អ៊ីមែល (Email) មកពីពាក្យពេញថា អេឡិចត្រូនិកមែល (Electronic Mail)។ បើនិយាយជាសាមញ្ញទៅ អ៊ីមែលប្រៀបដូចនឹងការផ្ញើសំបុត្រអ៊ីចឹង គឺគ្រាន់តែអ៊ីមែលត្រូវផ្ញើតាមរយៈអ៊ីនធឺណិត (internet) ទៅកាន់អ្នកទទួល (recipient)។ អ៊ីចឹងដើម្បីផ្ញើអ៊ីមែលទៅកាន់អ្នកទទួលបាន ចាំបាច់ត្រូវមានអាសយដ្ឋានអ៊ីមែលអ្នកទទួល (email address) ហើយអាសយដ្ឋានអ៊ីមែលនីមួយៗមិនដូចគ្នាទេ គឺទាំងអ្នកផ្ញើ និងអ្នកទទួល គឺមានអាសយដ្ឋានអ៊ីមែលផ្សេងគ្នា។
តើធ្វើម៉េចបានអាសយដ្ឋានអ៊ីមែល?
ខាងក្រោមជារបៀបបង្កើតអាសយដ្ឋានអ៊ីមែល (email address) ជាមួយនឹងក្រុមហ៊ុនជីមែល (Gmail)៖
ជំហានទី១៖ ចូលទៅកាន់អាសយដ្ឋាន https://mail.google.com រួចចុចពាក្យ CREATE AN ACCOUNT (ដូចរូបភាពខាងក្រោម)។
ជំហានទី២៖ បំពេញឈ្មោះ បំពេញអាសយដ្ឋានអ៊ីមែលត្រង់ choose your username ដាក់លេខកូដសម្ងាត់ ថ្ងៃខែឆ្នាំកំណើត ភេទ និងលេខទូរស័ព្ទដើម្បីផ្ទៀងផ្ទាត់គណនីអ៊ីមែល រួចចុច Next step។
ជំហានទី៣៖ ផ្ទាំងលក្ខខណ្ឌនៃការប្រើប្រាស់លេចឡើង អូសទៅក្រោម រួចចុច I AGREE។
ជំហានទី៤៖ បំពេញលេខទូរស័ព្ទដើម្បីផ្ទៀងផ្ទាត់គណនីតាមរយៈសារ ឬក៏ជាសំឡេង ដែលអ្នកជ្រើសរើស រួចចុច Continue។
ជំហានទី៥៖ រង់ចាំក្រុមហ៊ុនផ្ញើសារចូលលេខទូរស័ព្ទរបស់អ្នក រួចយកលេខកូដបំពេញនៅត្រង់ Verify your account រួចចុចពាក្យ Continue។
ជំហានទី៦៖ ផ្ទាំងស្វាគមន៍នឹងចេញមក (Welcome) បញ្ជាក់ថាលោកអ្នកបង្កើតគណនីអ៊ីមែល ឬអាសយដ្ឋានអ៊ីមែលតាមជោគជ័យ។ ចុចពាក្យ Continue to Gmail ដើម្បីប្រើប្រាស់អាសយដ្ឋានអ៊ីមែលរបស់លោកអ្នកដែលបង្កើត៕