នៅពេលថ្មីៗនេះមានការចែករំលែកតៗគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) អំពីការព្រមានមួយរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា App Service ដែលគេជឿថាជាគណនីបោកបញ្ឆោតដោយបន្លំជាក្រុមការងារសន្តិសុខរបស់ក្រុមហ៊ុនហ្វេសប៊ុក។
គណនី App Service នេះបានចែករំលែក (share) នូវផេកល្បីៗជាច្រើននៅកម្ពុជាទៅលើគណនីរបស់ខ្លួន ហើយសរសេរសារព្រមានជាភាសាខ្មែរពីការអាចបាត់បង់នូវគណនីហ្វេសប៊ុក ប្រសិនជាម្ចាស់គណនីឬផេកទាំងនោះមិនធ្វើតាមការណែនាំរបស់ពួកគេនៅក្នុងសារនោះទេ។
ម្ចាស់ផេកឬគណនីហ្វេសប៊ុកដែលត្រូវបានគណនី App Service (ឬផេកផ្សេងៗទៀត) ចែករំលែកផេករបស់អ្នកនៅលើគណនី App Service (ឬផេកផ្សេងៗទៀត) ដោយឱ្យអ្នកចុចលើតំណភ្ជាប់ (Link) សូមកុំចុចលើតំណភ្ជាប់នោះឱ្យសោះ ពីព្រោះវាជាការបោកបញ្ឆោតប៉ុណ្ណោះដែលអាចធ្វើឱ្យអ្នកបាត់បង់គណនីហ្វេសប៊ុក ឬអាចបញ្ចូលមេរោគទៅក្នុងម៉ាស៊ីនរបស់អ្នកតាមរយៈតំណភ្ជាប់នោះ។
សារព្រមានរបស់គណនី App Service រៀបរាប់ដូច្នេះថា «ការព្រមាន គណនីរបស់អ្នកនឹងត្រូវបានធ្វើឱ្យអសកម្ម នេះគឺដោយសារតែមាននរណាម្នាក់បានរាយការណ៍ពីភាពខុសគ្នារវាងមាតិការបស់អ្នកចំពោះការបំពានលើល័ក្ខខ័ណ្ឌនៃសេវាកម្មរបស់យើង។ ប្រសិនបើអ្នកជាម្ចាស់គណនីដើម សូមបញ្ជាក់គណនីរបស់អ្នកដើម្បីជៀសវាងការត្រូវបានរារាំង។ សូមបញ្ជាក់គណនីរបស់អ្នកនៅទីនេះ…»។ គណនីដដែលនេះគំរាមទៀតថា «ប្រសិនបើអ្នកមិនបញ្ជាក់ប្រព័ន្ធរបស់យើងនឹងបិទគណនីហ្វេសប៊ុករបស់អ្នកដោយស្វ័យប្រវត្តិ ហើយអ្នកនឹងមិនអាចប្រើវាបានទៀតទេ»។
ក្រុមការងារថិចខ្មែរ បានយកតំណភ្ជាប់ដែលក្រុមជនអនាមិកដាក់ជាមួយសារនៅលើគណនីហ្វេសប៊ុករបស់គេទៅផ្ទៀងផ្ទាត់ជាមួយគេហទំព័រសន្តិសុខអ៊ីនធឺណិតដែលមានឈ្មោះថា Virus Total ហើយជាលទ្ធផលបញ្ជាក់ថា តំណភ្ជាប់នោះមានបង្កប់នូវមេរោគភ្ជាប់ជាមួយ។
ហេតុដូចនេះ សូមអ្នកកុំចុចទៅលើតំណភ្ជាប់ (Link) ណាដែលអ្នកមិនស្គាល់ច្បាស់ ឬជនដែលអ្នកមិនស្គាល់ផ្ញើ Link មកអ្នកឱ្យសោះ។ ចូរចាំថា ក្រុមជនខិលខូចអាចបង្កើតគណនី ឬផេកហ្វេសប៊ុកជាច្រើនដែលមានឈ្មោះស្រដៀងនឹងផេករបស់ក្រុមហ៊ុនហ្វេសប៊ុក ឬមើលទៅហាក់ដូចជាផេកនោះជាផ្នែកមួយរបស់ក្រុមហ៊ុនហ្វេសប៊ុក ក្នុងគោលបំណងបោកបញ្ឆោតអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ អ្នកត្រូវពិភាក្សាជាមួយមិត្តភ័ក្ដិ ឬក្រុមការងាររបស់អ្នកជាមុន ប្រសិនបើមានករណីទាមទារឱ្យអ្នកបំពេញព័ត៌មានគណនី ឬចុចតំណភ្ជាប់ដើម្បីផ្ទៀងផ្ទាត់គណនីរបស់អ្នក៕