អ្នកអភិវឌ្ឍន៍សូហ្វវែរចិនម្នាក់បានបង្កើតកម្មវិធីប្រភេទ web crawling លួចទាញយកទិន្នន័យអ្នកប្រើប្រាស់ពីគេហទំព័រលក់ទំនិញដ៏មានប្រជាប្រិយរបស់ចិន Taobao ជាង ១១០០លាននាក់ក្នុងរយៈពេលតែ ៨ខែប៉ុណ្ណោះ។
សារព័ត៌មានអាមេរិក The Wall Street Journal ចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា (ម៉ោងនៅអាមេរិក) ដោយដកស្រង់ពីសាលក្រមរបស់តុលាការស្រុកមួយក្នុងខេត្តហឺណាន (Henan) ភាគកណ្ដាលប្រទេសចិន បង្ហាញថា អ្នកអភិវឌ្ឍន៍សូហ្វវែរនោះចាប់ផ្ដើមប្រមូលទិន្នន័យអ្នកប្រើប្រាស់គេហទំព័រ Taobao ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Alibaba ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈកម្មវិធីដែលគេបានបង្កើតជាប្រភេទ Web-crawling។ ទិន្នន័យដែលគេបានទាញយកនោះមានដូចជា ឈ្មោះសម្គាល់អ្នកប្រើប្រាស់ លេខទូរស័ព្ទ មតិរបស់អតិថិជន និងព័ត៌មានជាច្រើនទៀតទាក់ទងនឹងការប្រើប្រាស់គេហទំព័រលក់ទំនិញអនឡាញមួយនេះ។
Web crawling ឬ Web crawler ជាប្រភេទកម្មវិធីដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងរៀនពីអ្វីៗទាំងអស់ដែលមាននៅលើវែបសាយនៅលើអ៊ីនធឺណិត ដើម្បីអាចទាញយកព័ត៌មានទាំងនោះដោយស្វ័យប្រវត្តិ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Taobao បានបញ្ជាក់ថា ព័ត៌មានសំខាន់ៗដូចជាពាក្យសម្ងាត់របស់អ្នកប្រើប្រាស់ មិនត្រូវបានទាញយកនោះទេ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់លម្អិតអំពីចំនួនអ្នកប្រើប្រាស់ដែលបានរងគ្រោះនោះទេ។ លើសពីនេះ ក្រុមហ៊ុនបន្ថែមថា មិនមានព័ត៌មានរបស់អ្នកប្រើប្រាស់ត្រូវបានលក់ទៅឱ្យភាគីទីបីនោះទេ ហើយក៏មិនមានការខាតបង់ផ្នែកសេដ្ឋកិច្ចដែរ។
Taobao ដែលជាគេហទំព័រលក់សម្ភារៈរាយអនឡាញដ៏ធំ និងពេញនិយមមួយរបស់ក្រុមហ៊ុន Alibaba និងមានអ្នកចូលប្រើប្រាស់ប្រមាណ ៩២៥លាននាក់ក្នុងមួយខែៗ។
អ្នកអភិវឌ្ឍន៍សូហ្វវែរចិនម្នាក់នោះដែលមានត្រកូល «លូ» បានបញ្ជូនលេខទូរស័ព្ទដែលគាត់ប្រមូលបានទៅឱ្យថៅកែរបស់គាត់។ ថៅកែដែលដំណើរការក្រុមហ៊ុនប្រូម៉ូសិនសម្រាប់អ្នកលក់នៅលើវែបសាយ Taobao បានប្រើព័ត៌មានទាំងនោះដើម្បីកំណត់គោលដៅអតិថិជន។ អ្នកទាំងពីរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗជាង ៣ឆ្នាំ៕