេបប្លេតច្រើនជាងការប្រើប្រាស់កុំព្យូទ័របម្រើឱ្យកិច្ចការងារប្រចាំថ្ងៃ នោះគេឃើញថា Malware ឬមេរោគលើឧបករណ៍ទាំងនេះក៏កើនឡើងដែរ ដូច្នេះអ្នកត្រូវតែប្រាកដថា ទូរស័ព្ទរបស់អ្នកគឺមានសុវត្ថិភាពជានិច្ច ហើយ Tech Khmer សូមលើកយកគន្លឹះ ៩ចំណុចដែលអាចធ្វើឲ្យទូរស័ព្ទ និងទិន្នន័យក្នុងទូរស័ព្ទរបស់អ្នកមានសុវត្ថិភាពដូចខាងក្រោម៖
ចំណុចទី១៖ ចាក់សោទូរស័ព្ទរបស់អ្នកជានិច្ច (Lock Your Phone)
វាមានសារសំខាន់មែនទែនដែលអ្នកត្រូវតែកំណត់ទូរស័ព្ទរបស់អ្នកឲ្យចាក់សោដោយស្វ័យប្រវត្តិនៅក្នុងរយៈពេលខ្លីណាមួយដែលអ្នកមិនបានប្រើប្រាស់វា ពីព្រោះនៅពេលដែលទូរស័ព្ទរបស់អ្នកជាប់សោ នោះវានឹងការពារមិនឲ្យអ្នកដទៃប្រើប្រាស់ទូរស័ព្ទរបស់អ្នក ក៏ដូចជាមិនអាចចូលមើលទិន្នន័យសំខាន់ៗ និងកម្មវិធីទាំងអស់នៅក្នុងទូរស័ព្ទផងដែរ។
បច្ចុប្បន្ន ទូរស័ព្ទឆ្លាតវៃ (Smartphone) ផ្ដល់ជម្រើសជាច្រើនក្នុងការចាក់សោទូរស័ព្ទ ដូចជាប្រើម្រាមដៃ (ខ្ចៅដៃ / fingerprint) ស្កេនមុខ (facial recognition) ដាក់លេខកូដ (passcode) ដាក់ជាពាក្យសម្ងាត់ (password) ឬដាក់ជា pattern ជាដើម។ ដូច្នេះ អ្នកអាចប្រើជម្រើសណាមួយដែលអ្នកគិតថាសមស្រប និងតាមសមត្ថភាពនៃទូរស័ព្ទរបស់អ្នក។ ចំណែកឯការដោះសោទូរស័ព្ទ វាមិនចំណាយពេលយូរ និងមិនពិបាកទេសម្រាប់អ្នកជាម្ចាស់។
ការកំណត់រយៈពេលចាក់សោដោយស្វ័យប្រវត្តិកាន់តែខ្លី នោះនឹងធានាថាគ្មាននរណាម្នាក់អាចចូលប្រើទូរស័ព្ទរបស់អ្នកបានទេពេលពួកគេយកបានទូរស័ព្ទរបស់អ្នកបាន ឬអ្នកមិនបានប្រើវា។ ម្យ៉ាងទៀត អ្នកក៏គួរកំណត់ឲ្យទូរស័ព្ទទាមទារលេខកូដសម្ងាត់នៅពេលទូរស័ព្ទរបស់អ្នកត្រូវបានគេ Restart និងទាមទារ PIN ផងដែរ។
អានអត្ថបទ៖ របៀបដាក់លេខកូដសម្ងាត់លើ iPhone, iPad និង iPod Touch
អានអត្ថបទផ្សេងទៀត៖
- Play YouTube Videos នៅក្នុង Background ទូរស័ព្ទ Android និង iPhone
- YouTube លុបវីដេអូជាង ៨លានវីដេអូក្នុងរយៈពេល ៣ខែ
- Facebook Account ត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ACCP
ចំណុចទី២៖ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ (Keep the OS Up to date)
អ្នកត្រូវធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ (Update OS) ទៅកាន់ជំនាន់ចុងក្រោយបង្អស់ ពីព្រោះរាល់ការចេញនូវជំនាន់ OS នីមួយៗមិនថា iOS ឬ Android គឺក្រុមហ៊ុនបានជួសជុលកំហុសឆ្គងជាច្រើនដែលបានកើតឡើង និងជួសជុលបញ្ហាមិនប្រក្រតីមួយចំនួនដើម្បីការពារមិនឲ្យក្រុមហេគឃឺ (Hackers) ចូលលួចទិន្នន័យពីក្នុងទូរស័ព្ទរបស់អ្នកបាន។ អ្នកប្រើប្រាស់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការអែនឌ្រោយ (Android OS) គឺមានអត្រាងាយរងគ្រោះច្រើនជាងអ្នកប្រើប្រាស់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ អាយអូអេស (iOS)។
ក្នុងករណីទូរស័ព្ទរបស់អ្នកមិនអាច Update OS ទៅកាន់ជំនាន់ចុងក្រោយបានទេ Tech Khmer សូមណែនាំអ្នកត្រូវផ្លាស់ប្ដូរទូរស័ព្ទស៊េរីថ្មីមកប្រើប្រាស់វិញ ដើម្បីធានាថាទិន្នន័យសំខាន់ៗរបស់អ្នកត្រូវបានការពារ។ នៅពេលអ្នកទិញទូរស័ព្ទស៊េរីថ្មី សូមពិចារណាថាតើទូរស័ព្ទនោះអាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការបានប៉ុន្មានដង និងអាចបានយូរដល់ពេលណា។ ជាទូទៅ ទូរស័ព្ទប្រើ Android អាចអាប់ដេត OS បានពីរយៈពេល ២-៣ឆ្នាំ ខណៈផលិតផលរបស់ Apple អាចទទួលបានការអាប់ដេតក្នុងរយៈពេល ៥-៦ឆ្នាំ។
ចំណុចទី៣៖ ជៀសវាងប្រើប្រាស់ទូរស័ព្ទគ្មានម៉ាកច្បាស់លាស់ (Avoid Insecure Brands)
ទូរស័ព្ទឆ្លាតវៃ (Smartphone) នៅលើទីផ្សារសព្វថ្ងៃមានច្រើនប្រភេទ ច្រើនម៉ាក និងមានតម្លៃខុសគ្នាច្រើនផងដែរ។ ទោះបីជាទូរស័ព្ទនៅលើទីផ្សារមានច្រើនម៉ាកពិតមែនក៏ដោយ យើងមិនប្រាកដថាទូរស័ព្ទទាំងអស់នោះនឹងការពារអ្នកប្រើប្រាស់បានដូចគ្នានោះទេ។ ទូរស័ព្ទខ្លះបានបង្កប់កូដដែលតាមដានអ្នករាល់សកម្មភាព និងអាចលួចចម្លងទិន្នន័យពីក្នុងទូរស័ព្ទរបស់អ្នក ហើយផ្ញើទៅកាន់ម្ចាស់ពួកវាផងដែរ។
ដូច្នេះ សូមពិចារណាជ្រើសរើសយកទូរស័ព្ទដែលមានកិត្តិសព្ទល្អ និងកេរ្តិ៍ឈ្មោះល្អនៅលើទីផ្សារ ដើម្បីសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
ចំណុចទី៤៖ កូដនីយកម្ម (Encryption)
សូមពិនិត្យមើលថា តើទូរស័ព្ទរបស់អ្នកជាប្រភេទទូរស័ព្ទដែលមានជម្រើសដើម្បីកំណត់ Encrypt Storage ដែរឬអត់? ទូរស័ព្ទទាំងអស់នៅលើទីផ្សារមិនដូចគ្នាទេ។ ទូរស័ព្ទខ្លះបានកំណត់ Encrypt Storage រួចជាស្រេច ចំណែកទូរស័ព្ទខ្លះទៀត អនុញ្ញាតឲ្យអ្នកមានជម្រើសកំណត់ Encrypt ឬមិនចង់ Encrypt។ កូដនីយកម្ម (Encryption) គឺក្នុងគោលបំណងការពារទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទឲ្យមានសុវត្ថិភាព។ មានន័យថា នៅពេលដែលទូរស័ព្ទរបស់អ្នកត្រូវបានធ្វើកូដនីយកម្ម នោះវាទាមទារអ្នកត្រូវតែដាក់លេខកូដសម្ងាត់ ដូច្នេះវាប្រើលេខកូដសម្ងាត់នេះការពារទិន្នន័យរបស់អ្នកមិនឱ្យអ្នកដទៃ ឬក្រុមហេគឃឺដែលគ្មានលេខកូដសម្ងាត់អាចបើក ឬមើលទិន្នន័យនៅក្នុងទូរស័ព្ទបានឡើយ។
Tech Khmer សូមលើកទឹកចិត្តអ្នកឲ្យកំណត់ Encryption Storage នៅលើទូរស័ព្ទឆ្លាតវៃរបស់អ្នក។
ចំណុចទី៥៖ ដំឡើងកម្មវិធីកម្ចាត់មេរោគ និងស្កេនរកមេរោគ (Install Anti-virus Software & Scan for Viruses)
ទន្ទឹមនឹងទូរស័ព្ទឆ្លាតវៃ (Smartphone) កើនឡើងជាច្រើន និងមានច្រើនម៉ាកផងនោះ កម្មវិធីទូរស័ព្ទ (Mobile Apps) ជាច្រើនក៏ត្រូវបានបង្កើតឡើងដែរ។ មិនមែន Apps ទាំងអស់សុទ្ធតែល្អនោះទេ មាន Apps ខ្លះត្រូវបានបង្កើតឡើងដោយក្រុមហេគឃឺ និងបានបង្កប់ Malware ឬមេរោគនៅក្នុងនោះ។ ដូច្នេះ អ្នកគួរដំឡើងកម្មវិធីកម្ចាត់មេរោគ ឬកម្មវិធីកម្ចាត់ Malware នៅលើឧបករណ៍របស់អ្នក ដើម្បីការពារទូរស័ព្ទរបស់អ្នកឲ្យកាន់តែមានសុវត្ថិភាពថែមទៀត។
ចំណុចទី៦៖ ប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធី (Apps)
នៅពេលដែលអ្នកទាញយកកម្មវិធីទូរស័ព្ទ (Apps) ត្រូវតែប្រាកដថាអ្នកទាញយកពួកវាពីហាងផ្លូវការ (official app store) ដូចជា Apple Store ឬ Google Play Store និងចាំបាច់ត្រូវឈ្វេងយល់ពីមតិរបស់អ្នកប្រើប្រាស់កម្មវិធីទាំងនោះនៅក្នុងផ្នែក comment ជាពិសេសមើលពីការដាក់ពិន្ទុ ចំនួនទាញយក និងព័ត៌មានទំនាក់ទំនងអ្នកបង្កើតកម្មវិធី។ ម្យ៉ាងទៀត សូមអានពីគោលការណ៍ឯកជនភាពរបស់កម្មវិធី មុននឹងសម្រេចដំឡើងនៅលើទូរស័ព្ទ។
ក្រុមហេគឃឺបង្កើតកម្មវិធីទូរស័ព្ទដោយបន្លំឈ្មោះស្រដៀងនឹងកម្មវិធីដែលល្បីៗក្នុងគោលបំណងធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំ ដើម្បីមានឱកាសលួចយកទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់ទូរស័ព្ទ Android អាចរងគ្រោះច្រើនជាងអ្នកប្រើប្រាស់ iOS ដោយសារការត្រួតពិនិត្យលើកម្មវិធីដែលបានដាក់ទៅហាង Google Play Store មិនសូវតឹងរ៉ឹងដូចនៅលើហាង Apple Store នោះទេ។
ចំណុចទី៧៖ ប្រុងប្រយ័ត្នចំពោះការភ្ជាប់ Wi-Fi
ស្មាតហ្វូនសុទ្ធតែអាចភ្ជាប់ទៅកាន់អ៊ីនធឺណិតគ្រប់ទីកន្លែងដែលយើងទៅដល់ និងអាចភ្ជាប់តាមរយៈ Wi-Fi។ កន្លែងដែលពេញនិយមបំផុតក្នុងការភ្ជាប់ Wi-Fi នោះ គឺហាងកាហ្វេ និងភោជនីយដ្ឋានដែលតែងតែផ្ដល់អ៊ីនធឺណិតដោយមិនគិតថ្លៃ។
ដូច្នេះ អ្នកគួរពិចារណាមុននឹងភ្ជាប់ទៅកាន់ Wi-Fi ដែលមិនមានសុវត្ថិភាពដូចជាមិនមានដាក់ពាក្យសម្ងាត់ដើម្បីភ្ជាប់ ជាពិសេសនៅទីសាធារណៈ។ ប្រសិនបើក្នុងករណីចាំបាច់ដែលអ្នកត្រូវតែភ្ជាប់ សូមប្រើប្រាស់ VPN និងកុំធ្វើប្រតិបត្តិការសំខាន់ៗដូចជាប្រតិបត្តិការហិរញ្ញវត្ថុ ដំណើរការកម្មវិធីធនាគារ ឬទិន្នន័យដែលអ្នកគិតថាសំខាន់។
អត្ថបទគួរអាន៖ គន្លឹះគួរដឹងនៅពេលប្រើ Public Wi-Fi ឱ្យមានសុវត្ថិភាព
ចំណុចទី៨៖ កុំ Jailbreak ឬ Root ទូរស័ព្ទរបស់អ្នក (Don’t Jailbreak Your Phone)
អ្នកដែលជា fan របស់ទូរស័ព្ទ iPhone ប្រាកដជាធ្លាប់ឮពាក្យ Jailbreak ជាក់ជាមិនខាន។ Jailbreak iPhone មានន័យថា hack iPhone ដើម្បីអាចដំឡើងកម្មវិធីបានដោយសេរី ទាំងកម្មវិធីគិតថ្លៃ និងកម្មវិធីមិនគិតថ្លៃ ឬអាចដាក់ Sim Card ក្រុមហ៊ុនផ្សេងប្រសិនបើទូរស័ព្ទនោះត្រូវបានកំណត់សម្រាប់តែក្រុមហ៊ុនទូរស័ព្ទជាក់លាក់ណាមួយ។ លើសពីនេះទៀត ក្រោយពី Jailbreak អ្នកក៏អាចចូលទៅគ្រប់គ្រង file system បានទាំងមូលផងដែរ។ ចំណែកឯពាក្យ Root Phone វិញសម្រាប់អ្នកប្រើប្រាស់ Android OS គឺមានន័យដូចនឹងពាក្យ Jailbreak និងក្នុងគោលបំណងប្រហាក់ប្រហែលគ្នាដែរ។
ទាំង Jailbreak iPhone និង Root Phone គឺជាឱកាសមួយផងដែរសម្រាប់ក្រុមហេគឃឺ (Hackers) អាចបញ្ជ្រាបមេរោគ ឬ Malware ចូលទៅកាន់ទូរស័ព្ទរបស់អ្នក ដើម្បីលួចយកព័ត៌មានសំខាន់ៗនៅក្នុងទូរស័ព្ទ និងធ្វើសកម្មភាពផ្សេងៗជាច្រើនទៀត។
ហេតុផលនេះ អ្នកពុំគួរ Jailbreak ឬ Root device របស់អ្នកនោះទេ ដើម្បីការពារទូរស័ព្ទរបស់លោកអ្នកឲ្យមានសុវត្ថិភាព។
ចំណុចទី៩៖ ថតចម្លងទិន្នន័យជាប្រចាំ (Backup your data)
ការថតចម្លងទិន្នន័យរបស់អ្នកជាទៀងទាត់ នោះនឹងអាចកាត់បន្ថយហានិភ័យនៃការបាត់បង់ទិន្នន័យសំខាន់ៗពីទូរស័ព្ទនៅពេលដែលអ្នកបាត់ទូរស័ព្ទ ឬទូរស័ព្ទខូចជាដើម។ ចំពោះទីកន្លែងរក្សាទុកទិន្នន័យចម្លង អ្នកអាចផ្ទុកនៅលើកុំព្យូទ័រ ឬផ្ទុកនៅលើក្លោដ (Cloud) ទៅតាមលទ្ធភាពរបស់អ្នក៕