បច្ចុប្បន្ន អាកាសធាតុក្នុងរដូវប្រាំងនៅកម្ពុជា អាចឡើងរហូតដល់ជិត ៤០អង្សាសេ ដែលវាអាចទទួលរងនូវឥទ្ធិពលពីបាតុភូតផ្សេងៗ ដូចជាបាតុភូត El Nino និងបាតុភូតអន្តរកាល (បាតុភូតដែលនៅចន្លោះបាតុភូត El Nino និង La Nina) ជាដើម។
ក្នុងសភាពនៃអាកាសធាតុក្ដៅខ្លាំងបែបនេះ កុំថាឡើយមនុស្សពិបាករស់នៅទប់ទល់នឹងកម្ដៅក្ដៅ សូម្បីតែឧបករណ៍អេឡិចត្រូនិកដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសទូរសព្ទឆ្លាតវៃ (Smartphone) របស់អ្នក ក៏នឹងមានបញ្ហាខ្លះដែរ ដូចជាឡើងកម្ដៅនៅពេលប្រើជាដើម លើកលែងតែលោកអ្នកប្រើប្រាស់វានៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ប៉ុណ្ណោះ។
ក្រុមការងារ TECH KHMER សូមលើកយកវិធីមួយចំនួនមកបង្ហាញដូចខាងក្រោម ដើម្បីជួយរក្សាស្មាតហ្វូនរបស់អ្នកកុំឱ្យឡើងកម្ដៅខ្លាំងពេក៖
គន្លឹះទី១៖ កុំទុកទូរសព្ទនៅក្នុងហោប៉ៅខោ
មិនចម្លែកទេ មនុស្សគ្រប់គ្នាប្រាកដណាស់ទុកទូរសព្ទនៅក្នុងហោប៉ៅខោ ប៉ុន្តែនៅរដូវក្ដៅ អ្នកមិនគួរទុកទូរសព្ទនៅក្នុងហោប៉ៅខោរហូតទេ ពីព្រោះកម្ដៅក្នុងខ្លួនរបស់អ្នកនឹងអាចធ្វើឱ្យទូរសព្ទរបស់អ្នកកាន់តែក្ដៅផងដែរ ស្របពេលដែលវាកំពុងតែឡើងកម្ដៅស្រាប់។
គន្លឹះទី២៖ កុំដាក់ទូរសព្ទគរលើគ្នា ឬគរលើ Power Bank
អ្នកមានទូរសព្ទពីរ ឬច្រើន ភាគច្រើនតែងតែដាក់ទូរសព្ទនោះគរលើគ្នា។ នេះជាទម្លាប់មិនល្អទេនៅក្នុងរដូវក្ដៅ។ ការធ្វើបែបនេះ វាអាចធ្វើទូរសព្ទរបស់អ្នកឡើងកម្ដៅមួយកម្រិតទៀតដែរ។ សូមទុកវាឱ្យនៅដោយឡែកពីគ្នា ដើម្បីជៀសវាងឡើងកម្ដៅ។ម្យ៉ាងទៀត អ្នកមិនគួរដាក់ទូរសព្ទនៅលើ Power Bank នៅពេលអ្នកបញ្ចូលថ្មចេញពីឧបករណ៍ផ្ទុកថាមពលនេះទេ។ អ្នកនឹងចាប់អារម្មណ៍ថា ទូរសព្ទរបស់អ្នកឡើងកម្ដៅខុសធម្មតានៅពេលអ្នកដាក់វានៅលើ Power Bank ដើម្បីសាកថ្ម។
គន្លឹះទី៣៖ ដោះស្រោមទូរសព្ទចេញ (phone case)
ប្រាកដណាស់! ស្រោមទូរសព្ទជាគ្រឿងជួយលំអទូរសព្ទផង និងជួយការពារពីការបាក់បែកដោយសារការធ្លាក់ ឬជ្រុះពីហោប៉ៅ តុ និងគ្រែផង ប៉ុន្តែនៅរដូវក្ដៅនេះ វាបែរជាជួយឲ្យទូរសព្ទរបស់អ្នកឡើងកម្ដៅទៅវិញ។ ដូច្នេះ អ្នកអាចដោះស្រោមការពារទូរសព្ទចេញមួយរយៈពេលសិន ដើម្បីទុកឲ្យទូរសព្ទរបស់អ្នកមិនឡើងកម្ដៅ។
គន្លឹះទី៤៖ កុំទុកទូរសព្ទនៅក្រោមពូកឬខ្នើយពេលកំពុងបញ្ចូលថ្ម
អ្នកមិនគួរទុកទូរសព្ទរបស់អ្នកនៅក្រោមពូក ខ្នើយ ភួយ នៅពេលអ្នកកំពុងបញ្ចូលថ្មទូរសព្ទនោះទេ ពីព្រោះវាក៏អាចធ្វើឱ្យទូរសព្ទរបស់អ្នកឡើងកម្ដៅរហូតដល់អាចធ្វើឱ្យផ្ទុះទូរសព្ទផងដែរនៅក្នុងរដូវក្ដៅនេះ។
គន្លឹះទី៥៖ កុំទុកទូរសព្ទចោលក្នុងឡានដែលចតចោល
ប្រសិនបើជាអ្នកទុកទូរសព្ទចោលនៅក្នុងឡាន នោះទូរសព្ទរបស់អ្នកនឹងឡើងកម្ដៅ ហើយអាចឈានដល់ផ្ទុះទៀតផង ពីព្រោះឡានដែលទុកចោលហាលក្ដៅ ឬក្នុងរោងឡានក៏ដោយ ក៏សីតុណ្ហភាពក្នុងឡាននឹងឡើងកម្ដៅដែរ។
ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Western Australia បង្ហាញថា សីតុណ្ហភាពក្នុងឡានដែលចតនៅចំណត គឺមានសីតុណ្ហភាពក្ដៅជាងខាងក្រៅឡាន ២០អង្សាសេ។ នេះមានន័យថា បើសិនជាកម្ដៅនៅខាងក្រៅឡានមានសីតុណ្ហភាព ៣៥អង្សាសេ នោះកម្ដៅក្នុងឡានដែលចតនៅចំណតនឹងមានកម្ដៅ ៥៥អង្សាសេ។ ដូច្នេះ ការទុកស្មាតហ្វូនរបស់អ្នកចោលក្នុងឡាន នឹងអាចបណ្ដាលឲ្យវាផ្ទុះបាន។
ម្យ៉ាងវិញទៀត ប្រសិនបើអ្នកបើកបរក្នុងចម្ងាយឆ្ងាយ អ្នកអាចដាក់ស្មាតហ្វូនលើជើងទម្រទូរសព្ទឲ្យនៅជិតនឹងម៉ាស៊ីនត្រជាក់ឡាន ដើម្បីឲ្យទូរសព្ទទទួលបានខ្យល់ត្រជាក់ និងមិនបណ្ដាលឲ្យវាឡើងកម្ដៅ និងចៀសវាងទុកវាចំកម្ដៅថ្ងៃដោយផ្ទាល់។ ក្នុងករណីចាំបាច់ដែលអ្នកត្រូវតែទុកទូរសព្ទក្នុងឡាន នោះអ្នកអាចពិចារណាទុកវានៅក្នុងថតទុកអីវ៉ាន់ (គូទឡាន) ពីព្រោះវាជាផ្នែកដែលល្អបំផុតក្នុងឡាន។
គន្លឹះទី៦៖ បិទកម្មវិធី ឬមុខងារដែលអ្នកមិនត្រូវការប្រើ
ប្រសិនបើអ្នកមិនត្រូវការប្រើប្រាស់ទូរសព្ទនៅពេលដែលអ្នកកំពុងបើកបរ ឬអ្នកកំពុងធ្វើអ្វីផ្សេង ចូរអ្នកបិទ Bluetooth, LTE, Wi-Fi, GPS និងកម្មវិធីផ្សេងៗ។ វិធីនេះ អាចជួយឱ្យទូរសព្ទរបស់អ្នកនឹងមិនធ្វើការលើសកម្រិត ដែលបណ្ដាលឲ្យវាឡើងកម្ដៅ ខណៈដែលវានៅក្នុងហោប៉ៅ ឬក៏ក្នុងកាបូប។ ចំណុចនេះក៏ជាផ្នែកមួយជួយធ្វើឲ្យអាយុកាលនៃថ្មទូរសព្ទរបស់អ្នកប្រើបានយូរផងដែរ។
គន្លឹះទី៧៖ កុំដាក់ទូរសព្ទចូលក្នុងទូរទឹកកក ប្រសិនបើវាឡើងកម្ដៅខ្លាំង
ការផ្លាស់ប្ដូរសីតុណ្ហភាពលឿនពេក គឺមិនល្អសម្រាប់ទូរសព្ទនោះទេ។ ដូច្នេះ សូមកុំយកទូរសព្ទដែលកំពុងឡើងកម្ដៅទៅដាក់ក្នុងទូរទឹកកកឱ្យសោះ ពីព្រោះនឹងធ្វើឱ្យទូរសព្ទរបស់ខូចភ្លាមៗ។ ម្យ៉ាងវិញទៀត សំណើមនៅក្នុងទូរទឹកកកនឹងជ្រាបចូលទៅក្នុងទូរសព្ទរបស់អ្នកផងដែរ។
វិធីតែមួយគត់ និងល្អបំផុតនៅពេលទូរសព្ទរបស់អ្នកឡើងកម្ដៅខ្លាំង គឺបិទវាមួយរយៈពេលសិនរហូតដល់សីតុណ្ហភាពវាវិលទៅធម្មតាវិញ៕