Apple ID មានសារសំខាន់មែនទែនសម្រាប់អ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple រួមមាន iPhone, iPad, iPod Touch និង MAC Computer ជាដើម។ Apple ID ត្រូវបានគេប្រើប្រាស់សម្រាប់ Sign In ចូលប្រើសេវាកម្មរបស់ Apple Inc., ដូចជា iWork, iCloud, iTunes Store, និង Apple Store។
តើអ្នកដឹងអត់ថា Apple ID របស់អ្នកមានតម្លៃប៉ុន្មាននៅលើវែបសាយងងឹត (Dark Web)?
Hackers បានលួចយក Apple ID ពីអ្នកប្រើប្រាស់យកទៅលក់ក្នុងតម្លៃ ១៥,៣៩$ ក្នុងមួយគណនីនៅលើវែបសាយងងឹត (dark web) ដែលជាបណ្ដុំវែបសាយសម្ងាត់ដែលអាចឲ្យមនុស្សទាក់ទងគ្នាជាលក្ខណៈអនាមិក ចំណែកឯគណនី Netflix មួយមានតម្លៃ ៨,៣២$។ នេះបើតាមការចុះផ្សាយរបស់វែបសាយ CNET កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨។
វែបសាយ CNET ដដែលផ្សាយទៀតថា គណនីសម្រាប់ចូលទិញទំនិញអនឡាញដូចជា Amazon និង Walmart វិញ គឺគណនីមួយមានតម្លៃ ៩$ ហើយគណនីដែលមានតម្លៃថ្លៃជាងគេ គឺគណនីនៅលើវែបសាយ Macy’s ដែលមានតម្លៃរហូតដល់ ១៥,៣៤$ ក្នុងគណនីមួយ។
ចំណែកឯគណនីដែលថោកជាងគេវិញ គឺគណនីសម្រាប់ចូលប្រើប្រាស់វែបសាយ Dating.com ដែលមានតម្លៃតែ ២,៦០$ ប៉ុណ្ណោះក្នុងគណនីមួយ។
ហេតុអ្វីបានជាពួកគេចង់បាន Apple ID ឬគណនីអនឡាញផ្សេងទៀតពីអ្នក?
អ្នកខ្លះប្រហែលជាដឹងច្រើនហើយអំពីសារសំខាន់នៃព័ត៌មានឯកជននៅជាប់ជាមួយគណនីអនឡាញ។ ឧទាហរណ៍គណនី Apple ID មានផ្ទុកនូវព័ត៌មានផ្ទាល់ខ្លួនរបស់យើង ព័ត៌មានអំពីគណនីធនាគារ លេខទូរស័ព្ទទំនាក់ទំនងមិត្តភ័ក្ដិ (Contacts) ឯកសារផ្សេងៗទៀតដែលផ្ទុកនៅលើ Cloud ជាដើម។ ព័ត៌មានទាំងអស់នេះហើយដែលពួកគេចង់បានបំផុត។
ដូច្នេះ សូមលោកអ្នកការពារគណនីអនឡាញរបស់លោកអ្នកឲ្យបានល្អ ដោយដាក់លេខសម្ងាត់ (password) ឲ្យពិបាកក្នុងការស្មាន (មិនមែនជាលេខទូរស័ព្ទ ឬថ្ងៃខែឆ្នាំកំណើត) និងដាក់បន្ថែមមុខងារ Two-steps verification ជាដើម លើគណនីអនឡាញរបស់លោកអ្នក។
សូមចែករំលែកអត្ថបទនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យដឹងអំពីដំណឹងនេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕