រដ្ឋមន្ត្រី​វៀតណាម​ចង់​បង្កើត​បណ្ដាញ​សង្គម​និង​ប្រព័ន្ធ​ស្វែងរក​ផ្ទាល់​ខ្លួន

លោក​និយាយ​ថា បណ្ដាញ​សង្គម គឺ​ជា​សង្គម ដូច្នេះ​ហើយ​គួរ​គោរព​តម្លៃ​សីលធម៌​ជា​មូលដ្ឋាន និង​គោរព​តាម​ច្បាប់។

1893
សកម្មភាព​បើក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ។
សកម្មភាព​បើក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​វៀតណាម ស្នើ​បង្កើត​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ស្វែងរក (search engines) ជំនួស​ឱ្យ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ហ្គូហ្គល (Google)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នៅ​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​ឧស្សាហកម្ម​បច្ចេកវិទ្យា​ព័ត៌មាន ក្នុង​ទីក្រុង​ហូជីមិញ នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៩ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​គមនាគមន៍​ប្រទេស​វៀតណាម លោក Nguyen Manh Hung លើក​ឡើង​ថា៖ «ពេលវេលា​មក​ដល់​ហើយ​សម្រាប់​យើង​ដើម្បី​បង្កើត​បណ្ដាញ​សង្គម​ថ្មី​មួយ និង​ប្រព័ន្ធ​ស្វែងរក​ថ្មី​មួយ​ដែល​ផ្ដោត​ច្រើន​ទៅ​លើ​អ្នក​ប្រើ និង​ធ្វើ​ឱ្យ​វា​មាន​គុណ​តម្លៃ​ជាង។»

លោក​បន្ថែម​ថា ពិភពលោក​ត្រូវការ​វិធីសាស្ត្រ​ថ្មី​មួយ​ដើម្បី​ទំនាក់ទំនង​សង្គម ដែល​អ្នក​ប្រើ​ទទួល​បាន​ផល​ប្រយោជន៍​ពី​បណ្ដាញ​សង្គម​នេះ។ លោក​ថា ពួក​គេ​ត្រូវ​តែ​ចូលរួម​នៅ​ក្នុង​ការ​បង្កើត​ច្បាប់​សម្រាប់​វេទិកា​នេះ ហើយ​ការពារ​វា។

លោក​និយាយ​ថា បណ្ដាញ​សង្គម គឺ​ជា​សង្គម ដូច្នេះ​ហើយ​គួរ​គោរព​តម្លៃ​សីលធម៌​ជា​មូលដ្ឋាន និង​គោរព​តាម​ច្បាប់។

រដ្ឋមន្ត្រី​រូប​នេះ​ថ្លែង​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​មិន​បង្កើត​បណ្ដាញ​សង្គម​ថ្មី​មួយ​ជំនួស​ឱ្យ​ហ្វេសប៊ុក ពីព្រោះ​ទស្សនវិជ្ជា​របស់​ហ្វេសប៊ុក​លែង​ស័ក្ដិសម​សម្រាប់​ពិភពលោក​ទៀត​ហើយ? យើង​ត្រូវការ​បណ្ដាញ​សង្គម​មួយ​ដែល​តម្លៃ​បង្កើត​ឡើង​ដោយ​សហគមន៍​ត្រូវ​បាន​ចែក​រំលែក មិន​មែន​សម្រាប់​មនុស្ស​ម្នាក់​នោះ​ទេ។»

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​គមនាគមន៍​ប្រទេស​វៀតណាម លោក Nguyen Manh Hung ថ្លែង​ក្នុង​កិច្ចប្រជុំ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៩។ (Credit: VnExpress)
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​គមនាគមន៍​ប្រទេស​វៀតណាម លោក Nguyen Manh Hung ថ្លែង​ក្នុង​កិច្ចប្រជុំ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៩។ (Credit: VnExpress)

ក្រៅ​ពី​ចង់​បង្កើត​បណ្ដាញ​សង្គម​ដើម្បី​ជំនួស​ហ្វេសប៊ុក រដ្ឋមន្ត្រី​វៀតណាម​រូប​នេះ​ក៏​បាន​ស្នើ​ឱ្យ​បង្កើត​ប្រព័ន្ធ​ស្វែងរក​មួយ​ដែល​ចម្លើយ​អាច​ទុក​ចិត្ត​បាន​ដើម្បី​ជួយ​ដល់​អ្នក​ស្វែងរក​ដែល​មិន​មាន​ជំនាញ តាម​រយៈ​ចម្លើយ​ដ៏​ច្រើន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​ស្វែងរក។

លោក​និយាយ​បន្ត​ថា វប្បធម៌​សម្រប​ខ្លួន រៀន បង្កើត និង​អនុវត្ត​អ្វី​ថ្មី​មួយ​បាន​យ៉ាង​ឆាប់​រហ័ស​របស់​វៀតណាម គឺ​ជា​គុណសម្បត្តិ​មួយ​នៅ​ក្នុង​ដំណើរការ​បដិវត្តន៍​ឌីជីថល។

រដ្ឋាភិបាល​វៀតណាម រំពឹង​ថា នៅ​ឆ្នាំ​២០២៥ អាជីវកម្ម ៥០% នៃ​អាជីវកម្ម​ទាំងអស់​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ឌីជីថល ហើយ​សេដ្ឋកិច្ច​ឌីជីថល​នឹង​មាន ២០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)។ ចំណែក ៨០% នៃ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សាធារណៈ និង​ជាមួយ​អាជីវកម្ម ធ្វើ​ឡើង​ដោយ​ឌីជីថល​នៅ​ក្នុង​ឆ្នាំ​នោះ​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។