គណនីអ្នកប្រើប្រាស់កម្មវិធី Zoom ប្រមាណ ៥៣ម៉ឺនគណនី (៥៣០ ០០០) រួមមានទាំងពាក្យសម្ងាត់ (password) និងអ៊ីមែល (email address) ត្រូវបានគេដាក់លក់នៅលើវេបសាយ Dark Web នៅពេលថ្មីៗនេះ។
ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត (cybersecurity) ឈ្មោះ Cyble បានទិញទិន្នន័យនៃគណនីអ្នកប្រើប្រាស់កម្មវិធី Zoom នេះពី Dark Web ដើម្បីជូនដំណឹងអំពីការលេចធ្លាយទិន្នន័យទៅដល់អតិថិជន។ ទិន្នន័យគណនីអ្នកប្រើប្រាស់កម្មវិធី Zoom នៅលើ Dark Web នេះ ត្រូវបានគេរាយការណ៍ថាចាប់ផ្ដើមឃើញនៅដើមខែមេសា។ នេះបើតាមការរាយការណ៍របស់វេបសាយ BleepingComputer។
BleepingComputer ឱ្យដឹងបន្តថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់កម្មវិធី Zoom ត្រូវបានហេគឃឺ (Hackers) លួចយកតាមរយៈតិចនិក credential stuffing។ ហេគឃឺប្រើប្រាស់គណនីដែលបានបែកធ្លាយកាលពីលើកមុន ដើម្បីព្យាយាមចូលប្រើប្រាស់កម្មវិធី Zoom។ នៅពេលហេគឃឺ Login បានជោគជ័យ គឺគណនីនឹងត្រូវកត់ត្រាចូលទៅក្នុងបញ្ជីដើម្បីលក់ទៅឱ្យហេគឃឺផ្សេងៗទៀត។
គណនីមួយចំនួនត្រូវបានដាក់ឱ្យយកដោយមិនគិតថ្លៃនៅលើ Dark Web ខណៈគណនីផ្សេងទៀតត្រូវបានដាក់លក់ក្នុងតម្លៃតិចជាងមួយកាក់ក្នុងមួយគណនី។
ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យក្រុមហ៊ុន Zoom ប្រាប់កាសែត FOX Business តាមរយៈអ៊ីមែលថា «ជាទូទៅ ការវាយប្រហារប្រភេទនេះមិនប៉ះពាល់ដល់អតិថិជនដ៏ច្រើនរបស់យើងដែលប្រើប្រព័ន្ធចូលតែមួយ (single sign-on) របស់ពួកគេទេ។» អ្នកនាំពាក្យរូបនេះបន្ថែមថា «យើងបន្តស៊ើបអង្កេត បិទដំណើរការគណនីដែលត្រូវបានជ្រៀតចូល ស្នើសុំអ្នកប្រើប្រាស់ផ្លាស់ប្ដូរពាក្យសម្ងាត់ឱ្យកាន់តែរឹងមាំ និងកំពុងសម្លឹងមើលការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីជំរុញការខិតខំប្រឹងប្រែងរបស់យើង។»
កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុន Zoom ត្រូវបានគេប្ដឹងរួមជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុក (Facebook) និង LinkedIn ដោយសារបណ្ដាញទំនាក់ទំនងសង្គមទាំងពីរនេះត្រូវបានគេរាយការណ៍ថា បានកត់ត្រាការហៅរបស់អ្នកប្រើប្រាស់ដើម្បីទទួលបានព័ត៌មានផ្ទាល់ខ្លួន។ លើសពីនេះ ក្រុមហ៊ុន Zoom ក៏ត្រូវបានម្ចាស់ភាគហ៊ុនម្នាក់ប្ដឹងកាលពីសប្ដាហ៍មុនដែរ៕