Khmer Smart Keyboard ឬហៅថាក្ដារចុចឆ្លាតវៃ បានត្រឡប់មកវិញហើយសម្រាប់អ្នកប្រើទូរស័ព្ទ iPhone, iPad និង iPod Touch។ ការវិលត្រឡប់មកវិញរបស់ក្ដារចុចឆ្លាតវៃនេះ បន្ទាប់ពីកម្មវិធីនេះបានបាត់ពី App Store របស់ក្រុមហ៊ុន Apple អស់មួយរយៈពេល។
កំណែចុងក្រោយរបស់ក្ដារចុចឆ្លាតវៃ (Khmer Smart Keyboard version 2.1.3) គឺ ២.១.៣ ដែលលោកអ្នកអាចដំឡើងនៅលើទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ អាយ.អូ.អេស (iOS) ចាប់ពីកំណែ ៨.០ ឡើងទៅ (iOS 8.0 or later)។ នៅក្នុងកំណែចុងក្រោយនេះ អ្នកបង្កើតបានជួសជុលលើ tutorial និង theme របស់ក្ដារចុចឆ្លាតវៃនេះផងដែរ។
ចំពោះអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការ អែនឌ្រោយ កំណែ ៤.០.៣ (Android 4.0.3 or later) ឡើងទៅ ក៏អាចដំឡើងក្ដារចុចឆ្លាតវៃនេះដែរជាមួយកំណែ ២.១.១៦ (Khmer Smart Keyboard version 2.1.16)។
ក្ដារចុចឆ្លាតវៃ (Khmer Smart Keyboard) ត្រូវបានអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន (Smart Phone) ទទួលស្គាល់ថាមានលក្ខណៈងាយស្រួលប្រើ និងវាយអក្សរបានលឿនជាងក្ដារចុចដទៃទៀតនៅលើទូរស័ព្ទស្មាតហ្វូន។ ក្ដារចុចនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AliEN DEV Co.,LTD និងដាក់ឲ្យទាញយកដោយមិនគិតថ្លៃទាំងនៅលើ App Store និង Google Play Store។
អ្នកដែលធ្លាប់ប្រើប្រាស់ក្ដារចុចឆ្លាតវៃនេះ ងឿងឆ្ងល់ជាខ្លាំងបន្ទាប់ពីពួកគេមិនអាចទាញយកក្ដារចុចឆ្លាតវៃនេះ ដើម្បីដំឡើងនៅលើទូរស័ព្ទរបស់ពួកគាត់បាន ហើយតែងតែរង់ចាំការវិលត្រឡប់មកវិញរបស់ក្ដារចុចឆ្លាតវៃនេះ។ ឥឡូវនេះ លោកអ្នកប្រាកដជាសប្បាយចិត្តជាមិនខាន នៅពេលដឹងថាលោកអ្នកអាចទាញយកក្ដារចុចឆ្លាតវៃនេះម្ដងទៀតដើម្បីដំឡើងនៅលើទូរស័ព្ទរបស់លោកអ្នក។
សូមជួយចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ និងក្រុមគ្រួសារ បើសិនជាអ្នកគិតថាវាមានប្រយោជន៍ចំពោះពួកគេដែរ។
ទាញយកក្ដារចុចឆ្លាតវៃសម្រាប់ អាយ អូ អេស (iOS) និងសម្រាប់ អែនឌ្រោយ (Android)។
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕