អ្នកប្រើប្រាស់ហ្វេសប៊ុក (facebook) មួយចំនួនមិនបានចាប់អារម្មណ៍ថា គណនីហ្វេសប៊ុក (facebook account) របស់ពួកគាត់ ត្រូវគេលួចចូលមើលនោះទេ។ តើធ្វើម៉េចទើបដឹងថាមានគេលួចចូលមើលគណនីហ្វេសប៊ុករបស់យើងទៅ?
Tech Khmer សូមលើកយកវិធីឆែកមើល ថាតើគណនីហ្វេសប៊ុករបស់យើងមានគេលួចមើលឬអត់ ដូចខាងក្រោម។
វិធីទី១៖ ឆែកមើលគណនីហ្វេសប៊ុកតាមរយៈកុំព្យូទ័រ
ជំហានទី១៖ Login គណនីហ្វេសប៊ុករបស់អ្នកនៅកុំព្យូទ័រ រួចចុចលើសញ្ញាព្រួញនៅខាងលើផ្នែកខាងស្ដាំដៃ រួចចុចលើពាក្យ Settings (ដូចរូបខាងក្រោម)។
ជំហានទី២៖ ចុចលើពាក្យ Security and Login នៅផ្នែកខាងឆ្វេងដៃ រួចស្វែងរកពាក្យ Where You’re Logged In បន្ទាប់មកចុចលើពាក្យ See more ដើម្បីមើលព័ត៌មានទាំងអស់ទាក់ទងនឹងឧបករណ៍ដែលភ្ជាប់ជាមួយនឹងគណនីហ្វេសប៊ុករបស់អ្នក (មើលរូបខាងក្រោម)។
ជំហានទី៣៖ បើសិនជាអ្នកសង្កេតឃើញថាមានឧបករណ៍ចម្លែកភ្ជាប់ជាមួយគណនីហ្វេសប៊ុករបស់អ្នក ឬបើកចូលមើលគណនីហ្វេសប៊ុករបស់អ្នកពីទីតាំងផ្សេងដែលអ្នកមិនស្គាល់ ឬមិនធ្លាប់ទៅ លោកអ្នកត្រូវ Log out ចេញពីឧបករណ៍នោះ ដោយចុចលើសញ្ញាចុចបីបញ្ឈរ រួចជ្រើសយកពាក្យ Log out (មើលរូបខាងក្រោម) បើចាំបាច់ លោកអ្នកត្រូវប្ដូរលេខកូដសម្ងាត់ភ្លាម។
ជំហានទី៤៖ លោកអ្នកក៏អាច Log out ឧបករណ៍ទាំងអស់ចេញពីគណនីហ្វេសប៊ុករបស់លោកអ្នកបានដែរ ដោយគ្រាន់តែចុចលើពាក្យ Log Out Of All Sessions ដូចក្នុងរូបភាពខាងក្រោម ដើម្បីដកចេញឧបករណ៍ដែលត្រូវបានគេប្រើប្រាស់ដើម្បីចូលគណនីហ្វេសប៊ុករបស់លោកអ្នក (មើលរូបភាពខាងក្រោម)។
ជំហានទី៥៖ បន្ទាប់មកចុចលើប៊ូតុង Log Out ដូចរូបខាងក្រោមជាការស្រេច។
អានអត្ថបទផ្សេងទៀត៖
- Facebook Account ត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅ ACCP
- ចាក់សោគណនីហ្វេសប៊ុកថែមមួយជាន់ទៀត តាមរយៈកម្មវិធី Authy
- របៀបទាញយកគណនីហ្វេសប៊ុកដែលត្រូវគេលួច យកមកវិញ
វិធីទី២៖ ឆែកមើលគណនីហ្វេសប៊ុកតាមរយៈកម្មវិធីហ្វេសប៊ុកនៅលើទូរស័ព្ទឆ្លាតវៃ Android (Facebook App)
ជំហានទី១៖ បើកដំណើរការកម្មវិធីហ្វេសប៊ុកនៅលើទូរស័ព្ទ (Facebook App) ដោយ Log in ចូលទៅកាន់គណនីហ្វេសប៊ុករបស់លោកអ្នក រួចហើយចុចលើសញ្ញាគូសឆ្នូតបីផ្ដេកនៅខាងលើផ្នែកខាងស្ដាំ សម្រាប់ទូរស័ព្ទ Android និងចុចលើសញ្ញាគូសឆ្នូតបីផ្ដេកនៅខាងក្រោមផ្នែកខាងស្ដាំ សម្រាប់ទូរស័ព្ទ iPhone or iPad (មើលរូបភាពខាងក្រោម)។
ជំហានទី២៖ ចុចលើពាក្យ Settings & Privacy (មើលរូបភាពខាងក្រោម)។
ជំហានទី៣៖ ចុចលើពាក្យ Settings (មើលរូបភាពខាងក្រោម)។
ជំហានទី៤៖ បន្ទាប់មកចុចលើពាក្យ Security and Login (មើលរូបភាពខាងក្រោម)។
ជំហានទី៥៖ ចុចលើពាក្យ See More ឬក៏សញ្ញាក្បាលព្រួញចុះក្រោម ដើម្បីមើលឧបករណ៍ដែលត្រូវបានប្រើប្រាស់ដើម្បីចូលគណនីហ្វេសប៊ុករបស់លោកអ្នក (មើលរូបភាពខាងក្រោម)។
ជំហានទី៦៖ ស្វែងរកឧបករណ៍ចម្លែក ឬមិនមែនជាឧបករណ៍របស់លោកអ្នក (ដូចជាទូរស័ព្ទ ឬក៏ iPad ឬក៏កុំព្យូទ័រជាដើម)។ រូបភាពខាងក្រោមដែលមានបន្ទាត់ពណ៌ក្រហមព័ទ្ធជុំវិញ ជាឧទាហរណ៍មួយដែលបង្ហាញថា គណនីហ្វេសប៊ុករបស់អ្នក ត្រូវបានគេ Log in នៅលើទូរស័ព្ទ OnePlus 3T ពីទីក្រុង Harbin ប្រទេសចិន ដោយប្រើ Facebook App កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។
ជំហានទី៧៖ បើសិនជាលោកអ្នករកឃើញថាមានឧបករណ៍ចម្លែកបាន Login ដើម្បីប្រើប្រាស់គណនីហ្វេសប៊ុករបស់លោកអ្នក សូមចុចសញ្ញាចុចបីបញ្ឈរ (…) នៅផ្នែកខាងស្ដាំនៃជួរឧបករណ៍នីមួយៗ រួចជ្រើសយកពាក្យ Log out ជាការស្រេច (មើលរូបភាពខាងក្រោម)។
ជំហានទី៨៖ លោកអ្នកក៏អាច Log out ឧបករណ៍ទាំងអស់ចេញពីគណនីហ្វេសប៊ុករបស់លោកអ្នកបានដែរ ដោយគ្រាន់តែចុចលើពាក្យ Log Out Of All Sessions នៅផ្នែកខាងក្រោមបង្អស់ ដើម្បីដកចេញឧបករណ៍ដែលត្រូវបានគេប្រើប្រាស់ដើម្បីចូលគណនីហ្វេសប៊ុករបស់លោកអ្នក (មើលរូបភាពខាងក្រោម)។
ជំហានទី៩៖ បន្ទាប់មកចុចលើប៊ូតុង Log Out ជាការស្រេច (មើលរូបភាពខាងក្រោម)។