ការងារ​សំខាន់ៗ​ត្រូវ​ធ្វើ ទាក់ទង​នឹង​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា

វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា កំពុង​តែ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​ផង​ដែរ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​កម្ពុជា ដែល​កំពុង​រះ ដូចជា​ក្រុមហ៊ុន Morakot Technology, Khmerload, Pathmazing និង​ក្រុមហ៊ុន​ដទៃ​ទៀត​ជាច្រើន កំពុង​តែ​ស្វែង​យល់​ពី​ទីផ្សារ​អាស៊ាន ដើម្បី​រៀបចំ​ខ្លួន​ចូល​ប្រឡូក​នៅ​ក្នុង​តំបន់។

1760
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt)។
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt)។

បទអត្ថាធិប្បាយ​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ស្ដីពី​បច្ចេកវិទ្យា​នាំ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​នៅ​អាស៊ី​អាគ្នេយ៍​មក​កាន់​កម្ពុជា ឬ “បញ្ជី​នៃ​អ្វី​ដែល​ត្រូវ​ធ្វើ​សម្រាប់​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា”។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

តើ​លោក​អ្នក​ដឹង​ទេ​ថា បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន តំបន់​អាស៊ី​អាគ្នេយ៍​គឺ នៅ​ពេល​នេះ គឺ​ជា​ទីផ្សារ​បច្ចេកវិទ្យា​ដ៏​ក្ដៅ​ជាង​គេ​ក្នុង​ពិភពលោក? “សេះ” ចំនួន ៨ ដែល​ជា​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ដែល​មាន​ទឹកប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ បាន​លេច​មុខ​ឡើង​នៅ​ក្នុង​តំបន់​ដោយ​រួម​មាន​ក្រុមហ៊ុន Sea (ក្រុមហ៊ុន​ផ្នែក​ល្បែង​របស់​ប្រទេស​សិង្ហបុរី) ក្រុមហ៊ុន Grab Taxi (ក្រុមហ៊ុន​ផ្នែក​ដឹក​ជញ្ជូន​របស់​ប្រទេស​ម៉ាឡេស៊ី) ក្រុមហ៊ុន Tokopedia (ក្រុមហ៊ុន​ផ្នែក​ទីផ្សារ​របស់​ប្រទេស​ឥណ្ឌូនេស៊ី) និង​ក្រុមហ៊ុន VNG (ក្រុមហ៊ុន​ផ្នែក​ល្បែង​របស់​ប្រទេស​វៀតណាម)។ តំបន់​នេះ​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ដៃ​ចំនួន​ជាង ៣០០​លាន​នាក់ ដែល​ភាគច្រើន​ស្ថិត​ក្នុង​អាយុ​ក្រោម ៣៥​ឆ្នាំ)

ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ និង​ក្រុមហ៊ុន​ទុន​វិនិយោគ​ផ្សងព្រេង (Venture capital firm) របស់​អាមេរិក មាន​ការិយាល័យ​នៅ​ប្រទេស​សិង្ហបុរី និង​ទីក្រុង​ដទៃ​ទៀត​នៅ​ក្នុង​តំបន់។ ក្រុមហ៊ុន​ទាំងនេះ​កំពុង​តែ​កសាង​ទំនាក់ទំនង​ចេញ​ផលិតផល​ថ្មីៗ ហើយ​ផ្ដល់​ថវិកា​ដល់​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​រាប់​សិប​ទៀត​នៅ​ក្នុង​តំបន់។

វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា កំពុង​តែ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​ផង​ដែរ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​កម្ពុជា ដែល​កំពុង​រះ ដូចជា​ក្រុមហ៊ុន Morakot Technology, Khmerload, Pathmazing និង​ក្រុមហ៊ុន​ដទៃ​ទៀត​ជាច្រើន កំពុង​តែ​ស្វែង​យល់​ពី​ទីផ្សារ​អាស៊ាន ដើម្បី​រៀបចំ​ខ្លួន​ចូល​ប្រឡូក​នៅ​ក្នុង​តំបន់។

ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​កម្ពុជា កំពុង​តែ​ធ្វើ​ការ​បាន​យ៉ាង​ច្រើន​គួរ​អោយ​ភ្ញាក់ផ្អើល​អោយ​គេហទំព័រ​ធំៗ​ផ្នែក​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​របស់​អាមេរិក លីក​កីឡា និង​បណ្ណាល័យ។ តែ​គេ​អាច​នាំ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​មក​ដល់​ប្រទេស​កម្ពុជា បាន​ច្រើន​ថែម​ទៀត។ ទាំង​ក្រុមហ៊ុន IT ធំៗ ទាំង​ក្រុមហ៊ុន​ថ្មីៗ​ផ្នែក​បច្ចេកវិទ្យា​ទទួល​ប្រយោជន៍​ពី​ការ​វិនិយោគ​ដោយ​ផ្ទាល់​ថែម​ទៀត​របស់​បរទេស លុយ​សម្រាប់​ការ​វិនិយោគ​ថ្មីៗ​របស់​បរទេស និង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​នៅ​ក្នុង​តំបន់។ ការ​ទាក់ទាញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​អោយ​ចូល​មក​កម្ពុជា នឹង​ជួយ​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​របស់​កម្ពុជា នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​វិស្វកម្ម និង​ផ្នែក​បង្កើត​កម្មវិធី​ស្មុគស្មាញ ដែល​ក្រុមហ៊ុន​ទាំងនោះ​ប្រឈម​មុខ​ការ​នាំ​យក​ផលិតផល​ចូល​ទៅ​ក្នុង​ទីផ្សារ។

ដើម្បី​អោយ​មាន​ដូច្នេះ​ទៅ​បាន រដ្ឋាភិបាល វិស័យ​ឯកជន​និង​ដៃគូ​អន្តរជាតិ​របស់​កម្ពុជា ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា។ ផ្អែក​ទៅ​តាម​បទពិសោធន៍​រយៈពេល ៣០​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ខ្ញុំ​មើល​ឃើញ​ការងារ​សំខាន់​បួន​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​ខាង​មុខ។

ការងារ​ត្រូវ​ធ្វើ​ទី​១ គឺ​លើក​កម្ពស់​ផ្នែក​ទីផ្សារ (Job #1: Improve Marketing)

ទិដ្ឋភាព​ផ្នែក​បច្ចេកវិទ្យា​របស់​កម្ពុជា ឈរ​លើ​ចំណុច​ខ្លាំង​សំខាន់ៗ​មួយ​ចំនួន។ កម្មវិធី​ព័ត៌មានវិទ្យា (IT) នៅ​តាម​សាកលវិទ្យាល័យ​របស់​កម្ពុជា កំពុង​មាន​គុណភាព​កើន​ឡើង ហើយ​មាន​សិស្ស​ល្អៗ​រៀន​ចប់​រាល់​ឆ្នាំ។ មាន​កន្លែង​ធ្វើ​ការ​រួម​គ្នា​រាប់​សិប​កន្លែង​ផ្ដល់​បច្ចេកទេស និង​សេវា​សម្រាប់​ក្រុមហ៊ុន​ចាប់​ផ្ដើម​ដំបូងៗ និង​កន្លែង​ពិសោធន៍​តាម​បែប​ថ្មី កំពុង​តែ​ផ្ដល់​ការ​គាំទ្រ​ចាំបាច់​សម្រាប់​គ្រា​ដំបូងៗ​ដល់​សហគ្រិន​ផ្នែក​បច្ចេកវិទ្យា។ ហេដ្ឋារចនាសម្ព័ន្ធ IT ល្អ បរិយាកាស​ធុរកិច្ច​កក់ក្ដៅ អ៊ីនធឺណិត​ថោក ប្រាក់​បៀវត្ស​សមរម្យ ប្រជាជន​ច្រើន​ស្ថិត​ក្នុង​អាយុ​ក្មេង និង​មាន​ចិត្ត​ចង់​ធ្វើ​ការ​ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មីៗ ថែម​ទាំង​ជួយ​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មីៗ​របស់​កម្ពុជា ផង​ដែរ។

តែ​ការពិត គឺ​ថា​មាន​ជន​បរទេស​មិន​ច្រើន​ទេ​ដែល​ដឹង​ពី​ឱកាស​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា។ កម្រិត​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​របស់​បរទេស​នៅ​ក្នុង​វិស័យ​នេះ​គឺ​ទាប​នៅ​ឡើយ ដែល​ជា​ការ​ធ្វើ​អោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ខ្វះ​ឯកទេស​ជំនាញ និង​ធនធាន​ដែល​គេ​ត្រូវការ​សម្រាប់​ឈាន​ទៅ​កម្រិត​មួយ​ទៀត ហើយ​ពង្រីក​ខ្លួន​ជា​អន្តរជាតិ។ កាល​ពី​ខែ​មុន ខ្ញុំ​បាន​ណែនាំ​ក្រុមហ៊ុន​វិនិយោគ​អាមេរិក​ចំនួន ២៥ នៅ​ប្រទេស​សិង្ហបុរី អោយ​មក​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា តែ​គ្មាន​ក្រុមហ៊ុន​មួយ​ណា​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ​ដឹង​ច្រើន​ពី​ផ្នែក​បច្ចេកវិទ្យា​នៅ​កម្ពុជា ទេ។

ស្ថានទូត​អាមេរិក កំពុង​តែ​ខិតខំ​ធ្វើ​ការ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​កម្ពុជា និង​នៅ​សហរដ្ឋ​អាមេរិក ដែល​ពោរពេញ​ទៅ​ដោយ​អ្នក​មាន​ទេពកោសល្យ​ផ្នែក​បច្ចេកវិទ្យា និង​ទុន​សម្រាប់​វិនិយោគ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។ អ្នក​ឯកទេស និង​សហគ្រិន​ល្បីៗ​របស់​កម្ពុជា ផ្នែក​បច្ចេកវិទ្យា​ចំនួន ៨​នាក់​បាន​ទៅ​ទស្សនា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក នៅ​ពេល​នេះ ដើម្បី​ជួប​ជាមួយ​សហគ្រិន​អាមេរិក និង​ស្វែង​យល់​ពី​ការ​ដែល​ទីក្រុង និង​រដ្ឋ​នានា​របស់​សហរដ្ឋ​អាមេរិក ជួយ​ដល់​ឧស្សាហកម្ម​បច្ចេកវិទ្យា​របស់​គេ។

នៅ​ចុង​ឆ្នាំ​នេះ ស្ថានទូត​អាមេរិក នឹង​ឧបត្ថម្ភ​របាយការណ៍​ដំបូង​ស្ដីពី “បច្ចេកវិទ្យា​នៅ​កម្ពុជា” (Tech in Cambodia) ដើម្បី​រក​ទីផ្សារ​សម្រាប់​វិស័យ​នេះ​ក្នុង​ចំណោម​អនាគត​វិនិយោគិន។ របាយការណ៍​នេះ​នឹង​ប្រមូល​ព័ត៌មាន​សំខាន់ៗ​ស្ដីពី​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា ដូចជា​ការងារ​បទប្បញ្ញត្តិ​នានា និន្នាការ​នៃ​ឧស្សាហកម្ម និង ឱកាស​វិនិយោគ។ នៅ​ពេល​បាន​របាយការណ៍​ហើយ ខ្ញុំ​គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​មួយ​នៃ​អ្នក​ដឹកនាំ​បច្ចេកវិទ្យា​កម្ពុជា ទៅ​ប្រទេស​សិង្ហបុរី ដើម្បី​ជួប​ជាមួយ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក វិនិយោគិន និង​បណ្ដាញ​ក្រុមហ៊ុន​អាមេរិក​នៅ​ទីនោះ។ គេ​មាន​វិធី​ច្រើន​ក្នុង​ការ​រក​ទីផ្សារ​សម្រាប់​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា។ យើង​គួរ​ធ្វើ​ការ​សហការ​គ្នា​ក្នុង​ការ​រៀបចំ​សន្និសីទ​មួយ​ស្ដីពី​បច្ចេកវិទ្យា​របស់​កម្ពុជា នៅ​ឆ្នាំ​២០១៨។

ការងារ​ត្រូវ​ធ្វើ​ទី២៖ សម្រេច​ចិត្ត​លើ​ចំណែក​ទីផ្សារ​ពិសេស​ផ្នែក​បច្ចេកវិទ្យា​នៅ​កម្ពុជា (Job #2: Decide on Cambodia’s Tech Niche)

នៅ​ពេល​មក​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​នេះ អ្នក​បោះ​ទុន​វិនិយោគ​ផ្សងព្រេង (Venture capitalist) អាមេរិក ដ៏​ល្បី​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា សម្រាប់​ប្រទេស​តូច​ដូចជា​ប្រទេស​កម្ពុជា វា​ជា​ការ​មាន​សារសំខាន់​ដែល​ត្រូវ​កំណត់​អោយ​បាន​នូវ​ចំណែក​ទីផ្សារ​ពិសេស​ដែល​មាន​ភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​សាកលលោក ហើយ​ទាញ​យក​ប្រយោជន៍​ពី​ចំណែក​ទីផ្សារ​នេះ​អោយ​បាន​ខ្លាំងក្លា។ នៅ​ក្នុង​ឧស្សាហកម្ម​មួយ​ដែល​មាន​ដំណើរ​ទៅ​មុខ​លឿន និង​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង ដូចជា​ឧស្សាហកម្ម​បច្ចេកវិទ្យា នេះ​ជា​វិធី​ល្អ​បំផុត​ដើម្បី​ធ្វើ​ខ្លួន​អោយ​មាន​ភាព​លេចធ្លោ ហើយ​ទាក់ទាញ​អ្នក​មាន​ទេពកោសល្យ និង​ទុន។

ឧទាហរណ៍ ប្រទេស​អេស្តូនី ដែល​ជា​ប្រទេស​តូច​មួយ​មាន​ប្រជាជន​ចំនួន ១,៥​លាន​នាក់​នៅ​ទ្វីប​អឺរ៉ុប បាន​ធ្វើ​ការ​ដោយ​ជោគជ័យ​ជាមួយ​វិស័យ​ឯកជន​របស់​ខ្លួន ដើម្បី​ក្លាយ​ជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​ពិភពលោក ក្នុង​ការ​ផ្ដល់​សេវា​គ្រប់គ្រង​តាម​អ៊ីនធឺណិត (E-governance service)។ ប្រទេស​សិង្ហបុរី គឺ​ជា​មជ្ឈមណ្ឌល​នៃ​ទុន​វិនិយោគ​ផ្សងព្រេង និង​ប្រាជ្ញា​សិប្បនិមិត្ត (Artificial intelligence)។ ប្រទេស​ឥណ្ឌូនេស៊ី ដើរ​តួនាទី​សំខាន់​ក្នុង​ផ្នែក​ទីផ្សារ​តាម​អ៊ីនធឺណិត (E-marketplace) និង​វិស័យ​ឯកជន។

វា​គ្មាន​ហេតុផល​ដែល​ប្រទេស​កម្ពុជា មិន​អាច​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ចំណែក​ទីផ្សារ​ពិសេស​របស់​ខ្លួន​នោះ​ទេ។ តែ​ការ​កំណត់​បាន​នូវ​ចំណែក​ទីផ្សារ​ពិសេស​នេះ ហើយ​និង​ការ​ដៅ​អោយ​ចំ​កន្លែង​នូវ​ការ​ជួយ​គាំទ្រ​ពិសេស​សម្រាប់​រឿង​នេះ ទាមទារ​អោយ​មាន​ការ​ធ្វើ​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​វិស័យ​ឯកជន និង​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា។ ការ​សម្ពោធ​បើក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Uber នៅ​ភ្នំពេញ កាល​ពី​ខែ​មុន បង្ហាញ​អោយ​ឃើញ​ពី​ផល​នៃ​ការ​ធ្វើ​សហប្រតិបត្តិការ​គ្នា​ប្រកប​ដោយ​ប្រសិទ្ធភាព​រវាង​រដ្ឋាភិបាល និង​ឧស្សាហកម្ម។ Uber គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​បង្កើត​ដែល​មាន​ទុន​ច្រើន​បំផុត​ក្នុង​ពិភពលោក តែ​មាន​បញ្ហា​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ទីផ្សារ​ជាច្រើន។ ដោយសារ​មាន​កិច្ច​សហប្រតិបត្តិការ​ដ៏​ខ្លាំង​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ពេល​នេះ ប្រទេស​កម្ពុជា មាន​ក្របខ័ណ្ឌ​បញ្ញត្តិ​ច្បាប់​ដែល​សម្លឹង​ទៅ​មុខ​សម្រាប់​ការ​ប្រើ​យាន​ជំនិះ​រួម​គ្នា​នៅ​អាស៊ី។ ក្របខ័ណ្ឌ​នេះ​នឹង​នាំ​ទៅ​រក​កំណើន​ខ្លាំងក្លា​នៃ​ទីផ្សារ​ប្រើ​យាន​ជំនិះ​រួម​គ្នា​របស់​ប្រទេស​កម្ពុជា ក្នុង​ពេល​ដែល​គូ​ប្រជែង​របស់​ក្រុមហ៊ុន Uber ក៏​សម្លឹង​មក​រក​ទីផ្សារ​នេះ​ដែរ។ ប្រហែល​ការ​ប្រើ​យាន​ជំនិះ​រួម​គ្នា និង​កម្មវិធី​ផ្នែក​ទន់​ដទៃ​ទៀត​សម្រាប់​ការ​ធ្វើ​ដំណើរ​អាច​ជា​ចំណែក​ទីផ្សារ​ពិសេស​របស់​ប្រទេស​កម្ពុជា។

ការងារ​ត្រូវ​ធ្វើ​ទី​៣៖ ប្រកាស​គំនិត​ផ្ដួចផ្ដើម​មួយ​ស្ដីពី​បច្ចេកវិទ្យា​គោលដៅ (Job #3: Announce a Targeted Tech Initiative)

បច្ចេកវិទ្យា​ខុស​ពី​កម្មន្តសាលកម្ម (Manufacturing) សំណង់ និង​វិស័យ​ដទៃ​ទៀត​នៃ​សេដ្ឋកិច្ច​កន្លង​មក។ តម្រូវការ​ទុន​សម្រាប់​ក្រុមហ៊ុន​ទើប​ចាប់​ផ្ដើម​ដំបូង គឺ​ទាប ពិសេស​នៅ​ពេល​ចាប់​ផ្ដើម​ដំបូង។ សហគ្រិន​បច្ចេកវិទ្យា​ច្រើន​ជា​មនុស្ស​នៅ​ក្មេង មាន​គំនិត​ច្នៃប្រឌិត ចេះ​ធ្វើ​ការ​សហការ​គ្នា និង​មាន​ការ​គិតគូរ​បែប​អន្តរជាតិ។ មេរៀន​នៃ Silicon Valley និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដទៃ​ទៀត គឺ​ថា​វិធី​ល្អ​បំផុត​សម្រាប់​ធ្វើ​អោយ​វិស័យ​បច្ចេកវិទ្យា​មាន​ការ​ដុះដាល​ទៅ​មុខ គឺ​ត្រូវ​ផ្ដល់​សញ្ញា​មួយ​ច្បាស់​ថា ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី និង​សហគ្រិន​បច្ចេកវិទ្យា​ត្រូវ​បាន​ស្វាគមន៍ ផ្ដោត​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ទៅ​លើ​ការ​ពង្រឹង​ផ្នែក​ប្រយោល​ដែល​សំខាន់​ចាំបាច់​សម្រាប់​វិស័យ​នេះ និង​ត្រូវ​អោយ​ដំណើរការ​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត ដើរ​ទៅ​ដោយ​ខ្លួន​វា។

បន្ទាប់​ពី​ប្រទេស​សិង្ហបុរី ប្រទេស​កម្ពុជា មាន​បរិយាកាស​ធុរកិច្ច​ដែល​មាន​ភាព​អនុគ្រោះ​បំផុត​នៅ​ក្នុង​តំបន់។ ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ថ្មី មិន​ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​ពី​រដ្ឋាភិបាល​ទេ​នៅ​ពេល​នេះ។ តែ​រដ្ឋាភិបាល​អាច​ផ្ញើ​សារ​ស្វាគមន៍​មួយ​ទៅ​កាន់​វិនិយោគិន​អន្តរជាតិ បើ​ខ្លួន​ពិគ្រោះ​ជាមួយ​ផ្នែក​ឧស្សាហកម្ម​បច្ចេកវិទ្យា ហើយ​ប្រកាស​កម្មវិធី​កំណត់​មួយ​ដើម្បី​ជួយ​ក្រុមហ៊ុន​បង្កើត​ថ្មី និង​វិស័យ​បច្ចេកវិទ្យា។ កម្មវិធី​នេះ​អាច​ត្រូវ​បាន​រៀបចំ​ឡើង​ដូច​កម្មវិធី Thailand 4.0” របស់​ប្រទេស​ថៃ ឬ​គំនិត​ផ្ដួចផ្ដើម Vietnam Silicon Valley” របស់​ប្រទេស​វៀតណាម។

គំនិត​ផ្ដួចផ្ដើម​បែប​នេះ​អាច៖

) បង្កើត​ក្រុម​ពិគ្រោះ​យោបល់​រវាង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ សម្រាប់​ផ្ដល់​អនុសាសន៍​ដល់​គោល​នយោបាយ​ដើម្បី​បង្កើន​ល្បឿន​នៃ​កំណើន​លូតលាស់​នៃ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា។

) ប្រកាស​ការ​សម្រួល​ពន្ធ ទិដ្ឋាការ​សម្រាប់​អ្នក​ជំនួញ លក្ខខណ្ឌ​ទាមទារ​ក្នុង​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​សម្រាប់​ក្រុមហ៊ុន​តូចៗ​ទើប​បង្កើត​ថ្មី (ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម លេខ ២២៩ និង​លេខ ៣០០ គឺ​ជា​ការ​ចាប់​ផ្ដើម​ល្អ​ក្នុង​ទិសដៅ​នេះ) និង

) បញ្ជូន​សារ​ដំបូងៗ​ទៅ​កាន់​អ្នក​មាន​គំនិត​បញ្ចូល​របៀប​ថ្មី (Innovator) និង​អនាគត​វិនិយោគិន ស្ដីពី​ចំណែក​ទីផ្សារ​ពិសេស​នៅ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​ពិភពលោក។

ចំណុច​ចុងក្រោយ​នេះ​អាច​ជា​ប្រធានបទ​នៃ​ការ​វិភាគ​ដ៏​វែង​មួយ។

ខ្ញុំ​សូម​ណែនាំ​អោយ​ចងចាំ​ប្រៀប​ប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា។ តាម​រយៈ​ការ​ចាប់​ប្រើ​បច្ចេកវិទ្យា​ថ្មីៗ​បាន​លឿន​ជាង​ប្រទេស​ជិត​ខាង​ខ្លួន ដែល​កម្ពុជា ច្រើន​ធ្វើ​មក និង​តាម​រយៈ​ការ​បង្កើត​អោយ​មាន​បរិយាកាស​នៃ​បទប្បញ្ញត្តិ​ដែល​មាន​ភាព​អនុគ្រោះ​ក្នុង​រយៈពេល​យ៉ាង​ឆាប់ ប្រទេស​កម្ពុជា អាច​ក្លាយ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ថ្មី។ ទំហំ​តូច​នៃ​ប្រទេស​កម្ពុជា អាច​ក្លាយ​ជា​ចំណុច​មាន​ប្រៀប​មួយ​ក្នុង​ការ​ប្រកួត​ប្រជែង ពីព្រោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា ដើម្បី​បង្កើត ធ្វើ​តេស្ត​មើល និង​លក់​ផលិតផល​ដែល​គេ​អាច​យក​ទៅ​លក់​ក្នុង​ចំនួន​ច្រើន​នៅ​ក្នុង​ទីផ្សារ​ធំៗ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ធំៗ​នានា។

ការងារ​ដែល​ត្រូវ​ធ្វើ​ទី​៤៖ កុំ​ភ្លេច​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន (Job # 4: Don’t forget about corporate social responsibility)

សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ វិស័យ​បច្ចេកវិទ្យា និង​ទីផ្សារ​សម្រាប់​បច្ចេកវិទ្យា​ថ្មី​របស់​កម្ពុជា ប្រហែល​ជា​នៅ​តូច​ពេក​សម្រាប់​ទាក់ទាញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ។ ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា ៥ ដែល​ល្អ​ជាង​គេ​នៅ​ក្នុង​ទីផ្សារ​សព្វថ្ងៃ (Facebook, Amazon, Netflix និង Google ដែល​មាន​ឈ្មោះ​មួយ​ទៀត​ថា FAANG) មាន​តែ​ក្រុមហ៊ុន Netflix មួយ​ទេ​ដែល​កំពុង​មាន​សកម្មភាព​នៅ​កម្ពុជា នៅ​ពេល​នេះ។ តែ​មាន​វិធី​ម្យ៉ាង​ទៀត​សម្រាប់​ធ្វើ​អោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​មាន​ការ​ចាប់​អារម្មណ៍ គឺ​ត្រូវ​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា ថា​ជា​ទី​កន្លែង​ល្អ មាន​ការ​ស្វាគមន៍​សម្រាប់​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន (CSR) និង​សកម្មភាព​សហគ្រិន​សង្គម។

ក្រុមហ៊ុន​អាមេរិក មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​ខ្ពស់ ហើយ​មាន​ក្រុមហ៊ុន​ជាច្រើន​មាន​បទពិសោធន៍​ល្អ​ក្នុង​កម្មវិធី CSR នៅ​កម្ពុជា។ វិស័យ​ភាព​ជា​សហគ្រិន​សង្គម​របស់​ប្រទេស​កម្ពុជា មាន​ការ​លូតលាស់​ខ្លាំង​ហើយ។ ឧទាហរណ៍ កម្មវិធី​ដៃគូ​សិស្ស (Student Partners) របស់​ក្រុមហ៊ុន Microsoft ធ្វើ​ការ​ជាមួយ​និស្សិត​ឆ្នើមៗ​មក​ពី​សាកលវិទ្យាល័យ​ចំនួន ៥៤​នាក់ ដើម្បី​ជំរុញ​អាជីព​ផ្នែក IT នៅ​កម្ពុជា។ នៅ​ពេល​ទំនាក់ទំនង​ត្រូវ​បាន​កសាង​ហើយ វា​មិន​យូរ​ទេ​ដែល​គេ​ឆ្លង​ពី​កម្មវិធី CSR ល្អ​មួយ​ទៅ​ការ​វិនិយោគ​ក្នុង​មុខ​ជំនួញ​ដំបូង​នោះ។ ស្ថានទូត​អាមេរិក និង​គណៈកម្មាធិការ CSR របស់​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក គឺ​ជា​ដៃគូ​ដ៏​ល្អ​ក្នុង​ការ​ជួយ​ក្រុមហ៊ុន​អាមេរិក ក្នុង​ការ​បង្កើត​គម្រោង CSR

ការងារ​ត្រូវ​ធ្វើ​ទាំង ៤ នេះ មើល​ទៅ​ហាក់​ដូចជា​ច្រើន ប៉ុន្តែ​បើ​សិន​ជា​ឧស្សាហកម្ម​បច្ចេកវិទ្យា រដ្ឋាភិបាល និង​ដៃគូ​បរទេស​របស់​កម្ពុជា ធ្វើ​ការ​រួម​គ្នា នោះ​វា​គ្មាន​ហេតុផល​អ្វី​ដែល​វា​មិន​អាច​ធ្វើ​ទៅ​រួច​ទេ។ វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា កំពុង​តែ​មាន​កំណើន​យ៉ាង​លឿន ហើយ​បើ​គ្រប់​គ្នា​ធ្វើ​ការ​ជាមួយ​គ្នា នោះ​រយៈពេល ១០​ឆ្នាំ​ទៀត យើង​អាច​ក្រឡេក​មើល​មក​ឆ្នាំ​២០១៨ វិញ​ថា ជា​ពេល​ដែល​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា មាន​ការ​ស្ទុះ​ឡើង។

នៅ​ពេល​ណា​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​បង្កើត​ថ្មី នឹង​មាន​អនាគត Bill Gates Steve Jobs របស់​ប្រទេស​កម្ពុជា ធ្វើ​ការ​ដើម្បី​បង្កើត​កម្មវិធី Microsoft ឬ​កម្មវិធី Apple របស់​កម្ពុជា។ អ្នក​នោះ​គ្រាន់​តែ​ត្រូវការ​ការ​ជួយ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ដើម្បី​ឈាន​ទៅ​ដល់​កម្រិត​នេះ!

តំណ​ភ្ជាប់​ទៅ​កាន់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។