កម្មវិធីឈែត Signal គឺជាកម្មវិធីផ្ញើសារមិនគិតថ្លៃ ងាយស្រួលប្រើ និងមានសុវត្ថិភាពខ្ពស់បំផុតនៅពេលបច្ចុប្បន្ននេះ។ ដើម្បីប្រើកម្មវិធីឈែត Signal បាន អ្នកត្រូវការលេខទូរស័ព្ទដើម្បីចុះឈ្មោះបង្កើតគណនីជាមួយ Signal។
ដោយសារកម្មវិធី Signal អាចប្រើបានតែនៅលើទូរស័ព្ទមួយប៉ុណ្ណោះក្នុងពេលតែមួយ (ដូចជា iPhone ឬ Android) ទើបកម្មវិធី Signal ផ្ដល់នូវមុខងារការពារមិនឱ្យអ្នកដទៃលួចដំឡើងគណនីរបស់អ្នកនៅលើឧបករណ៍ ឬទូរស័ព្ទថ្មីមួយទៀតដោយគ្មានការអនុញ្ញាតពីអ្នក។ មុខងារនេះមានឈ្មោះថា Registration Lock (ចាក់សោការចុះឈ្មោះ)។
នៅពេលអ្នកបើកដំណើរការមុខងារ Registration Lock ឬចាក់សោការចុះឈ្មោះ នៅលើ Signal រួចរាល់ នោះវាទាមទារលេខកូដ PIN របស់កម្មវិធី Signal របស់អ្នក ដើម្បីផ្ទៀងផ្ទាត់នៅពេលអ្នកដំឡើងគណនីរបស់អ្នកនៅលើឧបករណ៍ថ្មី បើពុំដូច្នោះទេ Signal នឹងផ្អាកដំណើរការគណនីរបស់អ្នកចំនួន ៧ថ្ងៃ ប្រសិនបើអ្នកវាយលេខកូដ PIN ខុសច្រើនដង។
របៀបដំណើរការមុខងារ Registration Lock នៅលើទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android
ជំហានទី១៖ បើកដំណើរកម្មវិធីឈែត Signal
ជំហានទី២៖ ចុចលើសញ្ញាចុចបីបញ្ឈរនៅខាងលើស្ដាំដៃ
ជំហានទី៣៖ ចុចលើពាក្យ Settings (ការកំណត់)
ជំហានទី៤៖ ចុចលើពាក្យ Account (គណនី)
ជំហានទី៥៖ នៅត្រង់ Registration Lock ឬជាភាសាខ្មែរ ចាក់សោការចុះឈ្មោះ សូមទាញប៊ូតុងមូលទៅស្ដាំដៃដើម្បីបើកដំណើរការមុខងារនេះ។ អ្នកនឹងឃើញផ្ទាំងថ្មីលោតឡើងដោយជូនដំណឹងថា បើអ្នកភ្លេច Signal PIN របស់អ្នក ពេលដែលចុះឈ្មោះជាមួយ Signal ម្ដងទៀត អ្នកនឹងត្រូវចាក់សោគណនីរបស់អ្នករយៈពេល ៧ថ្ងៃ។ សូមចុចពាក្យ TURN ON ឬជាភាសាខ្មែរ បើក ជាការស្រេច។
ជំហានទី៦៖ ចុចពាក្យ TURN ON ឬជាភាសាខ្មែរ បើក
បន្ទាប់ពីបើកដំណើរការមុខងារនេះរួច Signal នឹងទាមទារលេខកូដ PIN នៅពេលអ្នកចុះឈ្មោះគណនី Signal ម្ដងទៀត។ ចូរចាំថា Signal នឹងចាក់សោ ឬផ្អាកដំណើរការគណនីរបស់អ្នកចំនួន ៧ថ្ងៃ ប្រសិនបើអ្នកវាយលេខកូដ PIN ខុសច្រើនដង ឬភ្លេចលេខកូដ PIN របស់អ្នក៕