បច្ចុប្បន្ន ស្មាតហ្វូន (Smart Phone) ឬហៅថាទូរស័ព្ទទំនើប និងថេបផ្លិត (Tablet) ត្រូវបានមនុស្សជាច្រើននៅលើពិភពលោកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាប្រើសម្រាប់បំពេញការងារ ជាដើម។ Smart Phone ឬ Tablet ទាំងនោះមានដូចជា iPhone, iPad ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ចំណែកទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ អែនឌ្រោយ (Android) មានដូចជា ទូរស័ព្ទ Samsung, LG, Nokia, OnePlus, Huawei ជាដើម។
សម្រាប់អ្នកប្រើប្រាស់ iPhone ឬ iPad ដែលចង់ដំឡើងកម្មវិធីមិនគិតថ្លៃពី App Store គឺតម្រូវឲ្យអ្នកប្រើប្រាស់ទាំងនោះចុះឈ្មោះយក Apple ID ជាមុនសិន។
តើត្រូវធ្វើរបៀបម៉េចដើម្បីបាន Apple ID ដើម្បីទាញយកកម្មវិធីមិនគិតថ្លៃបាន?
ខាងក្រោមនេះជារបៀបបង្កើត Apple ID ដោយមិនចាំបាច់មាន Credit Card នៅលើទូរស័ព្ទ iPhone៖
ជំហានទី១៖ អ្នកចាំបាច់ត្រូវមានគណនីអ៊ីមែលជាមុនសិន ដូចជា Gmail, Hotmail, or Yahoo ជាដើម ដើម្បីបង្កើតគណនីនៅលើ App Store។
ជំហានទី២៖ បើកដំណើរការ App Store នៅលើទូរស័ព្ទ iPhone។
ជំហានទី៣៖ ស្វែងរកកម្មវិធីមិនគិតថ្លៃណាមួយដែលអ្នកពេញចិត្តនៅលើ App Store។
ជំហានទី៤៖ ចុចលើពាក្យ Free ដើម្បីដំឡើងកម្មវិធី។ បន្ទាប់មកនឹងមានផ្ទាំងមួយសួរអ្នកឲ្យ Sign in សម្រាប់អ្នកមានគណនីរួច និងបង្កើតគណនីថ្មី សម្រាប់អ្នកមិនទាន់មានគណនី។ ត្រង់នេះ យើងជ្រើសយកបង្កើតគណនីថ្មី ដោយចុច Create New Apple ID។
ជំហានទី៥៖ បំពេញអ៊ីមែល (Email) លេខកូដសម្ងាត់ (Password) ផ្ទៀងផ្ទាត់លេខកូដសម្ងាត់ (Verify) និងជ្រើសរើសប្រទេសកម្ពុជា (Cambodia) ហើយចុចយល់ព្រមតាមលក្ខខណ្ឌរបស់ App Store រួចចុច Next។
ជំហានទី៦៖ បន្ទាប់មកត្រង់ Payment Method អ្នកគ្រាន់តែចុចលើពាក្យ “None” រួចបំពេញព័ត៌មាននៅខាងក្រោម។ ចុងក្រោយចុចលើ Button Next។
ជំហានទី៧៖ ត្រូវ verify (ផ្ទៀងផ្ទាត់) អ៊ីមែលរបស់អ្នក ដោយចូលទៅកាន់អ៊ីមែលរបស់អ្នក រួចយកលេខកូដ (Verification Code) មកបំពេញនៅលើផ្ទាំង Email Verification រួចចុចលើពាក្យ Verify។
ជំហានទី៨៖ គណនី Apple ID របស់អ្នកត្រូវបានបង្កើតរួចរាល់ ចុចលើពាក្យ Continue ដើម្បីទាញយកកម្មវិធីមិនគិតថ្លៃពី App Store៕