ក្រុមហ៊ុនដ៏ធំមួយរបស់សហរដ្ឋអាមេរិក ឈ្មោះ Universal Alloy Corporation Asia Pte. LTD នឹងបោះទុនវិនិយោគចំនួន ១៧០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រផលិតគ្រឿងបន្លាស់យន្តហោះ នៅទីក្រុងដាណាង (Danang) ប្រទេសវៀតណាម។
សារព័ត៌មានវៀតណាមណេត (Vietnam Net) ចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញឲ្យដឹងថា គណៈកម្មាធិការប្រជាជនទីក្រុងដាណាង បានប្រកាសកាលពីថ្ងៃពុធ ទី២៧ កុម្ភៈ ថា គណៈកម្មាធិការនេះនឹងចេញអាជ្ញាប័ណ្ណវិនិយោគមួយទៅឲ្យក្រុមហ៊ុនរបស់អាមេរិក ដើម្បីអនុវត្តគម្រោងសាងសង់រោងចក្រផលិតគ្រឿងបន្លាស់យន្តហោះដែលមានឈ្មោះថា Sunshine Aircraft Spare Parts Project ក្នុងសួនឧស្សាហកម្ម Danang High-Tech នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នេះ។
តាមគម្រោង រោងចក្ររបស់អាមេរិក Universal Alloy នៅទីក្រុងដាណាង នេះ នឹងផលិតគ្រឿងបន្លាស់យន្តហោះប្រមាណ ៤០០០គ្រឿងបន្លាស់ដើម្បីនាំចេញក្នុងចំណោមគ្រឿងបន្លាស់យន្តហោះ ៥លានគ្រឿង។ ក្រុមហ៊ុនកំណត់គោលដៅនាំចេញប្រចាំឆ្នាំចំនួន ២៥លានដុល្លារត្រឹមឆ្នាំ២០២១ បន្ទាប់មកនឹងឡើងដល់ ៨៥លានដុល្លារត្រឹមឆ្នាំ២០២២ និងលើសពី ១៨០លានដុល្លារចាប់ពីឆ្នាំ២០២៦។
វិស្វករដែលមានបទពិសោធន៍ជាង ១២០០នាក់ នឹងត្រូវជ្រើសរើសឲ្យធ្វើការនៅក្នុងរោងចក្រនេះ ហើយនឹងផ្ដល់ការងារជាង ២០០០កន្លែងផ្សេងទៀត។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕