Apple ប្រាប់​ឲ្យ​ឈប់​ប្រើ​ដុំ​សាក​ថ្ម​ជើង​បី​នេះ​ជា​បន្ទាន់​និង​ប្រញាប់​យក​ទៅ​ដូរ

ក្រុមហ៊ុន​បញ្ជាក់​ថា ដុំ​សាក​ថ្ម​ជើង​បី​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជាមួយ​កុំព្យូទ័រ Mac និង​ឧបករណ៍ iOS ជំនាន់​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១០។

2781
ឧបករណ៍​សាក​ថ្ម​ជើង​បី​ដែល​មាន​បញ្ហា​របស់​ក្រុមហ៊ុន Apple។
ឧបករណ៍​សាក​ថ្ម​ជើង​បី​ដែល​មាន​បញ្ហា​របស់​ក្រុមហ៊ុន Apple។

ក្រុមហ៊ុន Apple ប្រកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​ឈប់​ប្រើ​ដុំ​សាក​ថ្ម​ជើង​បី​ជា​បន្ទាន់ ដើម្បី​សុវត្ថិភាព​ជៀសវាង​ការ​ឆក់ និង​ឆ្លង​ចរន្ត​អគ្គិសនី​នៅ​ពេល​ប៉ះ​ដុំ​សាក​ថ្ម​ប្រភេទ​នេះ​កំពុង​ដោត​សាក​ថ្ម​ទៅ​នឹង​អគ្គិសនី។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្រុមហ៊ុន​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​លើ​វេបសាយ (website) របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា ដុំ​សាក​ថ្ម​ជើង​បី​ដែល​ក្រុមហ៊ុន​ប្រកាស​ឲ្យ​អតិថិជន​ឈប់​ប្រើ​ជា​បន្ទាន់​នេះ គឺ​ត្រូវ​បាន​លក់​សម្រាប់​ឲ្យ​អតិថិជន​នៅ​ចក្រភព​អង់គ្លេស ប្រទេស​សិង្ហបុរី និង​ហុងកុង។ ក្រុមហ៊ុន​បញ្ជាក់​ថា ដុំ​សាក​ថ្ម​ជើង​បី​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជាមួយ​កុំព្យូទ័រ Mac និង​ឧបករណ៍ iOS ជំនាន់​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១០។

ហេតុ​ដូចនេះ លោក​អ្នក​ដែល​ប្រើប្រាស់​ដុំ​សាក​ថ្ម​ជើង​បី​ដែល​មាន​លក្ខណៈ​ដូច​បាន​រៀបរាប់​ខាង​លើ ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ជា​បន្ទាន់ និង​ប្រញាប់​យក​ទៅ​ប្ដូរ​ដុំ​សាក​ថ្ម​ថ្មី​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​ហាង​បម្រើ​សេវាកម្ម​របស់​ក្រុមហ៊ុន Apple។ លេខ serial របស់​កុំព្យូទ័រ Mac, iPad, iPhone ឬ iPod របស់​អ្នក នឹង​ត្រូវ​ផ្ទៀងផ្ទាត់ មុន​នឹង​ក្រុមហ៊ុន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ជូន​លោក​អ្នក​នូវ​ឧបករណ៍​សាក​ថ្ម​ថ្មី។

ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន Apple ដដែល​បាន​រៀបរាប់​អំពី​របៀប​ពិនិត្យ​មើល​ឧបករណ៍​សាក​ថ្ម​ជើង​បី​របស់​អ្នក តើ​វា​ស្ថិត​នៅ​ក្នុង​ឧបករណ៍​ដែល​ក្រុមហ៊ុន​ជូន​ដំណឹង​ដែរ​ឬ​អត់។ ដំបូង សូម​លោក​អ្នក​ប្រៀបធៀប​ឧបករណ៍​សាក​ថ្ម​ជើង​បី​របស់​អ្នក​ទៅ​នឹង​រូបភាព​ខាង​ក្រោម។ ក្រុមហ៊ុន​បញ្ជាក់​ថា ដុំ​សាក​ថ្ម​ជើង​បី​ដែល​មាន​បញ្ហា គឺ​មាន​ពណ៌​ស អត់​មាន​អក្សរ​នៅ​ក្នុង​ប្រលោះ​ភ្ជាប់​ទៅ​ខ្សែ។ ចំណែក​ឯ​ដុំ​សាក​ថ្ម​ជើង​បី​ថ្មី គឺ​មាន​ពណ៌​ស​លាយ​ប្រផេះ និង​មាន​អក្សរ​នៅ​លើ​ប្រលោះ​ដែល​ភ្ជាប់​ទៅ​ខ្សែ។ (សូម​មើល​រូបភាព​ខាង​ក្រោម)

ឧបករណ៍​សាក​ថ្ម​ជើង​បី​ដែល​មាន​បញ្ហា (ឆ្វេង) និង​ឧបករណ៍​សាក​ថ្ម​ជើង​ថ្មី​របស់​ក្រុមហ៊ុន Apple។
ឧបករណ៍​សាក​ថ្ម​ជើង​បី​ដែល​មាន​បញ្ហា (ឆ្វេង) និង​ឧបករណ៍​សាក​ថ្ម​ជើង​ថ្មី​របស់​ក្រុមហ៊ុន Apple។

ទោះ​យ៉ាង​ណា ក្រុមហ៊ុន​ប្រាប់​ថា ឧបករណ៍​សាក​ថ្ម​ប្រភេទ USB មិន​មាន​ផល​ប៉ះពាល់​នោះ​ទេ។

កាល​ពី​ឆ្នាំ​២០១៦ ក៏​ធ្លាប់​កើត​មាន​ករណី​ស្រដៀង​គ្នា​នេះ​ដែរ។ កាលណោះ ក្រុមហ៊ុន Apple ក៏​បាន​ប្រកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​នៅ​ទ្វីប​អឺរ៉ុប ប្រទេស​អូស្ត្រាលី នូវែលសេឡង់ (New Zealand) កូរ៉េ អាហ្សង់ទីន និង​ប្រេស៊ីល ឈប់​ប្រើប្រាស់​ឧបករណ៍​សាក​ថ្ម​ជើង​ពីរ ដោយសារ​អាច​ឆក់ និង​ឆ្លង​ចរន្ត​អគ្គិសនី។ ឧបករណ៍​សាក​ថ្ម​នោះ​គឺ​ប្រើប្រាស់​ជាមួយ​កុំព្យូទ័រ Mac និង​ឧបករណ៍ iOS ជំនាន់​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៥៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។