ក្នុងរដូវប្រាំងឆ្នាំ២០១៩ នេះ កម្ពុជា ទទួលរងឥទ្ធិពលពីបាតុភូត El Nino ក្នុងកម្រិត ៦០% និង ៤០% ទៀតទទួលរងឥទ្ធិពលពីបាតុភូតអន្តរកាល (បាតុភូតដែលនៅចន្លោះរវាង El Nino និង La Nina) ដែលធ្វើឲ្យរដូវប្រាំងឆ្នាំនេះមានសភាពក្ដៅខ្លាំងជាងឆ្នាំមុន ហើយនឹងបន្តអូសបន្លាយដល់ពាក់កណ្ដាលខែឧសភា។
ក្នុងក្របខណ្ឌទូទាំងប្រទេស សីតុណ្ហភាពអតិបរមាមធ្យមនឹងស្ថិតក្នុងរង្វង់ពី ៣៦-៣៨អង្សាសេ។ ដោយឡែកនៅក្នុងខែមេសា និងខែឧសភា ធាតុអាកាសនឹងមានសភាពក្ដៅហួតហែងខ្លាំង ហើយពេលខ្លះសីតុណ្ហភាពអតិបរមានឹងហក់ឡើងដល់ ៤០-៤២អង្សាសេ ពិសេសនៅតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង។ នេះបើតាមការព្យាករអាកាសធាតុលើកទី២ របស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងសភាពនៃអាកាសធាតុក្ដៅខ្លាំងបែបនេះ កុំថាឡើយមនុស្សពិបាករស់នៅទប់ទល់នឹងកម្ដៅក្ដៅ សូម្បីតែឧបករណ៍អេឡិចត្រូនិចដែលលោកអ្នកប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសទូរស័ព្ទឆ្លាតវៃ (Smartphone) របស់លោកអ្នក ក៏នឹងមានបញ្ហាខ្លះដែរ ដូចជាឡើងកម្ដៅនៅពេលប្រើជាដើម លើកលែងតែលោកអ្នកប្រើប្រាស់វានៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ប៉ុណ្ណោះ។
ដើម្បីរក្សាស្មាតហ្វូនរបស់អ្នកកុំឱ្យឡើងកម្ដៅខ្លាំងដែលអាចបណ្ដាលឲ្យឆាប់ខូច ឬផ្ទុះ Tech Khmer សូមលើកយកវិធីមួយចំនួនមកបង្ហាញលោកអ្នកដូចខាងក្រោមនេះ៖
គន្លឹះទី១៖ កុំទុកទូរស័ព្ទចោលក្នុងឡានដែលចតចោល
ស្ដាប់ទៅដូចជាសាមញ្ញ ប៉ុន្តែប្រសិនបើជាអ្នកទុកទូរស័ព្ទចោលនៅក្នុងឡាន នោះទូរស័ព្ទរបស់អ្នកនឹងឡើងកម្ដៅ ហើយអាចឈានដល់ផ្ទុះទៀតផង ពីព្រោះតែឡានដែលទុកចោលហាលក្ដៅ ឬក្នុងរោងឡានក៏ដោយ ក៏សីតុណ្ហភាពក្នុងឡាននឹងឡើងកម្ដៅដែរ។ ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Western Australia បង្ហាញថា សីតុណ្ហភាពក្នុងឡានដែលចតនៅចំណត គឺមានសីតុណ្ហភាពក្ដៅជាងខាងក្រៅឡាន ២០អង្សាសេ។ មានន័យថា បើសិនជាកម្ដៅនៅខាងក្រៅឡានមានសីតុណ្ហភាព ៣៥អង្សាសេ នោះកម្ដៅក្នុងឡានដែលចតនៅចំណតនឹងមានកម្ដៅ ៥៥អង្សាសេ។ ដូច្នេះ ការទុកស្មាតហ្វូនរបស់អ្នកចោលក្នុងឡាន នឹងអាចបណ្ដាលឲ្យវាផ្ទុះបាន។
ម្យ៉ាងវិញទៀត ប្រសិនបើអ្នកបើកបរក្នុងចម្ងាយឆ្ងាយ អ្នកអាចដាក់ស្មាតហ្វូនលើជើងទម្រទូរស័ព្ទឲ្យនៅជិតនឹងម៉ាស៊ីនត្រជាក់ឡាន ដើម្បីឲ្យទូរស័ព្ទទទួលបានខ្យល់ត្រជាក់ និងមិនបណ្ដាលឲ្យវាឡើងកម្ដៅ ហើយក្នុងករណីចាំបាច់ដែលអ្នកត្រូវតែទុកទូរស័ព្ទក្នុងឡាន នោះអ្នកអាចពិចារណាទុកវានៅក្នុងថតទុកអីវ៉ាន់ (គូទឡាន) ពីព្រោះវាជាផ្នែកដែលល្អបំផុតក្នុងឡាន។
គន្លឹះទី២៖ បិទកម្មវិធី ឬមុខងារដែលអ្នកមិនត្រូវការប្រើ
ចូរអ្នកបិទ Bluetooth, LTE, Wi-Fi, GPS និងកម្មវិធីមួយចំនួនទៀត ប្រសិនបើអ្នកមិនត្រូវការប្រើប្រាស់វានៅពេលដែលអ្នកកំពុងបើកបរ ឬអ្នកកំពុងធ្វើអ្វីផ្សេង។ វិធីនេះនឹងប្រាកដថា ទូរស័ព្ទរបស់អ្នកនឹងមិនធ្វើការលើសកម្រិតដែលបណ្ដាលឲ្យវាឡើងកម្ដៅ ខណៈដែលវានៅក្នុងហោប៉ៅ ឬក៏ក្នុងកាបូប។ ចំណុចនេះក៏ជាផ្នែកមួយជួយធ្វើឲ្យអាយុកាលនៃថ្មទូរស័ព្ទរបស់អ្នកប្រើបានយូរផងដែរ។
គន្លឹះទី៣៖ ដោះស្រោមទូរស័ព្ទចេញ (phone case)
ប្រាកដណាស់! ស្រោមទូរស័ព្ទគឺជាផ្នែកមួយជួយលំអទូរស័ព្ទរបស់អ្នកឲ្យកាន់តែមានសោភណភាពមួយកម្រិតថែមទៀត និងជួយការពារពីការបាក់បែកដោយសារការធ្លាក់ ឬជ្រុះពីហោប៉ៅ តុ និងគ្រែ ជាដើម។ ប៉ុន្តែនៅរដូវក្ដៅនេះ វាបែរជាជួយឲ្យទូរស័ព្ទរបស់អ្នកឡើងកម្ដៅទៅវិញ។ ដូច្នេះ អ្នកអាចដោះស្រោមការពារទូរស័ព្ទចេញមួយរយៈពេលសិន ដើម្បីទុកឲ្យទូរស័ព្ទរបស់អ្នកមិនឡើងកម្ដៅ។
គន្លឹះទី៤៖ កុំដាក់ទូរស័ព្ទគរលើគ្នា ឬគរលើ Power Bank
ការដាក់ទូរស័ព្ទពីរ ឬបីគរលើគ្នា ក៏អាចធ្វើទូរស័ព្ទរបស់អ្នកឡើងកម្ដៅមួយកម្រិតទៀតដែរ។ សូមទុកវាឱ្យនៅដោយឡែកពីគ្នា ដើម្បីជៀសវាងឡើងកម្ដៅ។ លើសពីនេះ សូមកុំដាក់ទូរស័ព្ទនៅលើ Power Bank នៅពេលអ្នកបញ្ចូលថាមពលថ្មចេញពីឧបករណ៍ផ្ទុកថាមពលនេះឲ្យសោះ។ អ្នកនឹងចាប់អារម្មណ៍ថាទូរស័ព្ទរបស់អ្នកឡើងកម្ដៅខុសធម្មតានៅពេលអ្នកដាក់វាលើ Power Bank ដើម្បីសាកថ្ម៕