Google បញ្ចេញកំណែអាប់ដេតថ្មី (update) សម្រាប់កម្មវិធីរុករក Google Chrome ដើម្បីជួសជុលចំណុចខ្សោយ ឬភាពងាយរងគ្រោះដែលមានកម្រិតធ្ងន់ធ្ងរខ្លាំងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
សេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន Google នៅលើ Blog របស់ខ្លួនឱ្យដឹងថា ក្រុមហ៊ុនបានបញ្ចេញកំណែចុងក្រោយនៃកម្មវិធីរុករក Chrome ទៅកាន់កំណែជំនាន់ 86.0.4240.198 សម្រាប់ជួសជុល និងបិទចន្លោះប្រហោងដែលមាននៅលើកម្មវិធីរុករកនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows, Mac និង Linux។
ចំណុចខ្សោយដែលមាននៅលើកម្មវិធី Chrome លើជំនាន់ទាបជាងកំណែខាងលើ នឹងអាចអនុញ្ញាតឱ្យក្រុមវាយប្រហារមានលទ្ធភាពដំណើរការកូដពីចម្ងាយ (remote execute) និងអាចគ្រប់គ្រងម៉ាស៊ីនរងគ្រោះបានទាំងស្រុង។
ដើម្បីអាប់ដេតកម្មវិធី Chrome សូមអនុវត្តដូចខាងក្រោម៖
ជំហានទី១៖ បើកកម្មវិធី Chrome
ជំហានទី២៖ ចុចលើសញ្ញាចុចបីបញ្ឈរនៅខាងស្ដាំដៃផ្នែកខាងលើ
ជំហានទី៣៖ ចុចលើពាក្យ Help និងជ្រើសយក About Google Chrome
ជំហានទី៤៖ ធ្វើតាមការណែនាំរបស់កម្មវិធីជាការស្រេច។
Google តែងតែបញ្ចេញកំណែជួសជុល (patch) ជាហូរហែឲ្យអ្នកប្រើប្រាស់របស់ខ្លួន ដើម្បីជៀសផុតពីការវាយប្រហារដោយក្រុមហេគឃឺ (Hackers) ពីចម្ងាយតាមរយៈចំណុចខ្សោយ បន្ទាប់ពីក្រុមហ៊ុនទទួលបានរបាយការណ៍នៃភាពងាយរងគ្រោះពីអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា។
កាលពីដើមខែវិច្ឆិកា នេះ ក្រុមហ៊ុន Google ក៏បានប្រកាសពីចំណុចខ្សោយធ្ងន់ធ្ងរនៅលើកម្មវិធីរុករក Chrome របស់ខ្លួនម្ដងរួចមកហើយ និងបានស្នើសុំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធីបន្ទាន់ផងដែរ។
បើសិនជាអ្នកមិនទាន់អាចអាប់ដេតទៅកាន់ជំនាន់ថ្មីទេ សូមអ្នកព្យាយាមធ្វើរបៀបនេះរៀងរាល់ថ្ងៃរហូតអាចធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់អ្នកបាន៕