ក្រុមហេគឃឺ (Hackers) ល្បីល្បាញពីរក្រុម សន្យាថានឹងមិនធ្វើការវាយប្រហារលើអង្គភាពថែទាំសុខភាពទេក្នុងអំឡុងមេរោគកូវីដ-១៩ (Covid-19) កំពុងរាតត្បាតស្ទើរពេញពិភពលោក។
ទស្សនាវដ្ដី Forbes ចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នេះថា ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិត (cybercrime) ដ៏ល្បីល្បាញខាងមេរោគចាប់ជំរិត Ransomware ចំនួនពីរក្រុម ចេញសេចក្ដីប្រកាសថា ពួកគេនឹងមិនវាយប្រហារលើអង្គភាពថែទាំសុខភាព និងឱសថនោះទេក្នុងពេលដែលមេរោគកូរ៉ូណាកំពុងរាតត្បាត។ ទាក់ទងនឹងការសន្យានេះ ថាតើយើងអាចជឿលើពាក្យសន្យានោះដែរឬអត់ ហើយថាតើក្រុមឧក្រិដ្ឋជនអាចការពារអង្គភាពថែទាំសុខភាពពីការវាយប្រហារបានដែរឬទេ។
មេធាវីសហរដ្ឋអាមេរិក លោក Scott Brady បានព្រមានដល់ប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះរលកនៃការបោកប្រាស់ថ្មីដែលមិនធ្លាប់មាន តាមរយៈការចែកចាយវេបសាយផែនទីនៃការចម្លងមេរោគកូវីដ-១៩ ដោយមានបង្កប់មេរោគ (malware) កន្លងទៅថ្មីៗនេះ។
ទស្សនាវដ្ដីដដែលសរសេរទៀតថា អ្នកបង្កើតវេបសាយ BleepingComputer លោក Lawrence Abrams បានសួរសំណួរសាមញ្ញទៅកាន់ក្រុមហេគឃឺដែលនៅពីក្រោយនៃការវាយប្រហារដោយមេរោគចាប់ជំរិត Ransomware ថា «តើអ្នកនឹងបន្តវាយប្រហារអង្គភាពថែទាំសុខភាព និងឱសថនៅក្នុងអំឡុងនៃការរាតត្បាតមេរោគកូវីដ–១៩ ទៀតទេ?» ចម្លើយរបស់ពួកគេ អាចធ្វើឱ្យអ្នកអានជាច្រើនភ្ញាក់ផ្អើល។ ក្រុមដំបូងដែលឆ្លើយនឹងសំណួរនេះ គឺ DoppelPaymer ransomware។ គេប្រាប់លោក Abrams ថា «ពួកគេតែងតែព្យាយាមមិនប៉ះពាល់មន្ទីរពេទ្យ និងមន្ទីរថែទាំសុខភាពផ្សេងៗ។» ហើយនៅពេលវាយប្រហាររដ្ឋាភិបាលក្នុងស្រុក «ពួកគេមិនប៉ះពាល់លេខ ៩១១ នោះទេ។» លើសពីនេះទៀត ក្រុមហេគឃឺ DoppelPaymer និយាយថា ប្រសិនបើមានការវាយប្រហារដោយកំហុសឆ្គងណាមួយទៅលើអង្គភាពថែទាំសុខភាព ឬឱសថ នោះគេនឹងផ្ដល់កូដសម្រាប់វិកូដនីយកម្មដោយមិនគិតថ្លៃ (free decrypter code)។
ចំណែកឯក្រុមហេគឃឺមួយទៀតដែលនៅពីក្រោយនៃមេរោគចាប់ជំរិត Maze ransomware ឆ្លើយថា ពួកគេអាចនឹងឈប់វាយប្រហារលើស្ថាប័នឱសថរហូតដល់ស្ថានភាពរាតត្បាតមេរោគកូវីដ-១៩ មានស្ថិរភាពឡើងវិញ ប៉ុន្តែក្រុមនេះមិនបានបញ្ជាក់ថានឹងផ្ដល់កូដសម្រាប់វិកូដនីយកម្មនោះទេ ប្រសិនបើមានការវាយប្រហារណាមួយដោយចៃដន្យ។
មកដល់ពេលនេះ គេនៅមិនទាន់ទទួលបានការសន្យាណាមួយពីក្រុមហេគឃឺដែលនៅពីក្រោយការវាយប្រហារមានឈ្មោះថា Ryuk នោះទេ។ ក្រុមនេះបានវាយប្រហារប្រព័ន្ធទីក្រុង និងរដ្ឋាភិបាលនៃទីក្រុង North Carolina ឱ្យលែងដំណើរការ ហើយបានធ្វើឱ្យទីក្រុង New Orleans ប្រកាសភាពអាសន្នកាលពីចុងឆ្នាំ២០១៩។
យ៉ាងនេះក្ដី ក្រុមហ៊ុនសន្តិសុខឌីជីថល Emsisoft បានសន្យាថានឹងផ្ដល់សេវាកម្មដោយឥតគិតថ្លៃលើការដោះកូដមេរោគ ransomware សម្រាប់មន្ទីរពេទ្យ និងមន្ទីរថែទាំសុខភាពដទៃទៀត។
ក្នុងអំឡុងនៃការរាតត្បាតមេរោគកូវីដ-១៩ គ្រប់ស្ថាប័នទាំងអស់គួរតែពង្រឹងសន្តិសុខលើប្រព័ន្ធរបស់ខ្លួនបន្ថែមទៀត ជៀសវាងឧក្រិដ្ឋជនអ៊ីនធឺណិតឆ្លៀតឱកាសនេះវាយលុក ពីព្រោះបុគ្គលិកភាគច្រើនបានចាប់ផ្ដើមធ្វើការពីផ្ទះ៕
សូមជួយចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នក។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។