គណនីអនឡាញជិត ២៧លានគណនីថ្មីទៀត ត្រូវបានហេគឃឺ (Hacker) ដាក់លក់នៅលើវេបសាយងងឹត (Dark Web) នៅពេលថ្មីៗនេះ ដែលហេគឃឺបានលួចពីវេបសាយល្បីៗចំនួន ៦ ផ្សេងគ្នា។
នេះជាលើកទីបួនហើយដែលគណនីអនឡាញរាប់លានគណនី ត្រូវបានហេគឃឺម្នាក់ប្រកាសដាក់លក់នៅលើ Dark Web បន្ទាប់ពីហេគឃឺរូបនោះបានដាក់លក់គណនីអនឡាញប្រមាណ ៨៩០លានអនឡាញគណនីដែលលួចបានពីវេបសាយល្បីៗចំនួន ៣២វេបសាយក្នុងដំណាក់កាលបីផ្សេងគ្នា។
វេបសាយ The Hacker News ចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ឲ្យដឹងថា ហេគឃឺម្នាក់ជនជាតិប៉ាគីស្ថាន (Pakistani) ដែលដាក់រហស្សនាមនៅលើអនឡាញថា Gnosticplayers និងបានអះអាងថាធ្លាប់លួចយកគណនីអនឡាញពីវេបសាយល្បីៗរាប់រយវេបសាយនោះ បានផ្ញើអ៊ីមែលមួយឲ្យ The Hacker News។
ហេគឃឺនោះប្រាប់ The Hacker News ថា កាលពីខែមុន គេបានលួចយកគណនីអនឡាញចំនួនបីលើកយកទៅដាក់លក់នៅលើ Dark Web ដែលមានឈ្មោះថា Dream Market។ លើកទីមួយ ហេគឃឺនោះលួចបាន ៦២០លានគណនីអនឡាញពី ១៦វេបសាយ។ លើកទីពីរ គេលួចបាន ១២៧លានគណនីអនឡាញពី ៨វេបសាយ។ លើកទីបី លួចបាន ៩២លានគណនីពី ៨វេបសាយ និងលើកទីបួន លួចបានជិត ២៧លានគណនីបន្ថែមទៀតពី ៦វេបសាយ។
វេបសាយទាំង ៦ ដែលត្រូវបានហេគឃឺឈ្មោះ Gnosticplayers (ឈ្មោះហៅនៅលើអនឡាញ) លួចយកគណនីទៅដាក់លក់លើវេបសាយងងឹត Dream Market នៅពេលថ្មីៗនេះមានដូចខាងក្រោម៖
- Youthmanual ចំនួន ១,១២លានគណនី ដែលជាវេបសាយរបស់មហាវិទ្យាល័យ និងអាជីពរបស់ប្រទេសឥណ្ឌូនេស៊ី
- GameSalad ចំនួន ១,៥លានគណនី ដែលជាវេបសាយរៀនអនឡាញ
- Bukalapak ចំនួន ១៣លានគណនី ដែលជាវេបសាយលក់អនឡាញ
- Lifebear ចំនួន ៣,៨៦លានគណនី ដែលជាវេបសាយ Notebook របស់ជប៉ុន
- EstanteVirtual ចំនួន ៥,៤៥លានគណនី ដែលជាវេបសាយលក់សៀវភៅ
- Coubic ចំនួន ១,៥លានគណនី ដែលជាវេបសាយ Appointment Scheduling
ទិន្នន័យនីមួយៗខាងលើនេះ ត្រូវបានហេគឃឺដាក់លក់នៅលើ Dream Market និងមានតម្លៃសរុប ១,២៤៣១Bitcoin ប្រហែលជា ៥ពាន់ដុល្លារ។
សារព័ត៌មាន The Hacker News បានឲ្យដឹងទៀតថា ខ្លួនបានទាក់ទងទៅក្រុមហ៊ុនទាំង ៦ ខាងលើរួចហើយ ដើម្បីប្រាប់ពីដំណឹងនៃការបែកធ្លាយទិន្នន័យនេះ និងដើម្បីដឹងថាតើក្រុមហ៊ុនទាំងនោះបានជូនដំណឹងទៅកាន់អ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួនរួចឬនៅអំពីបញ្ហានេះ។
ទោះយ៉ាងណា ប្រសិនបើលោកអ្នកជាអ្នកប្រើប្រាស់សេវាកម្មណាមួយនៃវេបសាយខាងលើ អ្នកគួរផ្លាស់ប្ដូរពាក្យសម្ងាត់ភ្លាមៗ។ លើសពីនេះ បើអ្នកប្រើពាក្យសម្ងាត់ដូចគ្នានឹងវេបសាយខាងលើនៅតាមបណ្ដាវេបសាយផ្សេងទៀត អ្នកក៏គួរផ្លាស់ប្ដូរពាក្យសម្ងាត់ភ្លាមៗដែរ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕