និយតករទូរគមនាគមន៍រដ្ឋរបស់រុស្ស៊ី បញ្ជូនសំណើទៅក្រុមហ៊ុន Google និងក្រុមហ៊ុន Apple នៅថ្ងៃអង្គារ ទី១៧ មេសា ឆ្នាំ២០១៨ សុំឲ្យក្រុមហ៊ុនទាំងពីរនេះលុបចោលកម្មវិធី Telegram ចេញពី store របស់ពួកគេ។
ការដាក់សំណើទៅក្រុមហ៊ុនធំៗទាំងពីរមានក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នេះ បន្ទាប់ពីតុលាការរុស្ស៊ី បានចេញសេចក្ដីសម្រេចឲ្យបិទសេវាកម្មរបស់ក្រុមហ៊ុន Telegram ចេញពីប្រទេសរបស់ខ្លួន ដោយសារតែក្រុមហ៊ុននេះមិនព្រមឲ្យអ្នកជំនាញផ្នែកសុវត្ថិភាពរុស្ស៊ី ចូលទៅឆែកមើលសារសម្ងាត់របស់អ្នកប្រើប្រាស់ Telegram។
តើ Telegram ជានរណា?
Telegram គឺជាកម្មវិធីផ្ញើ និងទទួលសារតាមរយៈអ៊ីនធឺណិតដោយផ្ដោតសំខាន់លើល្បឿន និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់កម្មវិធី។ កម្មវិធី Telegram ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០១៣ និងគាំទ្រផ្នែកហិរញ្ញវត្ថុដោយសហគ្រិនបងប្អូនជនជាតិរុស្ស៊ី គឺលោក Pavel Valerievich Durov និងលោក Nikolai Durov។ បច្ចុប្បន្ន ក្រុមអ្នកបង្កើតកម្មវិធី Telegram គឺមានទីតាំងនៅទីក្រុង Dubai បន្ទាប់ពីពួកគេត្រូវចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែច្បាប់គ្រប់គ្រងព័ត៌មានវិទ្យា (IT regulations)។
បច្ចុប្បន្ន Telegram មានអ្នកប្រើប្រាស់ទូទាំងសកលលោកជាង ២០០លាននាក់ និងត្រូវបានចាត់ថ្នាក់ជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតទី៩ លើពិភពលោក បន្ទាប់ពី៖
- កម្មវិធី LINE ជាប់ចំណាត់ថ្នាក់ទី៨
- កម្មវិធី Snapchat ជាប់ចំណាត់ថ្នាក់ទី៧
- កម្មវិធី Viber ជាប់ចំណាត់ថ្នាក់ទី៦
- កម្មវិធី Skype ជាប់ចំណាត់ថ្នាក់ទី៥
- កម្មវិធី QQ Mobile ជាប់ចំណាត់ថ្នាក់ទី៤
- កម្មវិធី WeChat ជាប់ចំណាត់ថ្នាក់ទី៣
- កម្មវិធី Facebook Messengerជាប់ចំណាត់ថ្នាក់ទី២
- និងកម្មវិធីជាប់ចំណាត់ថ្នាក់ទី១ គឺ WhatsApp។
ទោះជាយ៉ាងណាក៏ដោយ ការិយាល័យអ្នកនាំពាក្យរុស្ស៊ី បានស្នើឲ្យអ្នកសារព័ត៌មានដែលធ្លាប់ភ្ជាប់ទំនាក់ទំនងជាមួយខ្លួនតាមរយៈកម្មវិធី Telegram ឲ្យផ្លាស់ប្ដូរទៅភ្ជាប់ទំនាក់ទំនងតាមរយៈកម្មវិធីផ្ញើសារផ្សេងទៀតដែលមានឈ្មោះថា ICQ ដែលជាផ្នែកមួយនៃក្រុមបច្ចេកវិទ្យារុស្ស៊ីដែរ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕