Facebook នឹងដកជម្រើសនៃការជូនដំណឹងអំពីការចូលប្រើគណនីហ្វេសប៊ុកតាមរយៈសារ SMS ឬ Messenger ចេញក្នុងពេលឆាប់ៗនេះ។
យោងតាមសេចក្ដីជូនដំណឹងនៅក្នុងហ្វេសប៊ុកក្នុងផ្នែកកំណត់សុវត្ថិភាពបន្ថែម (Setting up extra security) បញ្ជាក់ថា ហ្វេសប៊ុកនឹងជំនួសមកវិញនូវការជូនដំណឹងអំពីការចូលប្រើគណនីហ្វេសប៊ុកនេះនៅក្នុងកម្មវិធីហ្វេសប៊ុកដោយស្វ័យប្រវត្តិ (Facebook Apps) តែម្ដង បន្ទាប់ពីដកចេញជម្រើសជូនដំណឹងតាមរយៈ SMS ឬ Messenger។
ការជូនដំណឹងអំពីការចូលប្រើគណនីហ្វេសប៊ុក (Get alert about unauthorized logins) ពីឧបករណ៍ ទូរសព្ទ ឬកម្មវិធីរុករកដែលអ្នកមិនធ្លាប់ប្រើប្រាស់ គឺវាជាជំនួយផ្នែកសុវត្ថិភាពលើគណនីហ្វេសប៊ុកនៅពេលមាននរណាម្នាក់ព្យាយាមចូលប្រើគណនីហ្វេសប៊ុករបស់អ្នក នោះហ្វេសប៊ុកនឹងជូនដំណឹងដល់ម្ចាស់គណនីហ្វេសប៊ុកភ្លាមៗ។ វាជាសញ្ញាប្រាប់ថាគណនីហ្វេសប៊ុករបស់អ្នកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដែលទាមទារឱ្យអ្នកចាត់វិធានការការពារគណនីរបស់អ្នកផងដែរ ដូចជាផ្លាស់ប្ដូរពាក្យសម្ងាត់ ឬបើកដំណើរការការផ្ទៀងផ្ទាត់ពីរកត្តា 2FA (ប្រសិនបើអ្នកមិនទាន់បានបើកដំណើរការមុខងារនេះ) ជាដើម៕