បន្ទប់ពិសោធន៍របស់អង្គការណាសា (NASA) ឈ្មោះ Jet Propulsion Laboratory (JPL) ត្រូវបានហេគឃ័រ (Hacker) វាយលុកចូលក្នុងបណ្ដាញ (Network) និងលួចយកទិន្នន័យចំនួន ៥០០ MB។
របាយការណ៍របស់អង្គការណាសា ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ឱ្យដឹងថា ប្រព័ន្ធ Network របស់ខ្លួនដែលស្ថិតនៅផ្នែកបន្ទប់ពិសោធន៍ Jet Propulsion Laboratory ត្រូវបានហេគឃ័រម្នាក់ចូលលុកលុយបានសម្រេច។ ណាសា បញ្ជាក់ថា ហេគឃ័របានប្រើប្រាស់ឧបករណ៍ឈ្មោះ Raspberry Pi ដែលជាប្រភេទកុំព្យូទ័រខ្នាតតូចដើម្បីហេគចូលទៅក្នុង Network។
ជាទូទៅ Raspberry Pi ត្រូវបានគេប្រើប្រាស់ដើម្បីរៀនពីមូលដ្ឋានគ្រឹះនៃការសរសេរកម្មវិធីសម្រាប់កុំព្យូទ័រ (Computer Programming) និងដើម្បីបង្កើតគម្រោងអ្វីមួយដោយខ្លួនឯង (DIY Projects)។ ហេគឃ័រ បានប្រើ Raspberry Pi នេះដើម្បីបង្កើតចន្លោះប្រហោងចូលទៅកាន់ម៉ាស៊ីនមេ (Servers) របស់បន្ទប់ពិសោធន៍ Jet Propulsion Laboratory (JPL Servers)។
បើតាមរបាយការណ៍របស់អង្គការណាសា ឱ្យដឹងទៀតថា ហេគឃ័របានចូលលួចយកទិន្នន័យទំហំប្រមាណ ៥០០ MB ដែលមានឯកសារចំនួន ២៣។ ក្នុងចំណោមឯកសារដែលហេគឃ័រម្នាក់នោះលួចបាន ក៏មានឯកសារសំខាន់ផ្ទុកព័ត៌មានអំពីបេសកកម្មរបស់បន្ទប់ពិសោធន៍វិទ្យាសាស្ត្រនៃភពអង្គារផងដែរ (Mars Science Laboratory Mission)។
សកម្មភាពចូលលុកលុយ Network របស់អង្គការណាសា នេះ កើតឡើងរយៈពេលប្រមាណ ១០ខែមកហើយ ពោលគឺចាប់តាំងពីខែមេសា ឆ្នាំ២០១៨ មកម៉្លេះ ប៉ុន្តែអង្គការណាសា ទើបតែផ្សាយជាផ្លូវការនៅពេលថ្មីៗនេះ។ បន្ទាប់ពីមានការចូលលួចទិន្នន័យនេះ អ្នកជំនាញខាងសន្តិសុខព័ត៌មានវិទ្យារបស់អង្គការណាសា ក៏ប្រញាប់បង្កើនសុវត្ថិភាពម៉ាស៊ីនមេផ្ទុកទិន្នន័យរបស់ខ្លួនដែរ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕