ស្ថាបនិកវេបសាយ WikiLeaks ដែលជាប់ពាក់ព័ន្ធនឹងការបញ្ចេញឯកសារសម្ងាត់របស់សហរដ្ឋអាមេរិក គឺលោក Julian Assange ត្រូវបានចាប់ខ្លួននៅក្នុងស្ថានទូតប្រទេសអេក្វាទ័រ (Ecuadorian) ប្រចាំនៅទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស កន្លែងដែលលោកលាក់ខ្លួនអស់រយៈពេលជិត ៧ឆ្នាំ។
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ប៉ូលិសចក្រភពអង់គ្លេស បានចាប់ខ្លួនលោក Julian Assange ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលប្រទេសអេក្វាទ័រ ដកសិទ្ធិសុំជ្រកកោនពីលោក និងតាមដីការបស់តុលាការកាលពីឆ្នាំ២០១២។ លោក Assange លាក់ខ្លួនក្នុងស្ថានទូតនេះជិត ៧ឆ្នាំ ដើម្បីគេចពីការបញ្ជូនទៅកាន់ប្រទេសស៊ុយអែត (Sweden) ពាក់ព័ន្ធនឹងរឿងរំលោភផ្លូវភេទ។
ប៉ុន្មានម៉ោងបន្ទាប់ពីប៉ូលិសទីក្រុងឡុងដ៍ ចាប់ខ្លួនលោក Assange សហរដ្ឋអាមេរិក បានចោទប្រកាន់ស្ថាបនិកវេបសាយ WikiLeaks រូបនេះពីបទជាប់ទាក់ទិននឹងការបញ្ចេញព័ត៌មានសម្ងាត់ដ៏ច្រើនសន្ធឹកសន្ធាប់មួយក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ នៅឆ្នាំ២០១០ WikiLeaks បានបញ្ចេញកំណត់ត្រាយោធាដ៏ច្រើនរបស់សហរដ្ឋអាមេរិក ដូចជាសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ការវាយតម្លៃជនសង្ស័យជាភេរវជនដែលត្រូវបានសហរដ្ឋអាមេរិក ឃុំខ្លួនក្នុងគុកនៅច្រកសមុទ្រ Guantanamo នៃប្រទេសគុយបា រួមទាំងតេឡេក្រាមរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចំនួន ២សែន ៥ម៉ឺនទៀត។
ក្រសួងយុត្តិធម៌អាមេរិក ក៏បានចោទលោក Assange ពីបទរួមគំនិតគ្នាជាមួយអតីតអ្នកវិភាគការស៊ើបការណ៍សម្ងាត់យោធារបស់សហរដ្ឋអាមេរិក លោកស្រី Chelsea Manning ដើម្បីបំបែកលេខកូដសម្ងាត់ដែលផ្ទុកនៅលើកុំព្យូទ័ររបស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក ដែលភ្ជាប់ទៅកាន់បណ្ដាញអ៊ីនធឺណិតសម្ងាត់របស់រដ្ឋាភិបាលអាមេរិក (Secret Internet Protocol Network) ក្នុងការលួចយកឯកសារសម្ងាត់ និងការទាក់ទងរបស់រដ្ឋាភិបាល។
កាលពីខែមិថុនា ឆ្នាំ២០១២ លោក Julian Assange បានសុំសិទ្ធិជ្រកកោនក្នុងស្ថានទូតប្រទេសអេក្វាទ័រ ប្រចាំទីក្រុងឡុងដ៍ ដើម្បីគេចពីការបញ្ជូនខ្លួនទៅឲ្យតុលាការប្រទេសស៊ុយអែត កាត់ទោសពីបទរំលោភផ្លូវភេទ។ ទោះយ៉ាងណា លោកបានច្រានចោលការចោទប្រកាន់នេះ និងបានចោទស៊ុយអែត ថាមានបំណងបញ្ជូនខ្លួនលោកទៅកាន់សហរដ្ឋអាមេរិក។
លោក Julian Assange អាយុ ៤៧ឆ្នាំ ជាហេគឃឺជនជាតិអូស្ត្រាលី (Australian hacker) និងបានបង្កើតវេបសាយ WikiLeaks នៅឆ្នាំ២០០៦។ លោកបានទម្លាយឯកសារសម្ងាត់របស់បុគ្គលល្បីៗ គណបក្សនយោបាយ និងស្ថាប័នរដ្ឋាភិបាលនានាទូទាំងពិភពលោកនៅលើវេបសាយមួយនេះ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕