រូបថត​ជាង​៦០​ម៉ឺន​សន្លឹក​របស់​នារីៗ​វ័យ​ក្មេង​ត្រូវ​បាន​គេ​ទាញ​យក​ពី​គណនី iCloud ដើម្បី​ស្វែងរក​រូបភាព​អាសអាភាស

2024
iCloud

នារីៗ​វ័យ​ក្មេង​ជាច្រើន​ដែល​ប្រើ​ផលិតផល Apple ដូចជា iPhone និង iPad ជាដើម ហើយ​ផ្ទុក​រូបភាព និង​វីដេអូ​នៅ​លើ​សេវាកម្ម iCloud ត្រូវ​បាន​បុរស​ម្នាក់​លួច​ចូល​ទាញ​យក​បាន​ប្រមាណ ៦២​ម៉ឺន​រូបភាព ក្នុង​គោលបំណង​ស្វែងរក​រូបភាព​អាសអាភាស។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ចុះផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (facebook) នៅ​ថ្ងៃ​ទី​២៥ សីហា ឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​រស់នៅ​ក្រុង Los Angeles រដ្ឋ California សហរដ្ឋ​អាមេរិក បាន​លួច​ចូល​ទៅ​ក្នុង​គណនី iCloud របស់​នារីៗ​វ័យ​ក្មេង​ជាច្រើន​ក្នុង​គោលបំណង​ស្វែងរក​រូបភាព និង​វីដេអូ​អាសអាភាស​របស់​នារីៗ​ទាំងនោះ។ បុរស​រូប​នេះ​បាន​ទាញ​យក​រូបថត​ប្រមាណ ៦២​ម៉ឺន​សន្លឹក​ពី​គណនី iCloud ទាំងនោះ។

ចំពោះ​វិធីសាស្ត្រ​លួច​ចូល​គណនី iCloud នេះ បុរស​រូប​នេះ​បាន​សារភាព​ថា គាត់​បាន​បន្លំ​ធ្វើ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន Apple ហើយ​លួងលោម​ជនរងគ្រោះ (social engineering) ឱ្យ​ផ្ដល់​លេខ​សម្ងាត់​គណនី iCloud តាមរយៈ​អ៊ីមែល “applebackupicloud” និង “backupagenticloud”។ ទោះជាយ៉ាងណា អាជ្ញាធរ​បាន​រក​ឃើញ​អ៊ីមែល​ប្រមាណ ៥០​ម៉ឺន​អ៊ីមែល​ដែល​ក្នុង​នោះ​អ៊ីមែល​ចំនួន ៤៧០០​អ៊ីមែល​មាន​ផ្ទុក​លេខ​សម្ងាត់​សម្រាប់​គណនី iCloud។

ជុំវិញ​ការ​លួច​ចូល​គណនី iCloud របស់​នារីៗ​វ័យ​ក្មេង​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រើន​រំឭក​ដល់​អ្នក​ប្រើប្រាស់​គណនី​អនឡាញ​ទាំងអស់​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ដែល​ទទួល​បាន​សារ ឬ​អ៊ីមែល​ណាមួយ​ដែល​ទាមទារ​ឱ្យ​ផ្ដល់​លេខ​សម្ងាត់។ ប្រសិនបើ​អ្នក​ទទួល​បាន​សារ​ដូចនេះ អ្នក​គួរ​តែ​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត ជៀសវាង​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​នៅ​ក្នុង​សារ​របស់​ក្រុម​ជន​ខិលខូច។

បច្ចុប្បន្ន ប្រព័ន្ធ​អនឡាញ​របស់​ក្រុមហ៊ុន​ល្បីៗ​ស្ទើរតែ​ទាំងអស់​ហើយ​បាន​ដាក់​បញ្ចូល​នូវ​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា ឬ​គេ​ហៅថា two-factor authentication (2FA) ឬ Two-step verification ដើម្បី​ការពារ​គណនី​អនឡាញ​របស់​អ្នក​ប្រើប្រាស់​ពី​ការ​ជ្រៀត​ចូល​ពី​ជន​ខិលខូច មាន​ដូចជា​ការ​ជ្រៀត​ដោយ​ប្រើ​បច្ចេកទេស Phishing ដើម្បី​លួច​យក​គណនី​ជាដើម។ ដូច្នេះ អ្នក​គួរតែ​បើក​មុខងារ 2FA នេះ​ដើម្បី​សុវត្ថិភាព​គណនី​របស់​អ្នក៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។