កម្មវិធីគិតលេខ (calculator) នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 នឹងត្រូវក្រុមហ៊ុន Microsoft បន្ថែមមុខងារថ្មីដែលអាចគូរ ឬសង់ជាបន្ទាត់ ឬខ្សែកោង (graph) បាននៅពេលឆាប់ៗខាងមុខនេះ។
ក្រុមហ៊ុន Microsoft កាលពីដើមខែមីនា នេះ បានចាប់ផ្ដើមធ្វើការពង្រីកមុខងារកម្មវិធី Calculator នៅលើ Windows 10 ដោយបន្ថែមនូវមុខងារថ្មីមួយ (Graphing Mode) ដែលអាចគូរជាក្រាហ្វបាន បន្ទាប់ពីក្រុមហ៊ុនបានដាក់កម្មវិធី Calculator ជា open-source នៅលើ GitHub និងទទួលបានមិតយោបល់ជាង ៣០ ពីអ្នកជួយស្ម័គ្រចិត្ត (contributor) នៅលើ GitHub។
Graphing Mode ឬមុខងារគូរក្រាហ្វ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើតនូវក្រាហ្វផ្អែកលើសមីការគណិតវិទ្យា ដែលស្រដៀងគ្នានឹងមុខងារ Plotting Mode នៃកម្មវិធី Matlab ដែរ។
មុខងារនេះ ត្រូវបានវិស្វកររបស់ក្រុមហ៊ុន Microsoft លោក Dave Grochocki ស្នើឡើ។ លោកក៏ជាសមាជិកមួយរូបនៅក្នុងក្រុម Windows Calculator ផងដែរ។
ទោះយ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីថ្ងៃពិតប្រាកដនៃការដាក់ឲ្យប្រើប្រាស់កម្មវិធី Calculator ដែលមានមុខងារអាចសង់ខ្សែកោងនេះនៅឡើយទេ ខណៈដែលវាត្រូវបានគេសម្គាល់ថា pre-production នៅលើ GitHub។
គោលបំណងនៃមុខងារថ្មីនេះ៖
- ផ្ដល់ជាមូលដ្ឋានដ៏ល្អនៃកម្មវិធីគិតលេខដែលអាចគូរជាក្រាហ្វបាននៅលើ Windows
- គាំទ្រគ្រប់ទម្រង់សំខាន់ៗនៃគណិតវិទ្យាដូចជា អាចបង្កើត និងបកប្រែអនុគមន៍ ដឹងពីម៉ូដែលនៃលីនេអ៊ែរ (linear) អិចស្ប៉ូណង់ស្យែល (exponential) quadratic និងអនុគមន៍ត្រីកោណ (Trigonometric)
អ្នកប្រើប្រាស់អាច៖
- បញ្ចូលសមីការមួយ ហើយកម្មវិធីនឹងបង្ហាញវានៅលើក្រាហ្វ
- បញ្ចូលសមីការច្រើន ហើយកម្មវិធីនឹងប្រៀបធៀបពួកវានៅលើក្រាហ្វ
- កែសមីការដើម្បីមើលថាតើវាធ្វើឲ្យក្រាហ្វប្ដូររូបរាងដូចម្ដេច
- អាច export ក្រាហ្វដើម្បីអាចចែករំលែកជាមួយអ្នកដទៃទៀត។ល។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕