អង្គការណាសា (NASA) ប្រកាសជាផ្លូវការបិទបញ្ចប់បេសកកម្មរបស់យានរុករកឈ្មោះ Opportunity Rover នៅលើភពអង្គារហើយ នៅថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
សារព័ត៌មានស៊ីណេត (cnet) ចុះផ្សាយនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះឲ្យដឹងថា យានរុករកឈ្មោះ Opportunity គឺជាយានទី៣ ដែលបានចុះចតនៅភពអង្គារ ហើយយាននេះបានស្រាវជ្រាវនៅលើភពអង្គារអស់រយៈពេលជាង ១៥ឆ្នាំ (ប្រមាណ ៥៥១៥ថ្ងៃ) និងត្រូវបានប្រកាសបញ្ចប់បេសកកម្មជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
NASA ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ព្យុះធូលីដែលហ៊ុមព័ទ្ធភព បានកាត់ផ្ដាច់ទំនាក់ទំនងទៅកាន់យាន Opportunity។ ការណ៍នេះ បានធ្វើឲ្យផ្ទាំងសូឡា (solar panels) របស់យានមិនអាចរក្សាទុកថាមពលព្រះអាទិត្យបាន។
បន្ទាប់ពីមានបញ្ហាផ្ទាំងសូឡារបស់យានមិនអាចផ្ទុកថាមពលព្រះអាទិត្យបានមក អង្គការណាសាបានបញ្ជូនឃ្លាបញ្ជា (commands) ជាង ៨៣០បញ្ជា ដើម្បីជួយសង្គ្រោះយានមួយនេះឲ្យរស់ឡើងវិញ ប៉ុន្តែរហូតដល់យប់ថ្ងៃអង្គារ ទី១២ កុម្ភៈ យាន Opportunity នៅតែមិនឆ្លើយតបនឹងការភ្ជាប់ទំនាក់ទំនង ហើយអង្គការណាសាក៏ប្រកាសជាផ្លូវការបញ្ចប់បេសកកម្មរបស់យាននេះនៅមួយថ្ងៃបន្ទាប់។
យាន Opportunity ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៣ និងចុះចតនៅលើភពអង្គារ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៤។ ដំបូងឡើយ អង្គការណាសា គ្រោងប្រតិបត្តិការយាន Opportunity នេះសម្រាប់តែបីខែប៉ុណ្ណោះ ប៉ុន្តែយាននេះបានបន្តដើរនៅលើផ្ទៃដី Martian soil ជិត ១៥ឆ្នាំ ធ្វើដំណើរចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ដែលជាចម្ងាយឆ្ងាយបំផុត។
អត្ថបទទាក់ទង
ភពព្រះអង្គារមានបឹងទឹកកកដ៏ធំមួយទើបរកឃើញនៅពេលថ្មីៗនេះ
យាន Opportunity ជាយានទីពីរនៃយានភ្លោះដែលត្រូវបានបញ្ជូនទៅកាន់ភពអង្គារ នៅឆ្នាំ២០០៣ ក្នុងបេសកកម្មរុករកនៅលើភពនោះ។ យានដំបូងឈ្មោះ Spirit ដែលជាបងភ្លោះរបស់វា ចាប់ផ្ដើមគាំងលែងដំណើរការនៅឆ្នាំ២០០៩ ហើយអង្គការណាសា បានប្រកាសបញ្ចប់បេសកកម្មរបស់យាននៅឆ្នាំ២០១១។
អង្គការណាសា ឲ្យដឹងថា យាន Opportunity បានរកឃើញភស្តុតាងសំខាន់ៗជាច្រើននៅលើភពអង្គារ ដូចជាប្រទះឃើញអាចម៍ផ្កាយដំបូងនៅលើភពផ្សេងទៀត រកឃើញថាភពអង្គារធ្លាប់មានទឹក និងធ្លាប់មានកម្ដៅគួរសម។
ទោះយ៉ាងនេះក្ដី អង្គការណាសា នៅមានយានរុករកមួយទៀតដែលកំពុងបន្តបេសកកម្មនៅលើភពអង្គារ។ យានរុករកនេះឈ្មោះ Curiosity ដែលត្រូវបានបញ្ជូនទៅកាន់ភពអង្គារ នៅឆ្នាំ២០១២។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕