ធនាគារ ABA ជាធនាគារមួយកំពុងពេញនិយមសម្រាប់ពលរដ្ឋកម្ពុជា ជាពិសេសស្រទាប់យុវវ័យជំនាន់ឌីជីថល ប្រើប្រាស់ក្នុងការផ្ទេរសាច់ប្រាក់តាមកម្មវិធីទូរស័ព្ទ (ABA Mobile Apps) ពីគណនីមួយទៅគណនីមួយ ទិញទំនិញនៅតាមហាង ទូទាត់ប្រាក់សម្រាប់អាហារ និងដើម្បីទិញទំនិញតាមអនឡាញជាដើម។
ទន្ទឹមនឹងភាពងាយស្រួលនេះ គេសង្កេតឃើញថា កន្លងមក អ្នកប្រើប្រាស់មួយចំនួនបានលង់ចាញ់បោកជនទុច្ចរិត ដោយខាតបង់នូវទឹកប្រាក់មួយចំនួន។ ដោយមើលឃើញបែបនេះ ក្រុមការងារ Techkhmer ក៏ធ្លាប់ចេញផ្សាយអត្ថបទទាក់ទងនឹងល្បិចឆបោករបស់ជនខិលខូចតាមអនឡាញ និងវិធីការពារខ្លួនអ្នកនៅលើអ៉ីនធឺណិតផងដែរ។ ទន្ទឹមនឹងនេះ ធនាគារ ABA ក៏ធ្លាប់ជូនដំណឹងដល់អតិថិជនរបស់ខ្លួនអំពីការបន្លំអ៉ីមែលធ្វើជាផ្ញើមកពីធនាគារដើម្បីប្រមូលព័ត៌មានសំខាន់ៗរបស់អ្នកប្រើប្រាស់ផងដែរ កាលពីខែមេសា ឆ្នាំ២០១៩។
ទោះជាយ៉ាងណា នៅចុងឆ្នាំ២០២១ ធនាគារ ABA ក៏បានចេញផ្សាយនៅលើវែបសាយរបស់ខ្លួន ដើម្បីរំឭកដល់អតិថិជនឱ្យមានការប្រុងប្រយ័ត្ន និងរក្សាសុវត្ថិភាពលើគណនីរបស់ខ្លួនពាក់ព័ន្ធនឹងសារ ឬការហៅទូរស័ព្ទដែលអះអាងថាមកពីធនាគារ ABA។ ធនាគារបញ្ជាក់ថា សារទាំងនោះមិនថាជាសារខ្លី SMS ឬអ៉ីមែលអាចមានលីងភ្ជាប់ទៅកាន់ប្រភពផ្សេងដែលមើលទៅស្រដៀងនឹងប្រភពផ្លូវការរបស់ធនាគារ ABA ប៉ុន្តែវាមានខុសអក្ខរាវិរុទ្ធ ឬខ្វះតួអក្សរមួយជាដើម។ ជនឆបោកទាំងនោះអាចប្រើល្បិចសាមញ្ញ ដូចជាការប្រើជាសារជូនដំណឹងប្រាប់អ្នកថា មាននរណាម្នាក់បើកចូលគណនីធនាគាររបស់អ្នក ហើយអ្នកត្រូវផ្តល់លេខសម្ងាត់ទៅឲ្យពួកគេ ដើម្បីទទួលបានសិទ្ធិចូលប្រើគណនីវិញ។
សូមចងចាំ – ការហៅទូរស័ព្ទ និងសារបែបនេះទាំងអស់កំពុងព្យាយាមបោកប្រាស់អ្នក! ធនាគារ ABA នឹងមិនផ្ញើសារ SMS អ៉ីមែល ឬការហៅទូរស័ព្ទទៅអ្នក ដើម្បីស្នើសុំបញ្ជាក់លេខកាតធនាគារ លេខសម្ងាត់ធនាគារអនឡាញ លេខសម្ងាត់បើកចូលតាមកម្មវិធី ABA Mobile ឬព័ត៌មានសម្ងាត់ផ្សេងទៀតឡើយ។ នេះបើតាមការបញ្ជាក់របស់ធនាគារនៅលើវែបសាយ។
TECHKHMER សូមដកស្រង់នូវខ្លឹមសារណែនាំសំខាន់ៗរបស់ធនាគារ ABA ដើម្បីរក្សាសុវត្ថិភាពពេលប្រើប្រាស់សេវាធនាគារតាមអនឡាញដូចខាងក្រោមនេះ៖
- កុំប្រាប់ ឬផ្ដល់លេខកូដសុវត្ថិភាពដែលទទួលបានពីធនាគារ ABA តាមរយៈសារ SMS ឬសារជូនដំណឹងទៅឲ្យបុគ្គលណាម្នាក់ឲ្យសោះ ទោះបីបុគ្គលនោះអះអាងថាខ្លួនគេជាបុគ្គលិកធនាគារ ABA ក៏ដោយ។
- កុំបង្ហាញ ឬផ្តល់ព័ត៌មានចាំបាច់សម្រាប់ការចុះឈ្មោះជាមួយធនាគារ ABA ទៅឲ្យបុគ្គលណាម្នាក់ឲ្យសោះ។
- កុំបង្ហាញលេខទូរស័ព្ទដែលប្រើភ្ជាប់ជាមួយ ABA Mobile ជាសាធារណៈ។
- ឧស្សាហ៍ដូរលេខសម្ងាត់ (PIN) កម្មវិធី ABA Mobile និងលេខកូដកាតរបស់អ្នកឲ្យបានទៀងទាត់។
- សូមចងចាំថា ABA ប្រើតែលេខទូរស័ព្ទ 023 225 333, 098 203 333 និង 098 203 203 ប៉ុណ្ណោះ ក្នុងការទាក់ទងទៅអ្នក ហើយទាក់ទងអ្នកដើម្បីជម្រាបពីប្រូម៉ូសិន, ការឆ្លើយសំណួរ ឬចម្ងល់, ការស្ទង់មតិ ឬដោះស្រាយបញ្ហាដែលទាក់ទងនឹងគណនីតែប៉ុណ្ណោះ!
ប្រសិនបើអ្នកទទួលបានការហៅទូរស័ព្ទ ឬសារ SMS គួរឲ្យសង្ស័យដែលក្លែងធ្វើជាកម្មសិទ្ធិរបស់ធនាគារ ABA ហើយអ្នកមិនច្បាស់ថាពិតជាមកពីធនាគារ ABA ឬមិនមែន សូមរាយការណ៍ទៅអ៉ីមែល ។
ចែករំលែកព័ត៌មាននេះដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិដើម្បីជួយការពារពួកគេពីការឆបោក៕