បឹងទឹកកកដ៏ធំមួយ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញនៅលើភពព្រះអង្គារប៉ូលខាងជើងនៅពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
បឹងទឹកកកនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Korolev និងជាបឹងដែលកើតចេញពីបំផ្ទុះភ្នំភ្លើង ឬអាចម៍ផ្កាយដែលធ្លាក់ ហើយវាស្ថិតនៅប៉ូលខាងជើងនៃភពព្រះអង្គារ។
សារព័ត៌មានដដែលចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ឲ្យដឹងទៀតថា បឹងទឹកកកនេះមានអង្កត់ផ្ចិត ៨២គីឡូម៉ែត្រ និងគ្របដណ្ដប់ដោយទឹកកកកម្រាស់ ១,៨គីឡូម៉ែត្រ ហើយគេប៉ាន់ស្មានថា បឹងនេះមានផ្ទុកទឹកកកប្រមាណ ២២០០គីឡូម៉ែត្រគូប។
ភ្នាក់ងារអវកាសអឺរ៉ុប (European Space Agency, ESA) បានផ្ដិតយករូបភាពនេះដោយប្រើកាមេរ៉ា Mars Express High Resolution Stereo Camera ដែលហោះលើគន្លងភពព្រះអង្គារកាលពីដើមឆ្នាំ។
បេសកកម្មរបស់ Mars Express គឺជាការបង្ហោះលើកដំបូងរបស់ភ្នាក់ងារអឺរ៉ុប (ESA) ទៅកាន់ភពមួយផ្សេងទៀត។ វាត្រូវបានគេចាប់ផ្ដើមនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០០៣ ហើយបានចូលក្នុងគន្លងភពព្រះអង្គារចំថ្ងៃ Christmas ក្នុងឆ្នាំដដែលនោះ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕